(កោះកុង)៖ នៅថ្ងៃចន្ទ ៤រោជ ខែផល្គុន ឆ្នាំរកា នព្វសក័ ពស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ លោក កៅ ខុនដារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តកោះកុង។
នៅក្នុងកិច្ចប្រជុំនេះ ប្រធានបទសំខាន់ៗដូចជា៖ បញ្ហាបូបខ្សាច់លុបព្រៃកោងកាង, បញ្ហានេសាទ, បញ្ហាដីធ្លី, ព្រៃឈើ, បញ្ហាសតិអារម្មណ៍ប្រជាជននៅស្រុកគីរីសាគរ និងបញ្ហាផ្សេងៗមួយចំនួនទៀត ដែលត្រូវលើកយកមកពិនិត្យ ពិភាក្សា ដោះស្រាយនៅក្នុងកិច្ចប្រជុំនេះផងដែរ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិអភិបាលខេត្ត អភិបាលរង ក្រុមប្រឹក្សាខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត អភិបាល ប្រធានក្រុមប្រឹក្សា ក្រុង-ស្រុក អធិការនគរបាលក្រុង-ស្រុក អាវុធហត្ថក្រុង-ស្រុក សង្កាត់ -ឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ សរុប២០០នាក់ នៅមហោស្រពកោះកុង។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងស្វាគមន៍ និងរបាយការណ៍ជូនគណៈអធិបតី និងអ្នកចូលរួមទាំងអស់ដោយបានបង្ហាញពីការខិតខំតស៊ូប្រឹងប្រែងរួមគ្នា រវាងរដ្ឋបាលខេត្តក្រុងស្រុកឃុំសង្កាត់ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ក្នុងការបំពេញការងារជូនប្រជាពលរដ្ឋទាំងសេវាសាធារណ និងសុខសន្តិភាពបានយ៉ាងល្អ។
ក្នុងឱកាសនោះ លោក កៅ ខុនដារ៉ា បានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះគណៈអភិបាលខេត្ត បញ្ជាការឯកភាពខេត្ត កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលកន្លងមកនេះ បានយកចិត្តទុកដាក់ដឹកនាំ និងចូលរួមថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងខេត្តបានយ៉ាងល្អប្រសើរ ពិសេសការរក្សាស្ថិរភាព និងសន្តិសុខក្នុងពេល នៃការអនុវត្តសាលដីកាតុលាការកំពូលរំលាយ គណបក្សសង្រ្គោះជាតិ និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានាពេលកន្លងមក។
ទន្ទឹមនឹងនោះលោក កៅ ខុនដារ៉ា បានថ្លែងបន្តដោយបានធ្វើការកត់សម្គាល់នូវបញ្ហាមួយចំនួន ដែលកើតមានក្នុងភូមិសាស្រ្តខេត្តដូចជា ៖ បញ្ហាបូបខ្សាច់លុបព្រៃកោងកាង បញ្ហានេសាទ បញ្ហាដីធ្លី ព្រៃឈើ បញ្ហាសតិអារម្មណ៍ប្រជាជននៅស្រុកគីរីសាគរ និងបញ្ហាផ្សេងៗមួយចំនួនទៀត ដែលត្រូវលើកយកមកពិនិត្យ ពិភាក្សា ដោះស្រាយ ។
ជាមួយគ្នានោះ លោកប្រធានក៏បានធ្វើការណែនាំនូវចំណុចមួយចំនួនមានជាអាទិ៍៖
ទី១៖ បញ្ហានយោបាយ
ទី២៖ ការរក្សាឱ្យបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីធានាដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ការបោះឆ្នោតសកលនៅខែកក្កដា ឆ្នាំ២០១៨ខាងមុខ ទី៣៖ បំផុសឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល
ទី៤៖ បន្តការធ្វើអត្តសញ្ញាណប័ណ្ណថ្មីសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋដែលគ្រប់អាយុឲ្យបានគ្រប់គ្នា
ទី៥៖ ក្រុមការងារគ្រប់ថ្នាក់ត្រូវបន្តធ្វើសកម្មភាពតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានសកម្មនិងមានប្រសិទ្ធភាព តាមដានវឌ្ឍនភាពដំណោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋតាមឃុំ សង្កាត់នីមួយៗ ទី៦៖ បន្តខិតខំប្រឹងប្រែងដោះស្រាយសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ
ទី៧៖ ត្រូវបន្តចូលរួម និងយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល
ទី៨៖ បន្តពង្រឹងនិងពង្រីកប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែសកម្មថែមទៀត
ទី៩៖ លុបបំបាត់កុងត្រូលជជុះ
ទី១០៖ ការងារដោះស្រាយបញ្ហាដីធ្លី ចេញបណ្ណ័កម្មសិទ្ធជូនប្រជាពលរដ្ឋ។
ជាទ្រនាប់ដៃលោក កៅ ខុនដារ៉ា បាននាំយកថវិកាឧបត្ថម្ភប្រគល់ជូន៖
ទី១៖ រដ្ឋបាលខេត្តរៀបចំពិធី២លានរៀល
ទី២៖ ស្នងការដ្ឋាននគរបាលខេត្ត៥០ម៉ឺនរៀល
ទី៣៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត៥០ម៉ឺនរៀល
ទី៤៖ ក្រុង ស្រុក ទាំងប្រាំពីរ ក្នុង១ក្រុង ស្រុកទទួលបាន ៥០រៀល
ទី៥៖ ឃុំ សង្កាត់ ចំនួន២៩ ក្នុង១ឃុំ សង្កាត់ ទទួលបាន ៤០ម៉ឺនរៀល៕