(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ក្រុមវេជ្ជសាស្រ្តសម្តេចតេជោ ដឹកនាំដោយលោកស្រី ហ៊ុន ម៉ាណា បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព នៅកងពលតូចអន្តរាគមន៍លេខ១២៨ ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ឡាវ សរុប ១,០៤៨នាក់ ស្ថិតក្នុងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ ព្រមទាំងក្រុមការងារជាច្រើនរូបទៀត។
ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនាពេលនេះ រួមមាន ការពិនិត្យជំងឺទូទៅ, ពិនិត្យរោគស្ត្រី, វះកាត់តូច, សម្ភពនិងអេកូសាស្ត្រ, ពិនិត្យនិងព្យាបាលមាត់ធ្មេញ, ចែកថ្នាំទម្លាក់ដង្កូវពោះវៀន និងមានរៀបចំអាហារសម្រន់រួមគ្នា ប្រកបដោយក្តីសប្បាយរីករាយ និងភាពស្និទ្ធស្នាលបំផុត។
លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលអញ្ជើញចូលរួមនាឱកាសនោះ។ ជាមួយគ្នានេះ លោកស្រី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកយាយ លោកតា មានដូចជា រទេះរុញចំនួន០៩គ្រឿង, វ៉ែនតាចំនួន ៣០០គ្រឿង, អាវមនុស្សចាស់ សំពត់ ស្បែកជើង ព្រមទាំងសម្ភារៈសិក្សាជូនសិស្សានុសិស្សមួយចំនួនផងដែរ។
ប្រជាពលរដ្ឋ និងបងប្អូនគ្រួសារកងទ័ព ដែលបានមកទទួលការពិនិត្យ និងព្យាលជំងឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី ហ៊ុន ម៉ាណា ដែលបានដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោ មកពិនិត្យ និងព្យាបាលជំងឺជូនពួកគាត់ ហើយជាពិសេសពួកគាត់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរពីសុខទុក្ខរបស់ពួកគាត់៕