(កំពត)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញបិទការសូត្រលើកទី២៧ និងការប្រឡងចាំមាត់លើកទី១ គម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ ឆ្នាំ២០១៨ នៅវិហារភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
ពិធីសូត្រគម្ពីររបស់សាសនាឥស្លាមនេះ រៀបចំដោយគណ:ដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាមកម្ពុជា សហការជាមួយ ក្រសួងធម្មការ និង សាសនា បានប្រព្រឹត្តទៅដោយរលូន ក្រោមប្រធានបទ ឥស្លាម និងសីលធម៌ រយ:ពេលពីរថ្ងៃ គឺថ្ងៃទី០៣-០៤ ខែមីនា ឆ្នាំ២០១៨។
ក្នុងចំណោម ករី-ករីអះ (បេក្ខជន-បេក្ខនារី) ចំនួន៤០នាក់ មកពីរាជធានីខេត្តទូទាំងប្រទេសអញ្ជើញចូលរួមសូត្រ គណៈមេប្រយោគ ក៏បានរកឃើញ ករី-ករីអះ ជ័យលាភីផ្នែកបុរសចំនួន ៣នាក់ និងជ័យលាភីផ្នែកនារីចំនួនបីនាក់ គឺផ្នែកបុរស លេខ១ បានទៅលើករីឈ្មោះ យូសុះ សាឡឹម មកពីខេត្តកណ្តាល លេខ២ ករីឈ្មោះ សុះ សាន់សារី មកពីខេត្តព្រៃវែង និង លេខ៣ ករីឈ្មោះ សេន ស៊ុល មកពីខេត្តត្បូងឃ្មុំ។ ចំណែកផ្នែកនារី លេខ១ ករីអះឈ្មោះ សើ ម៉ៃយ៉ុម មកពីខេត្តកំពត លេខ២ ករីអះឈ្មោះ ជី ម៉ៃសំ មកពីខេត្តរតនៈគីរី និង លេខ៣ ករីអះឈ្មោះ សើ រ៉ោះម៉ះ មកពីខេត្តប៉ៃលិន។ រីឯក្នុងចំណោមករី-ករីអះ ប្រឡងសូត្រចាំមាត់ចំនួន ១៤នាក់ លេខ១ ករីឈ្មោះ ការីម មូហាំម៉ាត់ហ្សៃនី មកពីខេត្តបាត់ដំបង លេខ២ ករីឈ្មោះ សាន់ ស៊ុលហ្សារី មកពីខេត្តក្រចេះ និង លេខបី ករីឈ្មោះ លី អារីហ្វ មកពីខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានថ្លែងថា រាជរដ្ឋាភិបាល ដែលមានក្រសួងធម្មការ និងសាសនា ជាសេនាធិការ បានសហការ និងគាំទ្រចំពោះការជួបជុំគ្នារបស់បងប្អូនសាសនិកឥស្លាម ដើម្បីប្រារព្ធពិធីប្រពៃណីផ្សេងៗរបស់សាសនិកឥស្លាមកម្ពុជា ស្របតាមគោលនយោបាយសុខដុមនីកម្មជាតិ និងវប្បធម៌ពហុជនជាតិ ដែលមានសកម្មភាពយ៉ាងផុសផុល និងសស្រាក់សស្រាំ។
លោកស្រីឧបនាយករដ្ឋមន្ដ្រី ក៏បានបង្ហាញនូវការពេញចិត្តចំពោះប្រធានបទឆ្នាំនេះ ឥស្លាម និងសីលធម៌ ពិតជាសមស្របបំផុតសម្រាប់បរិយាការណ៍បច្ចុប្បន្ន ដែលពិតជាបង្ហាញពីគុណធម៌របស់គម្ពីរសាសនាឥស្លាម ដែលនឹងត្រូវស្តែងចេញជាសកម្មភាពជាក់ស្តែង និងរស់រវើកនៅក្នុងសហគមន៍ឥស្លាម ក្នុងការឆ្លើយតបទៅនឹងបរិបទពិភពលោក ជាពិសេសរដ្ឋាភិបាលកម្ពុជាចំពោះប្រជាជាតិ ដែលតែងតែយកចិត្តទុកដាក់លើបញ្ហាសីលធម៌ជាអាទិភាព។
ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី និងតាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកស្រី ម៉ែន សំអន បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះជោគជ័យ និងលទ្ធផលល្អ ដែលសហគមន៍ឥស្លាមទទួលបាន ក្នុងការចូលរួមសូត្រគម្ពីររបស់ករី-ករីអះ តំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិកន្លងមក ដែលបានបង្ហាញថា កម្ពុជាពិតមែនតែជាប្រទេសតូច មានសាសនិកឥស្លាមតិចតួចបំផុត តែទទួលបានលទ្ធផលល្អ អាចប្រជែងជាមួយប្រទេសធំៗ និងមានសាសនិកឥស្លាមជាច្រើន ដែលបាចូលរួមសូត្រ។
លោកស្រី ក៏បានកោតសរសើរដល់បងប្អូនសាសនិកឥស្លាមទូទាំងប្រទេស ដែលបានខិតខំថែរក្សាប្រពៃណីដ៏ល្អរបស់ខ្លួន ពិសេសការសូត្រគម្ពីរអាល់គួរ៉ាអាន ដែលមានការលំបាកបំផុត នៅតាមសហគមន៍ និងគ្រួសារ៕