(ព្រះសីហនុ)៖ ស្ថានភាពការងារកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលជាវិស័យដ៏សំខាន់មួយជួយលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរនោះ នៅតែរក្សាបានភាពល្អប្រសើរនៅក្នុងឆ្នាំ២០១៨នេះ ទាំងការផលិត និងការបញ្ជាទិញពីក្រុមហ៊ុនបញ្ជាទិញធំៗនៅលើពិភពលោក។ នេះបើតាមការបញ្ជាក់របស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេង សួរ បានលើកឡើងថា វិស័យការងារកាត់ដេរនៅកម្ពុជានៅក្នុងឆ្នាំ២០១៨នេះ នៅតែអាចធានាបានភាពរឹងមាំក្នុងការផ្តល់ការងារជូនកម្មករ កម្មការិនី។ ជាពិសេសនៅឆ្នាំ២០១៨នេះ មិនត្រឹមតែអាចរក្សាបានចំនួនរោងចក្រចាស់ទេ ថែមទាំងមានវត្តមានរោងចក្រថ្មីជាច្រើនបានកើតឡើង។
«បើតាមព័ត៌មានដែលយើងចុះតាមរោងចក្រ សហគ្រាសការបញ្ជាទិញរបស់គាត់មានតាំងពីឆ្នាំ២០១៧ ហើយឆ្នាំ២០១៨ ហើយការបញ្ជាទិញឆ្នាំ២០១៨នេះ ច្រើនជាងឆ្នាំ២០១៧។ អ៊ីចឹងជារួមសុខភាពសេដ្ឋកិច្ចរបស់យើង ជាពិសេសពាក់ព័ន្ធវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនេះនៅមានភាពរឹងមាំ ដែលអាចធានាបាននូវការងារជូនបងប្អូនយើង។ មិនត្រឹមតែរក្សារោងចក្រចាស់ទេ ទន់វិនិយោគទៅក្នុងវិស័យនេះ ក៏មានការកើនឡើង ហើយបន្ថែមពីនេះ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក៏មានការកើនឡើងជាបន្តបន្ទាប់»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
របាយការណ៍របស់លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ឆ្នាំ២០១៨នេះ វិស័យការងារបន្តអភិវឌ្ឍរីកចម្រើន ក្នុងនោះសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានចំនួនសរុបរហូតដល់ ១២,២៨៧គ្រឹះស្ថាន កើនចំនួន ១០.០២% និងមានកម្មករនិយោជិតសរុបចំនួន ១,៤៣៧,៧៩៤នាក់ កើនចំនួន ២១.១១% (ស្រី ៨២០,៧៨៧នាក់) ធៀបនឹងឆ្នាំ២០១៦ ព្រមទាំងផ្ដល់ការងារធ្វើដោយប្រយោលដល់ប្រជាពលរដ្ឋបានយ៉ាងច្រើន។
វិស័យការងារកាត់ដេរ និងសម្លៀកបំពាក់បាននិងកំពុងរកប្រាក់ចំណូលបានយ៉ាងច្រើនចាក់ចូលទៅក្នុងសេដ្ឋកិច្ចជាតិ និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរផងដែរ។ ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News កម្មករ កម្មការិនី ដែលកំពុងធ្វើការនៅក្នុងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការងារក្នុងវិស័យវាយណភណ្ឌបានធ្វើឲ្យពួកគេមានការងារមួយច្បាស់លាស់ និងមានប្រាក់ចំណូលប្រចាំខែទៀងទាត់ បើទោះបីវាមិនទាន់ហូរហៀរក៏ដោយនោះ។
កម្មករ កម្មការិនី ដែលអ្នកខ្លះពីមុនធ្លាប់តែដើរចូលព្រៃកាប់អុស និងកាច់ត្រពាំងលក់ជាដើមនោះ បានលើកបង្ហាញថា វត្តមានរោងចក្រ សហគ្រាសដែលកំពុងមាននៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ជីវភាពរបស់ពួកគេ ហើយរំពឹងថា ស្ថានភាពការងារ និងប្រាក់ឈ្នួលកាន់តែប្រសើរថែមទៀតផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញវិស័យឧស្សាហកម្មនៅកម្ពុជា។ ចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញកម្មវិធីចុះជួបកម្មករ និយោជិតជាបន្តបន្ទាប់ ដែលរហូតមកដល់ថ្ងៃអាទិត្យ ទី០៤ ខែមីនា ឆ្នាំ២០១៨ មានចំនួន ៣៣លើកហើយ ហើយមានកម្មករ កម្មការិនីជិត ៤០នាក់ហើយត្រូវសម្តេចបានជួបដោយផ្ទាល់។
លោករដ្ឋមន្ត្រី អ៉ិត សំហេង ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យការងារ បានគូសបញ្ជាក់ថា តាមរយៈការចុះជួបដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យមានស្ថិរភាព ការរក្សា និងបង្កើតការងារជូនកម្មករ និយោជិត ការសម្រួលដល់ការវិនិយោគ ការលើកកម្ពស់ជីវភាព និងអត្ថប្រយោជន៍របស់កម្មករ និយោជិត និងនិយោជក និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យឧស្សាហកម្ម៕
ខាងក្រោមជាវីដេអូបទសម្ភាសន៍រវាងអង្គភាពព័ត៌មាន Fresh News ជាមួយអ្នកនាំពាក្យក្រសួងការងារ និងកម្មករ កម្មការិនីស្តីពីស្ថានភាពការងារនៅកម្ពុជា៖