(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ថ្នាក់កណ្តាល និងថ្នាក់រាជធានី-ខេត្តទាំង២៤ ទូទាំងប្រទេស បានប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្តឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធយុវជនមុស្លិមកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ។
លោក ណុះ ស្លេះ សមាជិកក្រុមប្រឹក្សាភិបាល និងជាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានធ្វើការកោតសរសើរ ដល់យុវជនគ្រប់សាខា ខេត្តក្រុង ដែលបាននិងកំពុងតែចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពនានានៅតាមមូលដ្ឋាន ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់យុវជន បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងថវិកាដើម្បីបុព្វហេតុសង្គមរបស់ខ្លួន ប្រទេសជាតិរបស់ខ្លួន និងជាពិសេសជាការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល។
ជាមួយគ្នានោះ លោកឧកញ៉ា អូស្មាន ហាស្សាន់ ប្រធានក្រុមប្រឹក្សាភិបាល បានផ្តាំផ្ញើដល់កម្លាំងយុវជន ត្រូវបន្ត និងពង្រឹងសកម្មភាពការងារ នៅតាមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែផុលផុសថែមទៀត ហើយត្រូវសហការឲ្យបានល្អ ជាមួយអជ្ញាធរក្នុងតំបន់ ឬមូលដ្ឋាន និង សហការឲ្យបានល្អប្រសើរជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា សាខាខេត្តក្រុង ព្រោះសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (ស.យ.ម.ក) ក៏ជាផ្នែកមួយនៃកម្លាំងយុជនឥស្លាម ដែលនៅក្រោមឆ័ត្ររបស់ ស.ស.យ.ក ហើយសមាជិកសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ក៏ជាសមាជិករបស់ ស.ស.យ.កដូចគ្នា។
ដើម្បីពង្រឹងភារកិច្ច និងសកម្មភាពរបស់យុវជនឲ្យកាន់តែខ្លាំងក្លាឡើង កិច្ចប្រជុំក៏បានសម្រេច តែងតាំងផ្តល់ភារកិច្ចជូនយុវជនថ្នាក់កណ្តាល ជាក្រុមការងារយុវជនចុះជួយតាមសាខាខេត្ត ក្រុងទូទាំងប្រទេស ដែលបានបែងចែកជា៦តំបន់សំខាន់ៗ ដែលមានខេត្តទាំង២៤ ដែលធ្វើការសហការល្អ ជាមួយប្រធាន អនុប្រធាន សមាជិក នៃសាខាខេត្តក្រុងទាំងអស់ ដែលស្ថិតក្រោមតំបន់នីមួយៗដែលខ្លួនមានភារកិច្ចទទួលបន្ទុកចុះជួយពង្រឹង៕