(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ ប្រគល់រថយន្តសង្គ្រោះបន្ទាន់១គ្រឿង របស់កាកបាទក្រហមចិន ជូនដល់មណ្ឌលសុខភាពជីក្រែង ស្រុកជីក្រែង នៅទីស្នាក់ការសាខាកាកបាទក្រមកម្ពុជាខេត្តសៀមរាប។
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងប្រគល់រថយន្តសង្គ្រោះបន្ទាន់១គ្រឿងនេះដល់សាខា ហើយដើម្បីប្រើប្រាស់ឲ្យត្រូវជំនាញ និងការសង្គ្រោះបានទាន់ពេលវេលា សាខាសូមប្រគល់រថន្តសង្គ្រោះបន្ទាន់ដល់មណ្ឌលសុខភាពជីក្រែង តាមរយៈមន្ទីរសុខាភិបាលខេត្ត។
លោកប្រធានគណៈកម្មាធិការសាខា ក៏បានធ្វើការណែនាំដល់មន្ទីរសុខាភិបាលខេត្ត ក៏ដូចជាមណ្ឌលសុខភាព សូមជួយប្រជាពលរដ្ឋដែលមានជំងឺ និងត្រូវការជួយសង្គ្រោះបន្ទាន់ឲ្យអស់ពីលទ្ធភាព និងទាន់ពេលវេលា ដើម្បីជាទីរំពឹង និងជាទំនុកចិត្តរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។
លោកក៏បានសុំឲ្យការគ្រប់គ្រង ការប្រើប្រាស់ និងត្រូវថែរក្សាឲ្យបានល្អ ដើម្បីអាចជួយសម្រាលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋបានយូរអង្វែង៕