(ព្រះវិហារ)៖ សង្វៀនជល់មាន់មួយកន្លែង ត្រូវបានកម្លាំងនគរបាលក្រុងព្រះវិហារ ធ្វើការបង្រ្កាប បណ្តាលឲ្យក្រុមញៀនល្បែងរត់បាតជើងសព្រាត។ ប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោកវរសេនីយ៍ទោ ឆៅ វុទ្ធា អធិការនគរបាលក្រុងព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រលប់ថ្ងៃនេះថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ក៏ដូចជា អ្នកសារព័ត៌មានថា នៅទីតាំងខាងលើ មានបើកល្បែងសង្វៀនជល់មាន់ លោកក៏បានបញ្ជាកម្លាំងឲ្យអធិការរងក្រុងមួយរូប ដឹកនាំដោយសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ប៉ាល់ហាល ដើម្បីធ្វើការបង្ក្រាបតែម្តង។
ស្របពេលដែលកម្លាំងលោកចុះទៅ បានធ្វើឲ្យក្រុមញៀនល្បែងទាំងនោះដឹងខ្លួនមុន នាំគ្នារត់បាតជើងសព្រាតអស់រលីង។ តែទោះយ៉ាងណា សមត្ថកិច្ចយើងបានកោះហៅម្ចាស់ផ្ទះ មកធ្វើការអប់រំណែនាំឲ្យបញ្ឈប់ការជួលទីតាំងឲ្យមានការបើកសង្វៀនជល់មាន់តទៅទៀត។
ទាក់ទងនិងការដឹងខ្លួនជាមុនរបស់ក្រុមញៀនល្បែងជល់មាន់នេះ លោកអធិការក្រុង សន្និដ្ឋានថា បណ្តាលមកពីមានអ្នកយាមផ្លូវបោះដៃឲ្យទើបអ្នកលេងដឹងខ្លួនហើយរត់បែបនេះ តែទោះជាយ៉ាងណា លោកនឹងធ្វើការស្រាវជ្រាវករណីនេះឲ្យពិតប្រាកដ។
លោកវរសេនីយ៍ទោ ឆៅ វុទ្ធា បានបន្ថែមថា ដោយអនុវត្តន៍តាមការណែនាំរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ ក្នុងនាមលោកដែលទើបទទួលបានការតែងតាំងថ្មីជាអធិការក្រុងព្រះវិហារ លោកប្តេជ្ញាអនុវត្តន៍ការងារ និងតួនាទីភារកិច្ចឲ្យមានប្រសិទ្ធភាព ពិសេស គឺការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចឲ្យមានប្រសិទ្ធភាព៕