Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​អភិបាលខេត្តស្ទឹងត្រែង ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពស្ពាន ផ្លូវ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ​នៅឃុំថ្មកែវ ស្រុកសៀមប៉ាង

05-03-2018 09:41

(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានចុះពិនិត្យស្ថានភាពស្ពានចាស់ទ្រុឌទ្រោម នៅចំណុចអូរអិក និងពិនិត្យផ្លូវមួយខ្សែប្រវែង ៦គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំថ្មកែវ ស្រុកសៀមប៉ាង ដើម្បីរៀបចំជួសជុល និងកែលម្អឡើងវិញ នៅរសៀលថ្ងៃ​ទី០៤ ខែមីនា ឆ្នាំ២០១៨។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងទុក្ខកង្វល់នានា ដែលពួកគាត់កំពុងជួបប្រទះ។

បន្ថែមពីនេះ លោកបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងនាំយកអំណោយ​របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋចំនួន១២៣នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា​១០,០០០រៀល។​

ជាមួយគ្នានោះ ប្រជាពលរដ្ឋនៅឃុំថ្មកែវ ស្រុកសៀមប៉ាង បានសម្តែងនូវការអបអរសាទរ រីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរពីសុខទុក្ខរបស់ពួកគាត់៕