(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨នេះ មន្ទីរកាល់ម៉ែត បានរៀបចំពិធីបញ្ចុះបឋមសីលាសាងសង់ អគារមជ្ឈមណ្ឌល (ពហុឯកទេស) តម្លៃជិត៤០លានដុល្លារអាមេរិក ដែលមានលក្ខណៈ ប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការបំពេញបន្ថែម នូវរចនាសម្ព័ន្ធពិនិត្យ ព្យាបាលជំងឺ កាន់តែមានប្រសិទ្ធភាពខ្ពស់ របស់មន្ទីរពេទ្យរដ្ឋមួយនេះ ជាពិសេសនោះគឺជាការឆ្លើយតបដ៏មានសារសំខាន់បំផុត ចំពោះតម្រូវការរបស់អ្នកជំងឺ ហើយសំខាន់ជាងនេះ គឺជាមោទនភាពរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលតែងតែគិតគូរយកចិត្ត ទុកដាក់ខ្ពស់ ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋជាអទិភាព។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងការចូលរួមពីលោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
លោកសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងទៀតថា អគារមជ្ឈមណ្ឌលពហុឯកទេស ដែលបានសាងសង់ថ្មីបន្ថែមទៀតនេះ ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់ជានិច្ច ចំពោះការអភិវឌ្ឍលើវិស័យសុខាភិបាល ដែលជាភារកិច្ចចំពោះមុខដើម្បីជាការឆ្លើយតប ទៅនឹងតម្រូវការនូវរាល់ការផ្ដល់សេវាសុខាភិបាលកម្រិតខ្ពស់ ជូនប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។
លោកសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបន្តថា «គម្រោងសាងសង់អាគារមជ្ឈមណ្ឌលពហុឯកទេសនេះត្រូវចំណាយថវិកាចំនួន៣៩.៤៥០.០០០ដុល្លារ ដែលត្រូវបានទទួលការជំរុញ យ៉ាងយកចិត្តទុកដាក់ដោយលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល និងទទួលបានការឯកភាពគាំទ្រយ៉ាងពេញទំហឹង ប្រកបដោយការលើកទឹកចិត្តដ៏ថ្លៃថ្លាបំផុតពីសម្ដេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍន៍ដោយការប្រើប្រាស់ ប្រកបដោយប្រសិទ្ធិភាពនូវថវិកាស្វយ័ត សន្សំរំលស់របស់មន្ទីរពេទ្យកាល់ម៉ែត»។
របាយការណ៍របស់លោកអគ្គនាយកមន្ទីរពេទ្យ បានបញ្ជាក់ទៀតថា អគារមជ្ឈមណ្ឌលពហុឯកទេសនេះមានទទឹង២២,៥០ម៉ែត្រ និងបណ្តោយ១៥៣,០៥ម៉ែត្រ លើផ្ទៃក្រឡាសាងសង់ សរុប៤២៩៥៦,១៨ម៉ែត្រការ៉េ មានចំនួន៣៦៨គ្រែ។ ជាសំណង់អំពីបេតុងអាម៉េមានកំពស់១២ជាន់ និងក្រោមដី២ជាន់ដំបូលទែរ៉ាស់មានជណ្តើរយន្តចំនួន៩គ្រឿង និងជណ្តើរយន្តអូសប្រភេទ Escalator ចំនួន២គ្រឿង និងជាន់លើបង្អស់មានកន្លែងចតសម្រាប់ចុះចតឧទ្ធម្ភាគចក្រសម្រាប់តម្រូវការ ដឹកអ្នកជម្ងឺចេញចូលផងដែរ។
លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ដើម្បីធ្វើយ៉ាងណាធានាបាននូវការថែទាំសុខភាព ជូនប្រជាពលរដ្ឋឱ្យកាន់តែរឹងមាំថែមទៀត រួមចំណែកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន យើងត្រូវខិតខំអភិវឌ្ឍវិស័យសុខាភិបាល លើគ្រប់ផ្នែកដូចជាការជួសជុលការសាងសង់អគារមន្ទីរពេទ្យ ឱ្យស្អាតល្អប្រកបដោយផាសុខភាព ការបណ្ដុះបណ្ដាលធនធានមនុស្សការបំពាក់សម្ភារបរិក្ខា និងឧបករណ៍វេជ្ជសាស្ត្រទំនើបការផ្ដល់សេវាមានគុណភាព និងប្រកបដោយសីលធម៌វិជ្ជាជីវៈខ្ពស់។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា «កត្តាសំខាន់ដែលសម្រេចបានជាលទ្ធផល ឈានដល់ការបញ្ចុះបឋមសីលា នឹងការបើកការដ្ឋានសាងសង់អាគារមជ្ឈមណ្ឌលពហុឯកទេសថ្មីនេះ ដោយមានការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីសូមកោតសរសើរដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការបុគ្គលិកមន្ទីរពេទ្យទាំងអស់ ដែលជានិច្ចកាលខិតខំយកចិត្តទុកដាក់ស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីអភិវឌ្ឍមន្ទីពេទ្យឲ្យកាន់តែរីកចម្រើន និងបង្កើតបាននូវសមិទ្ធផលថ្មីៗ ឥតឈប់ឈរជាលំដាប់ជាក់ស្ដែងថ្ងៃនេះ មន្ទីរពេទ្យបានបង្ហាញឲ្យឃើញថា សមិទ្ធិផលថ្មីមួយទៀត គឺការចាប់ផ្ដើមសាងសង់អគារមជ្ឈមណ្ឌលពហុឯកទេស ដែលនឹងត្រូវបានបើកការដ្ឋានសាងសង់នាថ្ងៃនេះតែម្ដងផងដែរ៕