(កំពង់ស្ពឺ)៖ មន្រ្តីយោធាជាន់ខ្ពស់ក្រសួងការពារជាតិ បានថ្លែងឲ្យដឹងថា វត្តឥសីជុំ ហៅវត្តត្រពាំងឬស្សី ស្ថិតក្នុងភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានក្លាយពីសមភូមិទម្លាក់គ្រាប់ B52 របស់អាមេរិក នាសម័យសង្គ្រាម ដែលមានស្លាកស្នាមរណ្តៅគ្រាប់ធំៗ មកជាតំបន់ទីសក្ការៈ រួមទាំងការអភិវឌ្ឍន៍គួរមោទនភាពយ៉ាងខ្លាំង។
លោកឧត្តមសេនីយ៍ឯក អ៊ុក កោសា អគ្គនាយករង នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨នេះ បានចូលរួមសម្ពោធសមិទ្ធផលនានាតម្លៃជិត៧ម៉ឺនដុល្លារ នៅ ក្នុងវត្តឥសីជុំ។
លោកឧត្តមសេនីយ៍ផ្កាយ៣ អ៊ុក កោសា បានទទូចឲ្យមន្ត្រីមូលដ្ឋានពិនិត្យមើលពីចលនាសង្គ្រោះជាតិ ដែលជាចលនាខុសច្បាប់ និងចលនាផ្សេងៗទៀត ដែលបំផ្លាញជាតិដូចសម័យអតីតកាល។ ហើយត្រូវរួបរួមគ្នាការពារឲ្យបានដាច់ខាតនៅសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ បង្ក្រាបឲ្យបាននៅចលនា មិនស្របច្បាប់បប្រឆាំងជាមួយរដ្ឋាភិបាលស្របច្បាប់ ដែលបោះឆ្នោតជូន ដោយបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ហើយប្តេជ្ញាការពាររដ្ឋាភិបាលស្របច្បាប់។
លោកបណ្ឌិតបានថ្លែងថា តបតាមការស្នើសុំរបស់លោក លី សុន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តកំពង់ស្ពឺ និងបានមើលឃើញពីភាពខ្វះខាតរបស់វត្តឥសីគីរីជុំ ហៅវត្តត្រពាំងឬស្សី ក្រុមគ្រួសារ រួមទាំងក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុកឧដុង្គបានរួមគ្នាកសាង នៅវត្តឥសីគីរីជុំ សម្ពោធសមិទ្ធផលរួមមាន៖ សាលាទទួភ្ញៀវ៣ខ្នង ទទឹង៥,៥ម៉ែត្រគុណនឹង៧៤ម៉ែត្រ, ទីស្នាក់ការចូលបច្ច័យ១ខ្នង, របងចំនួន១០០បន្លោះសរុបជាថវិកាអស់ចំនួន៦,៤២៧៣ដុល្លាអាមេរិក។
លោក លី សុន បានលើកឡើងថា ពលរដ្ឋនៅវត្តឥសីគីរីជុំបច្ចុប្បន្ន មានភាពរីកចម្រើន ការកសាងនិងអភិវឌ្ឍន៍រាល់ហេដ្ឋារចនាសម្ព័ន្ធថ្មីដុះដាលដូចផ្សិត។ ពលរដ្ឋគ្រប់រូប ក៏ត្រូវដឹងគុណចំពោះគណបក្ស ប្រជាជន ក្នុងពេលដែលក្រុមការងារ បានជួយជាបន្តបន្ទាប់ដល់គ្រប់មូលដ្ឋាន ក្នុងនោះមាន សាលាអនុវិទ្យាយវិទ្យាល័យ មន្ទីរពេទ្យវត្តអារាម។ល។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងភាពឈ្លៀសវៃដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕