(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨នេះថា នៅព្រឹកថ្ងៃស្អែកនេះ លោក គី ឬទ្ធី ចៅក្រមស៊ើបសួរ និងលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នឹងអញ្ជើញទៅសួរនាំបន្ថែមលើជនជាប់ចោទ កឹម សុខា នៅក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ទីដែលឃុំឃាំងអតីតប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿងក្បត់ជាតិ។
បើតាមមន្រ្តីតុលាការ សម្រាប់ការទៅសួរនាំបន្ថែមនេះ ក៏នឹងមានវត្តមានមេធាវីការពារឲ្យលោក កឹម សុខា ផងដែរ។ មន្រ្តីតុលាការរូបនេះ បានបញ្ជាក់ថា «នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ស្អែកនេះ លោកចៅក្រម គី ឬទ្ធី និងលោកព្រះរាជអាជ្ញា សៀង សុខ នឹងទៅសួរនាំលោក កឹម សុខា នៅក្នុងគុកតែម្តង ដែលនេះជានីតីវិធីរបស់ចៅក្រម ក្នុងសំណុំរឿងមួយនេះ»។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូ មួយបង្ហាញថា លោកបានសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ។
លោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹង ការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
ទោះបីជាមានបណ្តឹងជំទាស់ និងបណ្តឹងសុំនៅក្រៅឃុំជាបន្តបន្ទាប់ក្តី ប៉ុន្តែកាលពីពេលកន្លងទៅ ទាំងសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចទាត់ចោលបណ្តឹងរបស់ក្រុមមេធាវីការពារក្ដី លោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ដោយស្ថាប័នតុលាការ អះអាងថា ការសម្រេចឃុំខ្លួន លោក កឹម សុខា ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់។
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ សាលាឧទ្ធរណ៍បានបន្តសម្រេចឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារដដែល៕