(ស្ទឹងត្រែង)៖ លោក អៀង គីមថុល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង បានចេញដីកាសម្រេចឃុំខ្លួន មេក្លោងជួញដូរគ្រឿងញៀនដ៏ធំម្នាក់ ជនជាតិឡាវ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោយសមត្ថកិច្ច ចាប់ខ្លួនបានដោយរឹបអូសថ្នាំញៀនប្រមាណ៣០គីឡូក្រាម។ នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់លោកចៅក្រម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ។
នៅក្នុងដីកាឃុំខ្លួនមេជួញដូរគ្រឿងញៀនរូបនេះ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនប្រព្រឹត្ដិទៅ ចំណុចផ្លូវចូលវ៉ើនខាម ស្ថិតក្នុងភូមិខាមផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨។ បទល្មើសនេះ មានចែង និងផ្ដន្ទាទោសតាមមាត្រា៤០ នៃច្បាប់ស្ដីពីគ្រឿងញៀន។
សូមបញ្ជាក់ថា កម្លាំងនគរបាលការិយាល័យ «ក៥» នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការឈានទៅដល់ការចាប់ខ្លួន មេក្លោងជួញដូរគ្រឿងញៀនដ៏ធំម្នាក់ ដែលជាជាតិឡាវ នៅខេត្តស្ទឹងត្រែង ដោយរឹបអូសថ្នាំញៀនប្រមាណ៣០គីឡូក្រាម នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨នេះ។
មន្រ្តីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា «ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃយុទ្ធនាការលើលទី៣ ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានចាត់តាំងកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) បានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចស្ពានទី២ ផ្លូវទៅវ៉ឺនខាំ ព្រំដែន ខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ប្រទេសឡាវ»។
ជាលទ្ធផលកម្លាំងជំនាញបានឃាត់ខ្លូនជនសង្ស័យឈ្មោះ កុប គីរីប៉ាត់ ភេទប្រុស ជនជាតិឡាវ អាយុ៤៣ឆ្នាំ ទីលំនៅភូមិថាំងឃុក ស្រុក-ខេត្តចំប៉ាសាក់ ដោយចាប់យកវត្ថុតាង៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ៣០កញ្ចប់ ទម្ងន់ប្រមាណ៣០គីឡូក្រាម។
ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានឲ្យដឹងថា ជនជួញដូរគ្រឿងញៀនរូប ត្រូវបានសមត្ថកិច្ចរបស់លោក បញ្ជូនទៅកាន់ពន្ធនាគាររួចហើយ៕