(ភ្នំពេញ)៖ ថ្ងៃអាទិត្យចុងសប្ដាហ៍ ជាពេលវេលាដ៏រីករាយមួយសម្រាប់ប្រជាពលរដ្ឋមួយចំនួន ដែលធ្វើដើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានា ជាមួយក្រុមគ្រួសារសាច់ញាតិ ឬមិត្តភក្តជាដើម ប៉ុន្តែបើទោះបីជារវល់នឹងដំណើរកម្សាន្តយ៉ាងណាក្ដី ក៏ប្រជាពលរដ្ឋនាយុគសម័យថ្មីនេះ មិនភ្លេចឡើយនូវការកម្សាន្តជាមួយនឹងទូរស័ព្ទដៃទំនើបរបស់ខ្លួន ដើម្បីតាមដានព្រឹត្តិការណ៍ព័ត៌មាន ឬការកម្សាន្តនានាផងដែរ។
ដោយសម្លឹងឃើញពីការរីកចម្រើនផ្នែកបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ពោលគ្រាន់តែកាន់ទូរស័ព្ទដៃទំនើប និងមានប្រព័ន្ធអ៊ីនធឺរណេតប្រើប្រាស់គ្រប់គ្រាន់ មនុស្សអាចតាមដាននូវព្រឹត្តិការណ៍នានាដែលកើតឡើងក្នុងពិភពលោកបាន ដូច្នេះហើយដើម្បីផ្ដល់នូវការកម្សាន្តដែលបង្កប់នូវចំណេះដឹងផងនោះ អង្គភាពព័ត៌មាន Fresh News សូមចែករំលែកនូវចំណេះដឹងពាក់ព័ន្ធនឹងគតិបណ្ឌិតល្បីៗ ១០ឃ្លាថ្មីទៀត ជូនទស្សនជនជាទីអំណាន។
គតិបណ្ឌិតទាំង១០ឃ្លា ដែលយើងខ្ញុំខិតខំសម្រិតសម្រាំងនោះរួមមាន៖
១៖ «ត្បូងមួយដុំមិនអាចមានតម្លៃបានឡើយ បើគ្មានការឆាបកកិត ដូចគ្នាដែរបុគ្គលល្អឥតខ្ចោះម្នាក់ ក៏មិនមែនជាមនុស្សដែលគ្មានការឆ្លងកាត់បទពិសោធន៍នោះឡើយ»។ លោក ខុង ជឺ (៥៥១-៤៧៩ មុនគ្រិស្តសករាជ) ទស្សនវិទូចិនដ៏ល្បីល្បាញ។
២៖ «បុគ្គលទាំងឡាយដែលបានសម្រេចរឿងធំៗ គឺជាបុគ្គលដែលហ៊ានប៉ុនប៉ងសម្រេចរឿងទាំងនោះ ហើយក៏ជាបុគ្គលដែលមិនខ្លាចបរាជ័យដែរ»។ នេះជាគតិបណ្ឌិតដ៏វិសេសមួយសម្រាប់ស្ថាបនិកទស្សនាវដ្តី Forbes ជនជាតិអាមេរិក ដើមកំណើតស្កុតឡែន គឺលោក ប៊ី ស៊ី ហ្វបស៍ (១៨៨០-១៩៥៤)។
៣៖ «បុគ្គលជោគជ័យ គឺជាបុគ្គលដែលឃើញឱកាសហើយ ហ៊ានចាប់យកវាមិនឲ្យរំលង»។ នេះគឺគតិបណ្ឌិតរបស់សេដ្ឋវិទូ និងជាទស្សនវិទូអាមេរិក លោក រ៉យឆឺរ បាបសុន (១៨៧៥-១៩៦៧)។
៤៖ «អ្នកដឹកនាំជោគជ័យមើលឃើញឱកាសនៅគ្រប់ការលំបាក មិនមែនឃើញការលំបាកនៅគ្រប់ឱកាសនោះទេ»។ លោក រីដ ម៉ាកខាម ក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ការ៉ាប៊ីន បានលើកឡើងបែបនេះ។
៥៖ លោកអ្នកប្រហែលជាបានឃើញហើយ នូវគំនូររបស់ម្ចាស់ក្សត្រិយ៍នៃចក្រភពរុស្ស៊ីមួយអង្គ ព្រះនាម ខាធើរីនទី២ (១៧២៩-១៧៩៦) ដែលត្រូវគេគូរចេញជាគំនូរបែបបុរាណ ហើយគំនូរនោះក៏មាននៅកម្ពុជាផងដែរ ដែលព្រះអង្គបានលើកឡើងនូវព្រះរាជទស្សនមួយឃ្លាផងដែរថា «ខ្ញុំសរសើរខ្លាំងៗ តែស្ដីបន្ទោសស្ងាត់ៗ»។
៦៖ «អ្វីដែលអាចទ្រាំបានត្រូវតែទ្រាំ ហើយអ្វីដែលមិនអាចទ្រាំបានក៏ត្រូវតែទ្រាំ»។ នេះជាគតិបណ្ឌិតដ៏មានឥទ្ធិពលមុតស្រួច ដែលត្រូវបានបន្លឺឡើងដោយតុលាការមុខដែក ប៉ាវ ចិន និងត្រូវបានរំលេចឡើងដែរក្នុងខ្សែភាពយន្តចិនដ៏ល្បីល្បាញទូទាំងពិភពលោក គឺរឿងសាមកុក។
៧៖ «រៀនហើយមិនរំឭកស្មើនឹងភ្លេច តាំងចិត្តហើយមិនធ្វើស្មើនឹងបរាជ័យ» និង «មនុស្សដែលបាត់បង់ភាពស្មោះត្រង់ ដូចបាត់បង់អ្វីៗទាំងអស់»។ នេះជាសុភាសិតចិន។
៨៖ «អ្នកណាឈ្នះអ្នកណាចាញ់មិនសំខាន់ទេ អ្វីដែលសំខាន់គឺកុំឲ្យជាតិបែបបាក់»។ នេះជាគតិបណ្ឌិតរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែលើកឡើងជារឿយៗប្រាប់មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋរបស់ខ្លួន។
៩៖ «បើអ្នកមិនដែលទទួលបានការរិះគន់នោះទេ អ្នកក៏មិនធ្លាប់ទទួលបានភាពជោគជ័យដែរ»។ នេះគតិបណ្ឌិតចេញពីគំនិតរបស់លោក ម៉ាលខម ហ្វបស៍ (១៩១៩-១៩៩០) អ្នកជំនួញជនជាតិអាមេរិក។
១០៖ ស្ថាបនិកសហរដ្ឋអាមេរិក លោក ប៊ិនចាមិន ហ្វ្រង់គ្លីន (១៧០៦-១៧៩០) ដែលលោកអ្នកដឹងថាជាមហាអំណាចសេដ្ឋកិច្ចដូចពេលបច្ចុប្បន្ននោះ ក៏បានបន្សល់ទុកនូវគតិបណ្ឌិតជាច្រើនផងដែរ តែក្នុងចំណោមនោះ មានមួយឃ្លាដែលលោកបានបន្លឺឡើង «ធ្វើបានល្អ ប្រសើរជាងនិយាយបានល្អ»។
មិត្តអ្នកអានប្រហែលជាបានដឹងហើយនូវគតិបណ្ឌិតទាំង១០ ដែលអង្គភាពព័ត៌មាន Fresh News បានចេញផ្សាយកាលពីសប្ដាហ៍មុន ហើយនេះជាគតិបណ្ឌិតថ្មីចំនួន១០ថ្មីទៀត។ នៅសប្ដាហ៍ក្រោយ អង្គភាពព័ត៌មានយើងខ្ញុំនឹងនាំអស់លោកអ្នកទៅស្គាល់គតិបណ្ឌិត និងទស្សនល្បីៗជាបន្តបន្ទាប់ទៀត៕