(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ បានណែនាំដល់ថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ គ្រប់អង្គភាពទាំងអស់ ត្រូវពិនិត្យវាយតម្លៃនារី តាមសមត្ថភាព វិន័យ សីលធម៌ និងវិជ្ជាជីវៈ ជាក់ស្ដែងតាមកងឯកភាពនីមួយៗ ដើម្បីផ្ដល់ឱកាសឲ្យនារីបានទទួល ឋានន្តរសក្ដិ និងតួនាទី សមស្របទៅតាម តម្រូវការភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងរបស់ប្រទេសជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងបែបនេះ ក្នុងពិធីអបអរសាទរខួបលើកទី១០៧ នៃទិវាអន្តជាតិនារី ៨មីនា ដែលប្រព្រឹត្តឡើងនៅសាកលវិទ្យាល័យ ការពារជាតិ។
ក្នុងពិធីនោះ ប្រមុខការពារជាតិកម្ពុជា បានផ្ដាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន យុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវបន្តចូលរួមអនុវត្តឲ្យបានជោគជ័យ តាមតួនាទីភារកិច្ចដូចខាងក្រោម៖
ទី១៖ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាព ត្រូវចូលរួមគាំទ្រតាមប្រធានបទ «ស្ត្រីរួមគ្នាថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ» ក្នុងនោះត្រូវបន្តយកចិត្តទុកដាក់ដល់នារី គ្រប់កងឯកភាព ត្រូវផ្ដល់ឱកាស និងបង្កលក្ខណៈឲ្យនារីបានបង្កើន សមត្ថភាព ចំណេះដឹង និងបំពេញតួនាទី ភារកិច្ច ឲ្យកាន់តែប្រសើរឡើង ដោយសមធម៌ដោយស្មើភាព និងគ្មានការរើសអើង។ ត្រូវមានការលើកទឹកចិត្ត និងទទួលស្គាល់នូវស្នាដៃដែលនារីធ្វើបាន ធ្វើឲ្យមានសមភាពក្នុងការបែងចែកផល ទៅតាមពលកម្មស្មើគ្នា រវាងបុរស និងស្ត្រី។ ទន្ទឹមនឹងនេះ នារីក្នុងកងយោធពលខេមរភូមិន្ទ ត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង ទាំងចំណេះដឹង និងជំនាញក្នុងការបំពេញភារកិច្ច ដោយស្មារតីទទួលខុសត្រូវខ្ពស់ ត្រូវគោរពឲ្យបានម៉ត់ចត់នូវវិន័យ និងបទបញ្ជារបស់កងទ័ព ដើម្បីចូលរួមក្នុងភារកិច្ចការពារជាតិ និងកិច្ចអភិវឌ្ឍន៍សង្គម ប្រកបដោយសមភាព រវាងបុរស និងស្រ្តី។
ទី២៖ ត្រូវត្រួតពិនិត្យ វាយតម្លៃទៅតាមសមត្ថភាពជំនាញ និងវិន័យសីលធម៌ វិជ្ជាជីវៈ ជាក់ស្ដែងតាមកងឯកភាពនីមួយៗ ដើម្បីផ្ដល់ឱកាសឲ្យនារីទទួលបានឋានន្តរសក្ដិ តួនាទី សមស្របទៅតាមតម្រូវការភារកិច្ច របស់កងយោធពលខេមរភូមិន្ទ និងរបស់ប្រទេសជាតិ។
ក្នុងឱកាសនោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា នៃក្រុមការងារយេនឌ័រ ក្រសួងការាពារជាតិទាំងអស់ ដែលបានធ្វើការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ បញ្ជា្របយេនឌ័រ ឆ្នាំ២០១៦-២០២០ របស់ក្រសួងការពារជាតិ ដល់គ្រប់កងឯកភាព ក្នុងកងយោធពលខេមរភូមិន្ទ ដែលសំដៅធ្វើឲ្យស្ថានភាពនារី ក្នុងកងយោធពលខេមរភូមិន្ទ មានភាពកាន់តែប្រសើរឡើង ដើម្បីកាត់បន្ថយវិសមភាពយេនឌ័រ ក្នុងវិស័យការពារជាតិ៕