(ព្រះសីហនុ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ចប់បេសកកម្ម រយៈពេល២ថ្ងៃជាប់គ្នា ក្នុងការជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ-កម្មការិនី សរុបប្រមាណ៤ម៉ឺននាក់ ដែលមកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេស នៃខេត្តព្រះសីហនុ។
សម្រាប់ជួបជាមួយបងប្អូនកម្មករ-កម្មការិនី នៅខេត្តព្រះសីហនុនេះ គឺជាលើកទី១ហើយ នៅក្នុងយុទ្ធនាការដាក់ចេញផែនការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចុះជួបកម្មករ-កម្មការិនីផ្ទាល់ នៅតាមរោងចក្រឲ្យបាន២ថ្ងៃ ក្នុងមួយសប្តាហ៍តាំងពីខែសីហា ឆ្នាំ២០១៧ ដោយការជួបជាច្រើនលើកជាមួយបងប្អូនកម្មករ-កម្មការិនី នៅតាមរោងចក្រ បានធ្វើរួចហើយភាគច្រើន គឺនៅក្នុងរាជធានីភ្នំពេញតែម្តង។
ជំនួបទ្រង់ទ្រាយធំនៅខេត្តមាត់សមុទ្រនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានកំណត់យករយៈពេល២ថ្ងៃ ដោយកាលពីថ្ងៃដំបូងនៅថ្ងៃទី០៣ ខែមីនាម្សិលមិញ ដែលមានកម្មករ-កម្មការិនី ប្រមាណ២ម៉ឺនាក់ចូលរួម ហើយសម្រាប់ជំនួបនៅព្រឹកមិញនេះ ក៏មានកម្មករ-កម្មការិនី ប្រមាណ២ម៉ឺនចូលរួមដូចគ្នាផងដែរ។
ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីនៅចំពោះកម្មករ និយោជិតនៅខេត្តព្រះសីហនុថា ប្រាក់ឈ្នួលអប្បបរមាមិនមែននៅទ្រឹងត្រឹម១៧០ដុល្លារ នាឆ្នាំ២០១៨នេះឡើយ គឺនឹងត្រូវឡើងរាល់ឆ្នាំ តែកម្រិតដំឡើងត្រូវមានការជជែកគ្នា ជាមួយភាគីថៅកែរោងចក្រ។
សម្តេចបានរំលឹកកម្មករ កម្មការិនីថា រឿងមួយដែលត្រូវចងចាំនោះគឺ ជីដូនដូនជីតារបស់ពួកគេ ឆ្លងកាត់ការលំបាកខ្លាំងណាស់ ទម្រាំជួយឲ្យកូនចៅ មានលទ្ធភាពដូចពេលបច្ចុប្បន្ន ជាពិសេសក្មេងៗជំនាន់នេះ មានភព្វសំណាងមិនបានឆ្លងកាត់ទុក្ខសោកដោយភ្លើងសង្គ្រាមដូចជីដូនជីតា ឪពុកម្តាយរបស់ពួកគេ ដែលត្រូវបានឆ្លងកាត់នូវដំណាក់កាល ពោរពេញដោយទុកសោក។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងដម្កល់ផលប្រយោជន៍ពលរដ្ឋក្នុងក្រអៅបេះដូង បានប្រាប់កម្មករថា ដើម្បីមានរោងចក្រ សហគ្រាសនេះ គឺទាមទារឲ្យមានសន្តិភាព បើគ្មានសន្តិភាព គ្មាននរណាមកវិនិយោគបង្កើត រោងចក្រនៅកម្ពុជានោះឡើយ។ ក្នុងន័យនេះ សម្តេចបានអំពាវនាវឲ្យកម្មករ និយោជិត ត្រូវរួមគ្នាការពារនូវសន្តិភាព ដែលកំពុងគ្របដណ្តប់នៅកម្ពុជានាពេលបច្ចុប្បន្ន។
បើតាមសម្ដេចនាយករដ្ឋមន្ដ្រី ផឹកទឹកត្រូវនឹកប្រភព ហូបផ្លែឈើត្រូវនឹកដល់អ្នកដាំ ដែលសម្ដេចថា មិនចាំបាច់នឹកដល់គុណបំណាច់ របស់គណបក្សប្រជាជនកម្ពុជានោះទេ តែគួរនឹកដល់ការប្រឹងប្រែងរបស់ឪពុកម្តាយ និងប្រជាពលរដ្ឋខ្មែរជាច្រើនទៀត បានតស៊ូ និងពលីកម្មយ៉ាងច្រើន ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ជាពិសេសការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ការពាររបបនេះមិនឲ្យវិលត្រឡប់មកវិញ និងរួមគ្នាជំរុញការអភិវឌ្ឍជាតិឲ្យមកកាន់ដំណាក់កាលដូចពេលបច្ចុប្បន្ន។
បច្ចុប្បន្នជាដំណាក់កាលដែលជំរុញឲ្យសម្តេច ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើវិស័យឧស្សាហកម្ម ដែលជាហេតុត្រូវឲ្យសម្តេចចុះជួបជាមួយកម្មករ កម្មការិនី ដែលផ្ទុយពីអតីតកាលឃើញសម្តេចនៅតាមវាលស្រែ ប្រឡាយទឹក ដើម្បីជំរុញវិស័យកសិកម្ម និងការដាំដុះគ្រាដែលកម្ពុជាកំពុងជួបគ្រោះខ្វះស្បៀងអាហារ។ នេះជាការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន។
សូមជម្រាបថា ក្នុងកិច្ចសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីអត្ថប្រយោជន៍នានាសម្រាប់កម្មករ កម្មការិនី ដែលរាជរដ្ឋាភិបាល ទើបដាក់ចេញផងដែរ ដូចជាអនុញ្ញាតឲ្យកម្មករ កម្មការិនីពិនិត្យ ព្យាបាលជំងឺតាមមន្ទីរពេទ្យរដ្ឋមិនអស់ប្រាក់, ការឧបត្ថម្ភដល់កម្មការិនីពេលសម្រាលកូន, អនុញ្ញាតឲ្យកម្មការិនីមានផ្ទៃពោះចេញធ្វើការមុនម៉ោង ១៥នាទី, ការតទឹកតភ្លើងដល់ផ្ទះ និងបន្ទប់ជួល, ការសម្រេចឲ្យកម្មករ កម្មការិនីទទួលបានប្រាក់សោធននិវត្តន៍ចាប់ពីឆ្នាំ២០១៩តទៅ ក្រោយបំពេញការងារបានរយៈពេល២៥ឆ្នាំជាដើម៕