(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោងប្រមាណ៩យប់នេះ ភូមិជាច្រើនតាមបណ្តោយផ្លូវចំការដូង ក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ កំពុងតែដាច់ភ្លើង បណ្តាលមកពីរថយន្តដឹកដីមួយគ្រឿងលើកបែនទាក់ជាមួយខ្សែបញ្ជូនអគ្គិសនីរហូតបាក់បង្គោលភ្លើងមួយដើម។
បើតាមអគ្គិសនីកម្ពុជា ហេតុការណ៍រថយន្តដឹកដីលើកបែនទាក់ខ្សែភ្លើង និងទាញបណ្តាលឲ្យបាក់បង្គោលភ្លើងនេះ បានកើតឡើងនៅម៉ោង ៦៖៤០នាទីយប់មកម្ល៉េះ។ តំបន់ដែលដាច់ភ្លើងព្រោះតែបាក់បង្គោលភ្លើងនេះរួមមាន ភូមិសំបួរ និងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ, ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ និងផ្លូវទំនប់អូស្ត្រាលី ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ក្រុមការងារអគ្គិសនីកម្ពុជា កំពុងតែញាប់ដៃញាប់ជើងធ្វើការជួសជុល និងតបណ្តាញជូនប្រជាពលរដ្ឋវិញទាំងយប់នេះផងដែរ។ អគ្គិសនីកម្ពុជា បានសម្តែងការសោកស្តាយចំពោះការធ្វេសប្រហែសរបស់អ្នកបើកបររថយន្តដឹកដីនាំឲ្យលំបាកដល់ប្រជាពលរដ្ឋបែបនេះ។
អគ្គិសនីកម្ពុជា បានសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋទាំងអស់ ដែលរងផលប៉ះពាល់ដោយសារការដាច់ចរន្តអគ្គិសនី។ អគ្គិសនីកម្ពុជា មិនទាន់បញ្ជាក់ថា នឹងអាចជួសជុល ក៏ដូចជាតភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញនៅពេលណាដែរ តែក្រុមការងារនឹងប្រឹងប្រែងដំឡើងបង្គោល និងតភ្ជាប់ចរន្តជូនប្រជាពលរដ្ឋឲ្យបានឆាប់បំផុត៕