(ភ្នំពេញ)៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ នៅរសៀលថ្ងៃអាទិត្យ ៣រោច ខែផល្លុន នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញរៀបចំពិធីសាសានក្រុងពាលីសូត្រមន្តតាមបែបព្រះពុទ្ធសាសនា ក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តឈូកវ៉ា ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
កម្មវិធីនេះធ្វើឡើងដើម្បីសូមសេចក្តី សុខចំរើន បែបព្រះពុទ្ធសាសនា មុននឹងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពសំណេះសំណាល និងកាត់ខ្សែបូរ ដាក់សម្ពោធឲ្យ ប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ស្អែកនេះ។
តាមគម្រោងនឹងមានការចូលរួមពីមន្ត្រីរាជការ ប្រជាពលរដ្ឋ តាជី យាយជី សិស្សានុសិស្សចំនួន៥០០០នាក់ ក្នុងនោះ មានប្រជាពលរដ្ឋមកពីខណ្ឌព្រែកព្នៅចំនួន២៥០០នាក់ ប្រជាពលរដ្ឋមកពីខណ្ឌសែន សុខ១០០០នាក់ ប្រជាពលរដ្ឋមកពីខណ្ឌពោធិ៍សែនជ័យ ចំនួន១០០០នាក់ ក្រៅពីនេះមានសិស្សានុសិស្សចំនួន៨០០នាក់ចូលរួមផងដែរ៕