(ព្រះវិហារ)៖ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨នេះ បានប្រារព្ធពិធីអង្គសន្និបាទបូកសរុបសភាពការណ៍ និងការងារគណបក្សឆ្នាំ២០១៧ ទិសដៅភារកិច្ចឆ្នាំ២០១៨ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ។
កម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់ លោក ស៊ួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងលោក អ៊ុន ចាន់ដា សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ព្រមទាំងសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារប្រមាណ ៤១៦នាក់ ក្នុងនោះស្ត្រីចំនួន ៥៥នាក់ផងដែរ។
នៅក្នុងកិច្ចពិភាក្សា នៃអង្គសន្និបាទបូកសរុបសភាពការណ៍ការងារគណបក្សនេះ អង្គសន្និបាតទាំងមូល បានផ្តោតយ៉ាងសំខាន់ទៅលើការងារជាច្រើន ដែលគណបក្សតាមមូលដ្ឋានស្រុក ក្រុង ឃុំ សង្កាត់ ទូទាំងខេត្តព្រះវិហារ បានធ្វើក្នុងឆ្នាំ២០១៧កន្លងមក លើការងារកសាងមូលដ្ឋានរបស់ខ្លួនមានការរីកចម្រើនយ៉ាងខ្លាំង។
លោក អ៊ុន ចាន់ដា បានលើកឡើងក្នុងអង្គសន្និបាតថា ឆ្នាំ២០១៧ ជាឆ្នាំទី៤ នៃការអនុវត្តបន្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។
សូមជម្រាបជូនថា ក្នុងរយៈពេលពេញមួយឆ្នាំនេះ ប្រជាជននៅទូទាំងខេត្តព្រះវិហារ ដែលមានចំនួន ៥៤,៩៤៦គ្រួសារ ស្មើរនឹង ២៣៨,៦៦១នាក់ ក្នុងនោះមានស្រី ១១៩,៤៩៣នាក់ រស់នៅក្នុង ២៣២ភូមិ មាន ៤៩ឃុំ ២សង្កាត់ ៧ស្រុក និង១ក្រុង លើផ្ទៃដីសរុប ១៣,៨២២គីឡូម៉ែត្រការ៉េ គឺបន្តរស់នៅក្នុងជីវភាពប្រចាំថ្ងៃកាន់តែមានជីវភាពធូរធា និងសុខដុមរមនាក្រោមដំបូលសន្តិភាពដ៍ពេញលេញ ព្រមជាមួយនឹងសន្តិសុខល្អប្រសើរជាមូលដ្ឋាន ក្នុងភូមិសាស្ត្រទាំងមូល ក៍ដូចជានៅតំបន់គៀកព្រំដែន ដែលមានបណ្តោយ ២៦៩គីឡូម៉ែត្រ (១២៩ គីឡូម៉ែត្រ ជាប់ថៃ និង១៤០គីឡូម៉ែត្រ ជាប់ជាមួយឡាវ)៕