(ភ្នំពេញ)៖ ស្របពេលដែល គ.ជ.ប ត្រៀមនឹងក្លាយជាសមាជិករបស់ A-Web នៃសមាគមរៀបចំការបោះឆ្នោតពិភពលោក ដែលមានទីស្នាក់ការនៅប្រទេសកូរ៉េខាងត្បូង និងដែលមានសមាជិកចំនួន១០៩ប្រទេស ព្រមទាំងទទួលបានការគាំទ្រពីមហាអំណាចចំនួន៣ នោះផង, នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះ អង្គភាពព័ត៌មាន Fresh News បានធ្វើកិច្ចសម្ភាសន៍ផ្តាច់មុខមួយ ជាមួយស្ថាប័នឯករាជ្យ គ.ជ.ប តាមរយៈអ្នកនាំពាក្យ ឌឹម សុវណ្ណារុំ ដើម្បីពន្យល់រៀបរាប់លើការងារនេះដូចខាងក្រោម៖
លោក លឹម ជាវុត្ថា៖ ពីថ្ងៃទី១២ ដល់១៤ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុង Bruxelles កិច្ចប្រជុំរួមគណៈកម្មាធិការកម្ពុជា និងសហគមអ៊ឺរ៉ុប នឹងប្រព្រឹត្តទៅនៅរៀងរាល់២ឆ្នាំម្តង ដោយផ្លាស់វេនគ្នារៀបចំឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងអ្នកនាំពាក្យ គ.ជ.ប និងឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប នឹងចូលរួមក្នុងកិច្ចប្រជុំនេះជាមួយគណៈប្រតិភូ អន្តរក្រសួងដែលដឹកនាំដោយ ឯកឧត្តម លុយ ដាវីដ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ។ តើនេះជាលើកទី១ហើយមែនទេ ដែល គ.ជ.ប ចូលរួម?
អ្នកនាំពាក្យ គ.ជ.ប៖ ត្រឹមត្រូវហើយ ចំពោះការប្រព្រឹត្តិទៅនៅទីក្រុង Bruxelles ប៉ុន្តែដូចលោក វុត្តា បានលើកឡើងថា មានការរៀបចំប្តូរវេន គ.ជ.ប ដែលតំណាងដោយ ឯកឧត្តម សោម សូរីដា ធ្លាប់បានចូលរួមកន្លងមកនៅទីក្រុងភ្នំពេញ ហើយនៅឆ្នាំ២០២០ ក្រសួងការបរទេសជាអ្នករៀបចំវិញម្តង។
លោក លឹម ជាវុត្ថា៖ តើឯកឧត្តមនឹងធ្វើបទបង្ហាញពីអ្វីខ្លះពាក់ព័ន្ធនឹងស្ថាប័ន គ.ជ.ប ?
អ្នកនាំពាក្យ គ.ជ.ប៖ ខ្ញុំនឹងធ្វើបទបង្ហាញចំនួនបីប្រធានបទពាក់ព័ន្ធនឹង គ.ជ.ប ជុំវិញប្រវត្តិនៃការកកើតស្ថាប័ន គ.ជ.ប ដែលគិតមកដល់ពេលនេះមានអាយុ២០ឆ្នាំ និង៣៣ថ្ងៃហើយ បទពិសោធន៍ និងនីតិវិធីទាំងឡាយដែលច្បាប់អនុញ្ញាត ដោយសង្កត់ធ្ងន់ថា គ.ជ.ប មិនមែនជាស្ថាប័ននយោបាយទេ គឺជាស្ថាប័នដែលអនុវត្តច្បាប់ និងបច្ចេកទេសសុទ្ធសាធ ព្រមទាំងកំណែទម្រង់ គ.ជ.ប ស្របតាមមាត្រា១៥០ថ្មី(ពីរ) ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលថា «គ.ជ.ប ជាអង្គការដែលមានសមត្ថកិច្ចរៀបចំចាត់ចែង គ្រប់គ្រងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងការបោះឆ្នោតផ្សេងៗទៀតតាមការកំណត់នៃច្បាប់។ គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ច របស់ខ្លួនប្រកបដោយឯករាជ្យ និងអព្យាក្រឹតដើម្បីធានាឲការបោះឆ្នោតប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
លោក លឹម ជាវុត្ថា៖ នៅមុនកិច្ចប្រជុំនេះ ក្រុមប្រឹក្សាសហគមអ៊ឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងស្ថានការវិវឌ្ឍន៍ចុងក្រោយនៅកម្ពុជា ឯកឧត្តមគិតថា កិច្ចប្រជុំនៅពេលខាងមុខនេះ ជាឱកាសមាសដើម្បីពន្យល់ការពិតបន្ថែមទៀតដែរឬទេ ដើម្បីឲ្យគេស្គាល់ច្បាស់ពីកម្ពុជាពិត ជាជាងកម្ពុជានៅលើទំព័រសារព័ត៌មាន?
អ្នកនាំពាក្យ គ.ជ.ប៖ អរគុណចំពោះសំណួរដ៏ល្អនេះ! ប៉ុន្តែអ្វីដែលពាក់ព័ន្ធនឹង គ.ជ.ប ខ្ញុំនឹងពន្យល់ឲច្បាស់ថា គ.ជ.ប ត្រូវតែប្រកាន់ជំហរដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយនឹងមិនប្រព្រឹត្តិ អ្វីដែលផ្ទុយទេ ហើយបទពិសោធន៍ដែល គ.ជ.ប ទទួលបានជោគជ័យក្នុងការរៀបចំការបោះឆ្នោតឃុំ សង្កាត់ ដែលគ្មាននរណាតវ៉ា និងកោតសរសើរដោយសហគមអ៊ឺរ៉ុប និងស្ថានទូតជាច្រើននោះ នឹងបន្តដូចដែលបានរៀបចំចំពោះការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតជាតិនាពេលខាងមុខ។
លោក លឹម ជាវុត្ថា៖ តើឯកឧត្តមអាចបកស្រាយជុំវិញសហគមអ៊ឺរ៉ុប បានព្យួរជំនួយបណ្តោះអាសន្ន ជាមួយស្ថាប័ន គ.ជ.ប?
អ្នកនាំពាក្យ គ.ជ.ប៖ យោបល់របស់ខ្ញុំ ការព្យួរជំនួយនេះវាជារឿងនយោបាយ មិនមែនជារឿងដែល គ.ជ.ប អនុវត្តអាណត្តិរបស់ខ្លួនមិនបានល្អនោះទេ។ មួយរយៈពេលចុងក្រោយនេះ ទូតជាច្រើនបានសុំជួបខ្ញុំ ហើយមានទូតមួយនោះ គាត់បាននិយាយត្រង់ៗជាមួយខ្ញុំថា គាត់មិនមែនមិនចង់បន្តសហការជាមួយ គ.ជ.ប ទេ ប៉ុន្តែវាជារឿងនយោបាយ។
លោក លឹម ជាវុត្ថា៖ ផ្ទុយទៅវិញ ប្រទេសជប៉ុននៅតែប្រកាសគាំទ្រ ដោយទើបបានចុះហត្ថលេខា ជាមួយក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២១ ខែកុម្ភៈ សន្យាផ្តល់ជំនួយចំនួន ៨០០លានយ៉េន ដែលស្មើនឹង ៧លាន៥សែនដុល្លារ សម្រាប់ការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ ហើយការផ្តល់ជំនួយនេះ ប្រទេសចិនក៏បានប្រកាសជួយដែរមែនទេ?
អ្នកនាំពាក្យ គ.ជ.ប៖ អរគុណលោក វុត្តា! ប្រទេសជប៉ុននឹងផ្តល់ហិបឆ្នោតចំនួនជាង១០០០០ និងសម្ភារៈមួយចំនួនទៀត សម្រាប់បម្រើឲ្យការបោះឆ្នោតនាពេលខាងមុខ។ មិនត្រឹមតែប៉ណ្ណឹងទេ ស្ថានទូតជប៉ុនក៏បានដាក់អ្នកសង្កេតការណ៍ផងដែរ ជាមួយស្ថានទូតម៉ាឡេស៊ី កាលពីថ្ងៃទី២៥ ខៃកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះហើយនេះជាលើកទី១ហើយ ក្នុងប្រវត្តិនៃការបោះឆ្នោត ព្រឹទ្ធសភា ដែលមានអ្នកសង្កេតការណ៍អន្តរជាតិ។ ដោយឡែកប្រទេសចិន ក៏នឹងផ្តល់សម្ភារៈផងដែរ ហើយនឹងមកដល់មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
លោក លឹម ជាវុត្ថា៖ ទន្ទឹមនឹងនេះ សហព័ន្ធរុស្សី នឹងត្រៀមជួយដែរមែនឬទេ ? ពីព្រោះឯកឧត្តមទទួលបានសិទ្ធិប្រទានពីឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ដើម្បីចុះហត្ថលេខាជាមួយ គណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោត នៃសហព័ន្ធរុស្សី នោថ្ងៃទី១៩ ខែមីនា ខាងមុខនេះ?
អ្នកនាំពាក្យ គ.ជ.ប៖ បន្ទាប់ពីការងារនៅទីក្រុង Bruxelles ខ្ញុំនឹងបន្តដំណើរទៅទីក្រុងម៉ូស្គូ តាមការអញ្ជើញរបស់គណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោត នៃសហព័ន្ធរុស្សី ដែលនៅទីនោះ យើងនឹងសង្កេតការណ៍ការបោះឆ្នោតប្រធានាធីបតី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ និងចុះហត្ថលេខាលើពិធីសារនៃកិច្ចសហការរវាង គ.ជ.ប និងគណៈកម្មាធិការកណ្តាល រៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្សី។ លើសពីនេះទៀត គ.ជ.ប បានសម្រេចកាលពីពេលថ្មីៗនេះ នឹងចូលសមាជិករបស់ A-Web សមាគមរៀបចំការបោះឆ្នោតពិភពលោក ដែលមានទីស្នាក់ការនៅប្រទេសកូរ៉េខាងត្បូង និងដែលមានសមាជិកចំនួន ១០៣ប្រទេស។
លោក លឹម ជាវុត្ថា៖ សូមអរគុណឯកឧត្តមដែលបានផ្តល់បទសម្ភាសន៍ផ្តាច់មុខ ជាមួយអង្គភាពព័ត៌មាន Fresh News នៅមុនបេសកកម្មរបស់ឯកឧត្តម ក្នុងនាម គ.ជ.ប នៅក្នុងវេទិកាអ៊ឺរ៉ុប និងសហព័ន្ធរុស្សី។ តាមរយៈចម្លើយរបស់ឯកឧត្តម គ.ជ.ប មានការគាំទ្រពីមហាអំណាច រុស្សី ចិន ជប៉ុន និងមានបណ្តាញនៅក្នុងតំបន់ និងនៅលើពិភពលោក បើទោះបីសហគមអ៊ឺរ៉ុប បានប្រកាសព្យួរជំនួយមក គ.ជ.ប និងសហរដ្ឋអាមេរិក ប្រកាសមិនទទួលស្គាល់ការបោះឆ្នោត នាពេលខាងមុខក៏ដោយ។ ដូច្នេះ គ.ជ.ប នឹងកាន់តែជាស្ថាប័នរឹងមាំ ដើម្បីអនាគត និងកូនចៅជំនាន់ក្រោយបន្តវេន៕
សកម្មភាពសត្វដំរីដឹកជញ្ជូនសន្លឹក, សកម្មភាពដឹកសន្លឹកឆ្នោតតាមម៉ូតូឆ្លងកាត់ទឹកហូរ និងសកម្មភាពប្រជាពលរដ្ឋឈរតម្រង់ជួរចូលបោះឆ្នោត ដែលនេះជាសកម្មភាពបង្ហាញពីភាពអព្យាក្រឹត្យយ៉ាងជាក់ច្បាស់