(ភ្នំពេញ)៖ ជាសារនយោបាយថ្មីមួយទៀតហើយ ដែលត្រូវបានប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា បច្ចុប្បន្ននេះកម្ពុជា មានតែច្បាប់លើកលែងទោស សម្រាប់អ្នកជាប់ពន្ធនាគារតែប៉ុណ្ណោះ ហើយសម្រាប់អ្នកដែលត្រូវបានតុលាការកាត់សិទ្ធិនយោបាយ មិនទាន់មានច្បាប់ណាសម្រាប់លើកលែងទោសនោះទេ។
ការប្រកាសឲ្យដឹងបែបនេះរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើងបន្ទាប់ពី នៅថ្ងៃទី០៤ ខែមីនាម្សិលមិញ មានអតីតមេដឹកនាំបក្សប្រឆាំងមួយចំនួនដែលត្រូវកាត់សិទ្ធិនយោបាយ ពាក់ព័ន្ធអំពើក្បត់ជាតិ ចង់ផ្ដូលរំលំរដ្ឋាភិបាលស្របច្បាប់ បានផ្ញើសារមកសម្ដេចដោយសុំឲ្យសម្ដេចពិចារណាក្នុងការស្នើសុំទៅព្រះមហាក្សត្រ ដើម្បីលើកលែងការកាត់សិទ្ធិនយោបាយរបស់ពួកគេទាំង១១៨នាក់។
ប៉ុន្ដែការស្នើសុំមកសម្ដេចយ៉ាងដូច្នេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ផ្ញើសារត្រឡប់ទៅវិញថា តុលាការកាត់សិទ្ធិនយោបាយ ពុំទាន់មានច្បាប់ សម្រាប់លើកលែងឲ្យនោះទេ ខុសពីអ្នកជាប់ពន្ធនាគារ ដោយសាលក្រមស្ថាពររបស់តុលាការ ដែលនាយករដ្ឋមន្ដ្រីសុំសិទ្ធិលើកលែងទោសឲ្យបាន។
ដើម្បីបញ្ជាក់បន្ថែមនោះ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តឈូកវ៉ា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលទើបនឹងសាងសង់រួច សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ជូនថា អំពីបញ្ហាផ្លូវច្បាប់ទៅវិញ អ្នកដែលត្រូវបានតុលាការ កាត់សិទ្ធិធ្វើនយោបាយមកដល់ពេលនេះ មិនទាន់មានច្បាប់ណា សម្រាប់ការលើកលែងទោសឲ្យរួចផុតពីការកាត់សិទ្ធិធ្វើនយោបាយទេ ខុសគ្នាជាមួយពួកជាប់គុក ពួកជាប់គុកគឺមានសាលក្រមសា្ថពរពីតុលាការ»។
សម្ដេច ហ៊ុន សែន បានពន្យល់ថា នាយករដ្ឋមន្ដ្រីមានសិទ្ធិ នឹងសុំទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោសឲ្យពេលណាក៏បាន ព្រោះច្បាប់ស្ដីពីពន្ធនាគារ បានអនុញ្ញាតឲ្យនាយករដ្ឋមន្ដ្រី ប្រើប្រាស់សិទ្ធិនោះ ដូច្នេះប្រសិនបើអ្នកចង់ការលើកលែងទោសនោះត្រូវកាត់ទោសឲ្យជាប់គុកសារជាថ្មីទៀត បន្ថែមលើការកាត់សិទ្ធិនយោបាយ។
សូមបញ្ជាក់ថា អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ រួមទាំងថ្នាក់ដឹកនាំគណបក្សនេះចំនួនសរុប១១៨នាក់ ត្រូវបានតុលាការកំពូល កាត់ទោសមិនឲ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គ្រាដែលតុលាការកំពូលកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលជាប់ពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិឃុបឃិត ជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ក្រោយការសម្រេចរបស់តុលាការនេះ តំណាងរាស្រ្តទាំង៥៥រូប របស់អតីតគណបក្សប្រឆាំង ក៏ត្រូវបានរដ្ឋសភាប្រកាសអំពីការបាត់បង់សិទ្ធិ និងបុព្វសិទ្ធិជាសមាជិករដ្ឋសភាផងដែរ៕