(ភ្នំពេញ)៖ យុវសិស្ស សុខ វីរៈ ដែលកំពុងសិក្សានៅថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែនថ្នល់ទទឹង ស្រុកអង្គស្នួល ខេត្តកណ្តាល បាននាំមកនូវកិត្តិយសថ្មីៗបន្ថែមទៀត មកដល់វិទ្យាល័យ ដែលខ្លួនកំពុងសិក្សារៀនសូត្រ និងក្លាយជាយុវសិស្សគំរូមួយ រូបប្រចាំស្រុកអង្គស្នួល។
តាមរយៈការចូលរួមសន្និបាតថ្នាក់តំបន់លើកទី១១ ស្តីពីអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ និងគណិតវិទ្យាវ័យក្មេង របស់សិស្សកម្ពុជា ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ក្រោមការរៀបចំ និងដឹកនាំដោយក្រសួងអប់រំ យុវជន និងកីឡា យុវសិស្ស សុខ វីរៈ បានទទួលពានរង្វាន់ពិសេស សម្រាប់ផលប្រយោជន៍សហគមន៍មូលដ្ឋាន ក្នុងការរចនាប្រព័ន្ធសូឡាឆ្លាតវៃ បំពាក់តាមផ្ទះដែលមានតម្លៃទាប និងការពារបរិស្ថាន ដោយប្រើប្រាស់ឧបករណ៍ឆ្លាតវៃ និងពហុមុខងារ សម្រាប់ប្រជាជននៅទីជនបទកម្ពុជា។
សិស្ស វីរៈ បានកើតនៅក្នុងគ្រួសារកសិករ នៃភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ប៉ុន្តែថ្វីត្បិតក្រុមគ្រួសារមិនសូវ មានជីវភាពធូរធារយ៉ាងណាក៏ដោយ វីរៈ បានខិតខំជម្នះគ្រប់ឧបសគ្គ ប្រឹងប្រែងសិក្សារៀនសូត្រ ដោយមិនឲ្យឪពុកម្តាយ បងប្អូន មិត្តភ័ក្ត និងលោកគ្រូអ្នកគ្រូអស់សង្ឃឹមឡើយ។
ជាក់ស្តែងកាលពីឆ្នាំ ២០១៥ វីរៈបានប្រទ្បងជាប់សិស្សពូកែទូទាំងប្រទេស ផ្នែករូបវិទ្យាថ្នាក់ទី៩ ដោយទទួលបានចំណាត់ថ្នាក់លេខ១០។ បន្ទាប់មកនៅដំណាច់ឆ្នាំ២០១៥ វីរៈ ត្រូវបានជ្រើសរើសឲ្យ ទៅចូលរួមការប្រទ្បង អ្នកវិទ្យាសាស្ត្រវ័យក្មេងអូឡាំព្យាដអន្តរជាតិលើកទី១២ នៅទីក្រុងដេហ្គូ សាធារណរដ្ឋកូរ៉េ។ នៅខែមេសា ឆ្នាំ២០១៦ វីរៈ ក៏ត្រូវបានជ្រើសរើស ជាបេក្ខជនចូលរួមកម្មវិធីផ្លាស់ប្តូរ ទំនាក់ទំនងយុវជនជប៉ុន-អាស៊ី (កម្មវិធីវិទ្យាសាស្ត្រសាគូរ៉ា) និងបានក្លាយជាសមាជិក ក្លឹបអ្នកវិទ្យាសាស្ត្រសាគូរ៉ា ប្រចាំប្រទេសជប៉ុនផងដែរ។
ដើម្បីលើកទឹកចិត្តដល់ វីរៈ ចំពោះការខិតខំប្រឹងប្រែង និងភាពលេចធ្លោក្នុងការសិក្សា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះស្រុកអង្គស្នួល ជារឿយៗបានផ្តល់នូវដំបូន្មាន ការកោតសរសើរ និងបានឧបត្ថម្ភជាថវិកា និងម៉ាស៊ីនកុំព្យូទ័រ ចាប់តាំងពីឆ្នាំ ២០១៥កន្លងមករហូតមកដល់ពេលបច្ចុប្បន្ននេះ ដើម្បីឱ្យ វីរៈ កាន់តែមានលទ្ធភាពពង្រឹង និងពង្រីកនូវចំណេះដឹងរបស់ខ្លួនបន្ថែមទៀត៕