(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណជា៥០ ទៅ៦០នាក់ ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅអមសងខាងតាមបណ្ដោយផ្លូវរថភ្លើង ចាប់ពីចំណុចផ្លូវជាតិលេខ៥ រហូតមកដល់ចំណុចផ្លូវលេខ៧០ ស្ថិតនៅសង្កាត់៣ មានសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ឬស្សីកែវ សង្កាត់ទួលសង្កែ ក្នុងខណ្ឌឬស្សីកែវ នាល្ងាចថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៨ មានការដង្ហែរជាក្បួន ដើម្បីតវ៉ាទាមទារឲ្យអាជ្ញាធរ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយរកដំណោះស្រាយជូនរឿងដីលំនៅដ្ឋាន។
ការដង្ហែរក្បួនតវ៉ានេះបានធ្វើឡើង ក្រោយពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ បានដឹកនាំប្រតិភូអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង និងសួរសុខទុក្ខប្រជាពលរដ្ឋ នាចំណុចខាងលើនេះ ដោយបានថ្លែងទៅកាន់ពួកគាត់ថា ផ្លូវរថភ្លើងនេះ ត្រូវកាត់ចំនួន៣០ម៉ែត្រសងខាងផ្លូវ គិតពីអ័ក្សចំណុចកណ្ដាលទ្រូងផ្លូវ (ពោលទាំងសងខាងផ្លូវស្មើ៦០ម៉ែត្រឯណោះ) ដោយស្ថាបនាចាក់ជាបេតុងត្រឹមតែ១៥ម៉ែត្រប៉ុណ្ណោះ ហើយ១៥ម៉ែត្រទៀតទុក ជាដីចំណីផ្លូវថ្នល់នៅពីមុខដីឡូត៍ និងលំនៅដ្ឋានទាំងអស់របស់ប្រជាពលរដ្ឋ ត្រូវបានដកហូតដោយសាលាក្រុង ដើម្បីបែងចែកដីទាំងនេះ ប្រគល់ឲ្យប្រជាពលរដ្ឋអតីតរស់នៅលើផ្លូវរថភ្លើងចាស់ ដែលមិនស្របច្បាប់ទៅវិញ។
ចំណាត់ការនេះត្រូវបានប្រជាពលរដ្ឋលើកឡើងថា ខុសពីប្រសាសន៍របស់លោកអភិបាលក្រុងចាស់ ដែលបានថ្លែងប្រាប់ប្រជាពលរដ្ឋ នៅក្នុងពីធីប្រកាសបើកការដ្ឋានស្ថាបនាអតីតផ្លូវរថភ្លើងចាស់តភ្ជាប់ពីចំណុចផ្លូវជាតិលេខ៥ នាសង្កាត់ឬស្សីកែវ ទៅទល់ផ្លូវលេខ៧០ ក្នុងសង្កាត់ទួលសង្កែ ដែលមានប្រវែង៤,៦គីឡូម៉ែត្រ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅយ៉ាងដូច្នេះថា គំរោងផ្លូវបេតុងនេះ មានទទឹង១៥ម៉ែត្រក្នុងម្ខាង (ពោលសងខាងផ្លូវស្មើ៦០ម៉េត្រទេ) ដែលមានសួនច្បារចែកទ្រូងផ្លូវ២ម៉ែត្រកន្លះ។
តែទោះបីយ៉ាងណា ការផ្ទុះការតវ៉ាពីសំណាក់ប្រជាពលរដ្ឋនេះដែរ បានត្រឹមតែជាង១ម៉ោងក្រោយប៉ុណ្ណោះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចេញបញ្ជាឲ្យលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ ធ្វើការសម្របសម្រួណាត់ជួបគ្នាជាមួយប្រជាពលរដ្ឋនៅឯសាលាខណ្ឌ នាវេលាព្រឹកស្អែកថ្ងៃទី៥ ខែមិនា ក្នុងការរិះរកដំណោះស្រាយជូនភ្លាមៗ ដើម្បីជៀសវាងការដង្ហែរជាក្បួនធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គម និងផ្ទុយអំពីច្បាប់ ដែលកំពុងហាមឃាត់។
ជាមួយគ្នានោះ ប្រជាពលរដ្ឋ បានសំណូមពរឲ្យសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាកុំយកដីចំណីផ្លូវពីមុខលំនៅដ្ឋានរបស់ពួកគាត់ទៅបែងចែកឲ្យក្រុមប្រជាពលរដ្ឋ ដែលមានសំណង់មិនរៀបរយ និងមិនមានទាំងប័ណ្ណកម្មសិទ្ធស្របច្បាប់ឲ្យសោះ ពីព្រោះពួកគាត់ មានលំនៅដ្ឋានស្របច្បាប់មិនចង់ក្លាយជាជនរងគ្រោះនោះទេ និងមិនអាចទទួលយកបាននូវគោលនយោបាយ ដែលសាលាក្រុងរៀបចំនាពេលថ្មីៗនេះឡើយ៕