(ម៉ាឡេស៊ី)៖ អ្នកសារព័ត៌មាន Fresh News រួមទាំងភ្នាក់ងារព័ត៌មានមកពីស្ថាប័នផ្សេងៗក្នុងប្រទេសកម្ពុជា-ឡាវជាង១០ស្ថាប័នទៀត ត្រូវបានអញ្ជើញឱ្យធ្វើទស្សនកិច្ច និងទេសចរ នៅតំបន់ទេសចរណ៍សំខាន់ៗជាច្រើន ក្នុងប្រទេសម៉ាឡេស៊ី នាអំឡុងចុងសប្តាហ៍នេះ។
ដំណើរកម្សាន្តនេះ មានរយៈពេល៦ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០៣ និងបញ្ចប់នៅទី០៨ ខែមីនា ឆ្នាំ២០១៨ ដែលរៀបចំដោយក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី របស់ក្រសួងទេសចរណ៍ និងវប្បធម៌ម៉ាឡេស៊ី និងចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុនអាកាសចរណ៍ AirAsia ក្នុងគោលបំណងបង្ហាញអំពីសមទ្ធផលថ្មីៗក្នុងវិស័យទេសចរណ៍របស់ម៉ាឡេស៊ី។
នេះគឺជាដំណើរកម្សាន្ត និងទេសនកិច្ចទេសចរប្រចាំឆ្នាំលើកទី២ហើយ សម្រាប់អ្នកសារព័ត៌មានកម្ពុជា ក៏ដូចជាអាស៊ានដែលត្រូវបង្កើតឡើង ដើម្បីជំរុញទំនាក់ទំនងវិស័យទេសចរទៅកាន់ប្រទេសម៉ាឡេស៊ី ក៏ដូចជាទំនាក់ទំនងទេសចរម៉ាឡេស៊ី ទៅបណ្តាប្រទេសតំបន់អាស៊ានផងដែរ។
លោក ហុង មិនា អ្នកថតរូបដ៏ជំនាញរបស់កាសែតភ្នំពេញប៉ុស្តិ៍ ដែលបានចូលរួមដំណើរកម្សាន្តនេះ បានលើកឡើងថា ការរៀបចំដំណើរកម្សាន្តនេះ គឺជាការជំរុញទំនាក់ទំនងទេសចរដ៏ល្អរវាងកម្ពុជា និងម៉ាឡេស៊ី។ ដោយឡែកកញ្ញា ម៉ៅ ចរិយា អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានជាតិកម្ពុជា (AKP) បាននិយាយថា វាជារឿងល្អណាស់ដែលប្រទេសអាស៊ាន ដូចជាម៉ាឡេស៊ី រៀបចំដំណើរកម្សាន្តសម្រាប់អ្នកយកព័ត៌មានរបស់អាស៊ាន ដើម្បីលើកទឹកចិត្តអ្នកសារព័ត៌មាន ព្រោះអ្នកព័ត៌មានគឺជាអ្នកផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ទាំងនោះមុនគេ។
ក្នុងដំណើរកម្សាន្ត៦ថ្ងៃនេះ ក្រុមអ្នកសារព័ត៌មានកម្ពុជា-ឡាវ ត្រូវបានណែនាំទៅកាន់តំបន់ទេសចរណ៍សំខាន់ៗមួយចំនួនរបស់ម៉ាឡេស៊ី ដូចជា KL Tower កម្ពស់៤២០ម៉ែត្រ នៅកណ្តាលរដ្ឋធានីកូឡាឡាំពួរ សម្រាប់មើលទេសភាពរដ្ឋធានីនេះទាំងមូលនេះ, KLCC អគារភ្លោះដ៏ខ្ពស់បំផុតរបស់ម៉ាឡេស៊ី ហើយជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់បំផុតរបស់ក្រុងកូឡាឡាំពួ, រដ្ឋម៉ាឡាកា (Meleka) តំបន់ទេសចរណ៍វប្បធម៌, Port Dickson ក្រុងទេសចរណ៍មាត់សមុទ្រ និងសួនសត្វ, តំបន់ទេសចរណ៍ Sunway ដែលសំបូរទៅដោយមជ្ឈមណ្ឌលកម្សាន្តបែបទំនើប ពោរពេញដោយការច្នៃប្រឌិត និងទៅកាន់រដ្ឋ Putrajaya ដែលជាតំបន់ឧស្សាហកម្មទំនើប សម្បូរបែប នៅចុងសតវត្សទី២០របស់ម៉ាឡេស៊ី។
នៅក្នុងទស្សនកិច្ច និងទេសចរណ៍នេះ ក្រុមអ្នកសារព័ត៌មានកម្ពុជា-ឡាវ ជាង១០រូប ក៏ត្រូវបានផ្តល់ការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ ប្រចាំនៅតំបន់នីមួយៗ ក្នុងនោះរួមមានដូចជា សណ្ឋាគារ Berjaya Times Square Hotel នៅកូឡាឡាំពួរ, Hatten Hotel Melaka នៅរដ្ឋមីឡាកា, Lexis Hotel & Grand Lexis Hotel នៅក្រុង Port Dickson, Sunway Resort Hotel & Spa នៅក្រុង Sunway និងសណ្ឋាគារ Pulse Grande Hotel Putrajaya ជាដើម។
លោកស្រី សៅ រដ្ឋា ប្រធានផ្នែកទីផ្សារ នៃក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី (Tourism Malaysia) បាននិយាយថា ការរៀបចំដំណើរកម្សាន្តសម្រាប់អ្នកសារព័ត៌មាននេះ គឺដើម្បីចូលរួមចំណែកពង្រីកបន្ថែមអំពីវិស័យទេសចរណ៍ម៉ាឡេស៊ី នៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ាន។ លោកស្រីសង្ឃឹមថា ដំណើរកម្សាន្តនេះ នឹងនាំភ្ញៀវទេសចរកម្ពុជា បានស្គាល់នូវតំបន់ទេសចរណ៍ថ្មីៗ របស់ម៉ាឡេស៊ីបន្ថែមទៀត។
ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់ទី៩ ក្នុងចំណោមប្រទេសដែលទទួលបានភ្ញៀវទេសចរច្រើនបំផុត នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ៥ នៅតំបន់អាស៊ី។ ក្រសួងទេសចរណ៍ម៉ាឡេស៊ី បានដាក់ផែនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានជាង ៣៣លាននៅឆ្នាំ២០១៨។ ឆ្នាំ២០១៦ មានភ្ញៀវទេសចរជាង២៦.៨លាននាក់ បានទៅដល់ប្រទេសម៉ាឡេស៊ី ដែលផ្តល់ចំណូលដល់ប្រទេសអាស៊ានមួយនេះ ចំនួន៨២.១ពាន់លានរីងហ្គីត ដែលស្មើនឹងប្រមាណជាង២១ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ដោយឡែកឆ្នាំ២០១៧ កន្លងទៅនេះ ក្នុងមួយខែៗ ម៉ាឡេស៊ីទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២លាននាក់ ប៉ុន្តែចំនួនសរុបប្រចាំឆ្នាំ មិនទាន់ត្រូវបានបង្ហាញជាផ្លូវការនៅឡើយទេ៕