(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨នេះ រដ្ឋបាលខណ្ឌដូនពេញ បានប្រារព្ធកម្មវិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី៦ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទាំងអស់គ្នា» និងអបអរសាទរខណ្ឌដូនពេញ រាជធានីភ្នំពេញ បានទទួលពានរង្វាន់ជ័យលាភីទីក្រុងស្អាត «ផ្ការំដួល៣ទង» ជាលើកទី២ សម្រាប់ឆ្នាំ ២០១៨-២០២១ បន្តទៀតក្រោមវត្តមានលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ, លោកស្រី គឹម សុវណ្ណា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងលោក សេង គ្រី តំណាងមន្ទីរបរិស្ថានរាជធានីភ្នំពេញ។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខណ្ឌ លោក នាយក-នាយករងខណ្ឌ លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យជំនាញចំណុះរដ្ឋបាលខណ្ឌ លោក លោកស្រីចៅសង្កាត់ទាំង១១ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការក្រោមឱវាទ ប្អូនៗសិស្សានុសិស្ស យុវជន សសយក ខណ្ឌ-សង្កាត់ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងមានការនិមន្ត ចូលរួមពីសំណាក់ព្រះសង្ឃក្នុងវត្តទាំង៧ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានសរុបប្រមាណ៧០០នាក់ផងដែរ។

កម្មវត្ថុនៃកម្មវិធីខាងលើរួមមាន៖
ទី១៖ អានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមតិផ្សព្វផ្សាយ អប់រំ បរិស្ថាន អនាម័យ សន្តិសុខ សុវត្ថិភាព ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋនៅទីក្រុង និងអបអរសាទរ ចំពោះខណ្ឌដូនពេញ បានទទួលជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទងជាលើក២ដោយសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ 

ទី២៖ លោក សុខ ពេញវុធ ដឹកនាំបែងចែកគោល៤គោលដៅ ដើម្បីយុទ្ធនាការ រើសសំរាម ផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង អំពីភាពស្អាតនៃទីក្រុង
*សួនច្បារមុខ CDC និងផ្លូវលេខ៤៧ ជាមួយសួនច្បាររង្វង់មូលកួចកាណុង មុខទូតបារាំង ដឹកនាំដោយសង្កាត់ ស្រះចក សង្កាត់វត្តភ្នំ (១០០ នាក់)
*សួនច្បារមាត់ទន្លេ ជាមួយសួនច្បារមុខវាំង ដឹកនាំដោយ លោកអភិបាលខណ្ឌផ្ទាល់ និងសង្កាត់ផ្សារកណ្តាលទី១ ទី២ សង្កាត់ជ័យជំនះ និងសង្កាត់ចតុមុខ១៥០ អង្គ-នាក់
*សួនច្បារផ្សារចាស់ ដល់ស្ថានីយរថភ្លើង ដឹកនាំដោយសង្កាត់ផ្សារចាស់ សង្កាត់ផ្សារថ្មីទី១ ទី២ ទី៣ និងសង្កាត់ បឹងរាំង (១៥០នាក់)
*តាមទីរួមផ្សារទាំង៣ ដឹកនាំដោយប្រធានផ្សារនីមួយ (៣០០នាក់)។

ជាមួយគ្នានេះ សង្កាត់ទាំង១១ ក៏បានផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងក្នុងវាទិសាធារណៈរបស់ខ្លួនដល់ប្រជាពលរដ្ឋ និងអាជីវកម្មផងដែរ៕