(សៀមរាប)៖ លោក ប៉ែន ផន អតីតយុទ្ធជនរស់នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលកំពុងមានជីវភាពខ្វះខាតនោះ បានសម្តែងក្តីរំភើបសប្បាយរីករាយរហូតស្រក់ទឹកភ្នែក បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាផ្តល់ផ្ទះមួយខ្នងសម្រាប់ជាទីជម្រកកក់ក្តៅនៅក្នុងជីវិត។
អ្វីដែលធ្វើឲ្យលោក ប៉ែន ផន រំភើបហួសប្រមាណនោះ គឺការផ្តល់អំណោយផ្ទះរបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើភ្លាមៗតាមទូរស័ព្ទបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ គន់ គីម នៅថ្ងៃអាទិត្យ ទី០៤ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនសមាជិកអតីតយុទ្ធជននៅស្រុកក្រឡាញ់ប្រមាណ ៣៣៦នាក់។ ក្នុងពេលសំណេះសំណាលនោះ លោកក៏បានរកឃើញអតីតយុទ្ធជន ប៉ែន ផន កំពុងជួបការលំបាកក្នុងជីវភាព និងខ្វះផ្ទះសម្បែងសម្រាប់ស្នាក់អាស្រ័យឲ្យបានសមរម្យ។ ភ្លាមៗនោះ លោក គន់ គីម ដែលជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនផងដែរនោះ ក៏បានទូរស័ព្ទសូមគោលការណ៍ពីសម្តេចតេជោ ហើយក៏ត្រូវសម្តេចតេជោសម្រេចអនុញ្ញាតឲ្យផ្តល់ផ្ទះដល់អតីតយុទ្ធជនរូបនេះតែម្តង។
ក្តីមេត្តាប្រកបដោយក្តីអានិតស្រឡាញ់ និងគួរឲ្យគោរពរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យលោក ប៉ែន ផន មិនអាចទប់ទឹកភ្នែកបាននោះឡើយ។ ជាមួយទឹកភ្នែករលីងរលោងផងនោះ លោក ប៉ែន ផន បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំរំភើបខ្លាំងណាស់ក្មួយ ខ្ញុំមិននឹកស្មានថាសម្តេចផ្តល់បានលឿនភ្លាមៗបែបនេះឡើយ។ សម្តេចតេជោ ជាមេដឹកនាំដែលល្អបំផុតសម្រាប់ខ្ញុំ និងបងប្អូនអតីតយុទ្ធជនដទៃទៀត គាត់តែងតែដោះស្រាយរាល់ទុក្ខលំបាកបងប្អូនអតីតយុទ្ធជន។ ខ្ញុំ និងគ្រួសារសូមដឹងគុណសម្តេចពេញមួយជីវិត»។
ជាមួយការទទួលបានលំនៅដ្ឋាននេះ លោក ប៉ែន ផន បានប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
សូមបញ្ជាក់ថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប នាយឧត្តមសេនីយ៍ ជា តារា ជំនួយការផ្ទាល់របស់សម្តេច និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចុះសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនសមាជិកអតីតយុទ្ធជន ៣៣៦នាក់នៅស្រុកក្រឡាញ់។
ក្នុងពិធីនោះ លោក ឃឹម ប៊ុនសុង បានថ្លែងអំណរគុណ និងកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងចុះសួរសុខទុក្ខដោះស្រាយបញ្ហាប្រឈមជូនអតីតយុទ្ធជននៅគ្រប់ទីកន្លែងរបស់នាយឧត្តមសេនីយ៍ គន់ គីម ក្នុងនាមជាសេនាធិការឲ្យសម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា៕