(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានព្រមានពីហានីភ័យនៃការយកលុយទិញលុយអេឡិចត្រូនិក ពពួក Bitcon ដើម្បីចង់បានផលចំណេញខ្ពស់ ដោយលោកបានសំអាងថា ប្រសិនបើសាធារណជនទាំងអស់គ្នា មិនបានដឹងច្បាស់ លុយអេឡិត្រូនិចនេះទេ សូមកុំប្រថុយប្រថាន ទៅលើការជួញដូរឲ្យសោះ។
ថ្លែងប្រាប់បណ្ដាយសារព័ត៌មាន Fresh News លោកបានលើកឡើងថា «គណៈកម្មការមូលបត្រកម្ពុជា សុំមិនលើកទឹកចិត្ត ឲ្យសាធារណជនទាំងអស់គ្នា ធ្វើការជួញដូរលើលុយអេឡិចត្រូនិចនេះទេ សូមឲ្យមានការប្រុងប្រយ័ត្ន ព្រោះអាចប្រឈមនឹងការខាតបង់ប្រាក់កាស តាមរយៈការជួញដូរពពួកលុយអេឡិចត្រូនិចនេះ ព្រោះសាធារណជនធ្វើការជួយដូរទៅលើអ្វី ដែលអ្នកមិនបានស្គាល់ច្បាស់ ព្រមជាមួយការមិនទាន់ទទួលស្គាល់...»។
លោក ស៊ូ សុជាតិ បានបញ្ជាក់ទៀតថា ការជួញដូរទៅលើលុយអេឡិចត្រូនិចនេះ ជាការជួញដូរដែលមិនច្បាស់លាស់ មិនទាន់មានការសិក្សាច្បាស់ ដូច្នេះសារធារណជនគួរតែជៀសវាង ឲ្យផុតពីការជួញដូរនេះ រហូតដល់មានបទបញ្ញត្តិជាក់ស្ដែងណាមួយ ទើបអាចចាប់ផ្ដើមធានា និងជួញដូរបាន តែការធានានោះគ្រាន់តែជាការធានាថា ជាកាវិនិយោគមួយអាចមានខាត និងមានចំណេញ ប៉ុន្ដែក្នុងពេលនេះ សម្រាប់គណៈកម្មការមូលបត្រកម្ពុជា សូមមិនលើកទឹកចិត្តឲ្យ មានការជួញដូរនោះទេ និងសូមស្នើដល់សាធារណជន មានការប្រុងប្រយ័ត្នផងដែរ៕