(សៀមរាប)៖ អតីតយុទ្ធជនដែលធ្លាប់តែកាន់កាំភ្លើងលូនក្រាបលើសមរភូមិការពារមិនឲ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលមកគ្រប់ដណ្តប់ដែនដីកម្ពុជាជាថ្មីកាលពីទសវត្សរ៍ឆ្នាំ៨០ និង៩០នោះ បានប្រកាសការពារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាមេបញ្ជាការផុតលេខផ្កាយមាស៥មិនឲ្យនរណាមកប្តូរផ្លាស់នោះឡើយ។ របៀបនៃការការពារតំណែង និងតួនាទីរបស់សម្តេចតេជោ ក្នុងពេលស្រុកមានសុខសន្តិភាពនេះ មិនមែនជាការប្រដាប់អាវុធលូនក្រាបលើសមរភូមិនោះឡើយ គឺការពារតាមរយៈការទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
ការប្រកាសរបស់អតីតយុទ្ធជនក្នុងការការពារតួនាទី និងតំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេល ដែលអតីតយុទ្ធជនទាំងនេះអញ្ជើញទទួលមេដាយការពារជាតិ និងជួបសំណេះសំណាលជាមួយនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជានៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប។
លោក ប៉ាន់ សូយ បានធ្លាក់ខ្លួនពិការក្នុងទសវត្សរ៍ឆ្នាំ៨០ ពេលរូបគាត់ចូលសមរភូមិប្រយុទ្ធជាមួយទាហានខ្មែរក្រហមសេសសល់នៅតាមជាយដែន ដែលប៉ុនប៉ងវិលត្រឡប់មកកាន់កាប់កម្ពុជាជាថ្មី។ អតីតយុទ្ធជនរូបនេះ បានបញ្ជាក់ថា ទោះបីរូបលោកត្រូវពិការក៏លោកមិន សោកស្តាយឡើយ ព្រោះអ្វីដែលលោកបានធ្វើ គឺដើម្បីនាំមកនូវសុខសន្តិភាពសម្រាប់ជាតិកម្ពុជាទាំងមូល។
កាលពីជាង៣ទសវត្សរ៍មុនលោក ប៉ាន់ សូយ បានប្រយុទ្ធលើសមរភូមិ ដើម្បីការពាររបបដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ តែ៣ទសវត្សរ៍ក្រោយនេះទឹកចិត្តការពារសម្តេចតេជោ ហ៊ុន សែន ចំពោះលោក ប៉ាន់ សូយ មិនបានប្រែប្រួលឡើយ គ្រាន់តែប្តូររបៀបនៃ ការការពារពីការប្រើអាវុធ មកប្រើតាមរបៀបប្រជាធិបតេយ្យដោយការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅចុងឆ្នាំនេះ។
លោក ប៉ាន់ សូយ បានបញ្ជាក់ដូច្នេះ «សម្តេចតេជោ គឺជាមេដឹកនាំ និងអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមមួយរូប ដែលបានស្វែងរកសុខសន្តិភាព និង ការអភិវឌ្ឍសម្រាប់ជាតិ និងប្រជាជនខ្មែរគ្រប់រូប។ ទោះបីខ្ញុំធ្លាក់ខ្លួនពិការក៏ខ្ញុំអត់ស្តាយដែរ ព្រោះខ្ញុំបានប្រយុទ្ធការពារជាតិមិនឲ្យរបបកាប់សម្លាប់ខ្មែរវិលមកវិញ»។
«ទឹកចិត្តការពាររបស់ខ្ញុំចំពោះសម្តេចតេជោ ហ៊ុន សែន អត់មានប្រែប្រួលទេ គ្រាន់តែពេលមុនយើងការពារដោយប្រើអាវុធ។ តែពេលនេះយើងអត់ប្រើអាវុធទៀតនោះទេ គឺយើងនឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគាំទ្រសម្តេចតេជោ ហ៊ុន សែន ឲ្យដឹកនាំប្រទេសទៅមុខបន្តទៀត»។ លោក ប៉ាន់ សូយ បញ្ជាក់បន្ថែម។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប នាយឧត្តមសេនីយ៍ ជា តារា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ បានបន្តចុះជួបសំណេះសំណាល និងបំពាក់មេដាយជូនសមាជិកអតីតយុទ្ធជន ចំនួន ៤២៥នាក់ក្នុងស្រុកជីក្រែង ខេត្តសៀមរាប។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ពីការគិតគូរ និងយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះសុខទុក្ខ និងជីវភាពរបស់អតីតយុទ្ធជន ដើម្បីតបស្នងគុណបំណាច់របស់ពួកគេ ដែលបានបូជាចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានបានស្នើសុំសម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះបីខ្នង ជូនដល់គ្រួសារអតីតយុទ្ធជន ៣គ្រួសារ ដែលកំពុងជួបការលំបាកក្នុងជីវភាព។ គ្រួសារកងទ័ព ៣គ្រួសារដែលសម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះជូននេះរួមមាន៖
១៖ លោក ម៉ែន ដន យោធិនចូលនិវត្តន៍ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង
២៖ លោក ប៉ាន់ សូយ យោធិនពិការ នៅភូមិ ចេក ឃុំពង្រលើ ស្រុកជីក្រែង
៣៖ លោក សួស សាន យោធិនចូលនិវត្តន៍ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង៕