(ភ្នំពេញ)៖ នៅវេលាម៉ោង០៨:០០នាទីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្រុមចោរឆក់ វ័យក្មេងឆ្លងខេត្ត៤នាក់ ដែលធ្វើសកម្មភាពឆក់រហូតដល់រាប់ភ្លេចទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។
ក្រុមចោរវ័យក្មេងទាំង៤នាក់នេះ មាន៖
ទី១៖ ឈ្មោះ គ្រន ផានិត ភេទប្រុស អាយុ១៩ឆ្នាំ
ទី២៖ ឈ្មោះ ហ៊ូ រឹទ្ធារាជ ភេទប្រុស អាយុ១៧ឆ្នាំ
ទី៣៖ ឈ្មោះ ចាន់ សុខយ៉ា ហៅវ៉ា ភេទប្រុស អាយុ១៨ឆ្នាំ
ទី៤៖ ឈ្មោះ ហ៊ុត សុវណ្ណលី ហៅឌី ភេទបុ្រស អាយុ១៥ឆ្នាំ។
ដំបូងឡើយកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២១:១៥នាទីឈ្មោះ គ្រន ផានិត បានធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះ ឈ្មោះ តាវ ចាន់ណា ហៅអាណា ភេទស្រី អាយុ២៥ឆ្នាំ នៅចំណុច ផ្លូវលេខ១៧៤ កែវផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈដែលជនរងគ្រោះកំពុងដើរចេញពីបារបារាំង ឆ្ពោះទៅជិះរថយន្ត។ ក្នុងអំឡុងពេលធ្វើសកម្មភាពឆក់ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃើញក៏ប្រដេញតាមភ្លាមៗ ហើយជនសង្ស័យ បានព្យាយាមជិះម៉ូតូរត់គេចខ្លួន រហូតដល់ចំណុច ផ្លូវ១៣០ កែងផ្លូវ១៣ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ក៏ត្រូវអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបានតែម្តង។
ក្រោមវិធានការណ៍ជំនាញ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវយ៉ាងសស្រាក់សស្រាំ រហូតដល់ល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ឃាត់ខ្លួនបក្សពួកម្នាក់ទៀត ឈ្មោះ ហ៊ូ រឹទ្ធារាជ ភេទប្រុស អាយុ១៧ឆ្នាំ និងបានបន្តស្រាវជាវរហូតដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ឃាត់ខ្លួនបានបក្សពួក២នាក់ បន្ថែមទៀតមានឈ្មោះ ចាន់ សុខយ៉ា ហៅវ៉ា ភេទប្រុស អាយុ១៨ឆ្នាំ, ឈ្មោះ ហ៊ុត សុវណ្ណលី ហៅឌី ភេទបុ្រស អាយុ១៥ឆ្នាំ។
ពួកគេទាំង៤នាក់នេះ គឺជាចោរឆក់វ័យក្មេង ដែលមានចិត្តហានក្លា ទៅដល់ទីណា គឺធ្វើសកម្មភាពឆក់នៅទីនោះ មិនថា ពេលយប់ឬពេលថ្ងៃ មិនថានៅរាជធានីភ្នំពេញ ឬនៅខេត្តឡើយ ឲ្យតែជួបជនរងគ្រោះដែលប្រហែស គឺឆក់ទាំងអស់ ហើយភាគច្រើនគឺឆក់ទៅលើជនបរទេស។
ទីតាំងដែលពួកគេ ចាំបានច្បាស់រួមមាន៖
ទី១៖ ឆក់កាបូបពីជនរងគ្រោះឈ្មោះ តាវ ចាន់ណា ហៅអាណា ភេទស្រី អាយុ២៥ឆ្នាំ នៅចំណុច ផ្លូវលេខ១៧៤ កែវផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈដែលជនរងគ្រោះកំពុងដើរចេញពីបារបារាំង ឆ្ពោះទៅជិះរថយន្ត
ទី២៖ ឆក់នៅលើស្ពានហង្សកោះពេជ្របានចំនួន៣លើក បានទូរស័ព្ទដៃ៣គ្រឿង ម៉ាក OPPO ចំនួន១គ្រឿង ហើយបានលក់នៅផ្សារបឹងត្របែកបានតម្លៃ៤០ដុល្លារអាមេរិក, IPHONE6 PLUS ចំនួន១គ្រឿង លក់បានតម្លៃ៥០ដុល្លារអាមេរិក, IPHONE7 PLUS ចំនួន១គ្រឿង លក់បានតម្លៃ៤០០ដុល្លារអាមេរិក
ទី៣៖ ឆក់បានកាបូបស្ពាយពីជនបរទេស ដែលធ្វើដំណើរលើដងផ្លូវ នៅចំណុចខាងក្រោយព្រះបរមរាជវាំង បានប្រាក់ចំនួន១២០ដុល្លារអាមេរិក
ទី៤៖ ឆក់បានកាបូបស្ពាយពីស្រ្តីជនបរទេស ធ្វើដំណើរលើដងផ្លូវ នៅចំណុចក្បែរផ្សាររាត្រី បានប្រាក់ចំនួន៣៥០ដុល្លារអាមេរិក។
ទី៥៖ ឆក់បាន IPAD ពីស្រ្តីជនបរទេស ធ្វើដំណើរលើដងផ្លូវ នៅចំណុចក្រោយសាលារៀនស៊ីសុវត្ថិ លក់បាន៥០ដុល្លារអាមេរិក
ទី៦៖ ឆក់បានកាបូបស្ពាយពីបុរសជនបរទេស ធ្វើដំណើរលើដងផ្លូវ នៅចំណុចក្បែរផ្សារអ៊ីអន បានប្រាក់៦០០ដុល្លារអាមេរិក
ទី៧៖ ឆក់បានកាបូបស្ពាយពីស្រ្តីជនបរទេស ធ្វើដំណើរលើដងផ្លូវ នៅចំណុចខាងក្រោយវត្តទួលទំពួង បានប្រាក់២២០ដុល្លារអាមេរិក និងទូរស័ព្ទដៃ ០១គ្រឿងម៉ាក សាំសុង លក់បានតម្លៃ ១៣០ដុល្លារអាមេរិក
ទី៨៖ ឆក់បានទូរស័ព្ទដៃ១គ្រឿង ម៉ាក VIVO ពីបុរសជនបរទេស ធ្វើដំណើរលើដងផ្លូវ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ ផ្លូវមុនីវង្ស លក់បានតម្លៃ ៨០ដុល្លារអាមេរិក
ទី៩៖ ឆក់បានកាបូបពីបុរសជនបរទេស ធ្វើដំណើរលើដងផ្លូវ នៅចំណុចក្បែររង្វង់មូលសម្តេចសង្ឃជួនណាត បានប្រាក់៣៣០ដុល្លារអាមេរិក
ទី១០៖ ឆក់កាបូបពីស្រ្តីជនជាតិចិន ធ្វើដំណើរលើដងផ្លូវជាមួយមិត្តភក្តិ នៅចំណុចផ្សារធំថ្មី បានប្រាក់១១០ដុល្លារអាមេរិក និងខ្សែ ក មួយខ្សែរ លក់បានតម្លៃ ៣៤០ដុល្លារអាមេរិក
ទី១១៖ ឆក់បានទូរស័ព្ទដៃ ០១គ្រឿង ពីជនបរទេស នៅចំណុចខាងក្រោយផ្សារអ៊ីអន លក់បានតម្លៃ ១២០ដុល្លារអាមេរិក
ទី១២៖ ឆក់បានទូរស័ព្ទដៃ០១គ្រឿង នៅចំណុចក្បែរសារមន្ទីរទួលស្លែង
ទី១៣៖ ឆក់បានទូរស័ព្ទដៃ ០១គ្រឿង នៅចំណុចផ្សារទួលទំពូង
ទី១៤៖ ឆក់បានទូរស័ព្ទដៃ ០១គ្រឿងផ្សេងទៀត នៅចំណុចផ្សារទួលទំពូងដដែល
ទី១៥៖ អំឡុងខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល០៨យប់ ឆក់បានកាបូប ពីនារីជនរងគ្រោះ ០១នាក់ កំពុងឈរទិញបង្អែម បានសម្រេច នៅចំណុចម្តុំសាលាជម្ពូវ័ន្ត ចោមចៅ ដោយក្នុងកាបូបនោះ មានប្រាក់ ៥ដុល្លារអាមេរិក និងទូរស័ព្ទដៃម៉ាក សាំសុង ០១គ្រឿង
ទី១៦៖ អំឡុងខែឧសភា ឆ្នាំ២០១៧ ពេលយប់ឆក់បានកាបូបពីនារីជនរងគ្រោះ ០១នាក់ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ នៅចំណុចផ្លូវខាងក្រោយព្រះបរមរាជវាំង បានសម្រេច តែត្រូវសមត្ថកិច្ចដេញតាម និងឃាត់ខ្លួនបានបក្ខពួកម្នាក់ ឈ្មោះ អាឡា
ទី១៧៖ បានធ្វើសកម្មភាពឆក់ នៅក្រុងព្រះសីហនុ មានគ្នា០៦នាក់ តែត្រូវសមត្ថកិច្ចក្រុងព្រះសីហនុឃាត់ខ្លួនបាន០៤នាក់ ពេលធ្វើសកម្មភាពឆក់នៅក្រុងព្រះសីហនុទី១៨៖ បានឆក់ជាច្រើនកន្លែងទៀត ក្នុងរាជធានីភ្នំពេញ តែចាំពេលវេលា និងទីកន្លែងមិនបាន។
ហើយកាលពីពេលថ្មីៗនេះ បក្ខពួកគេម្នាក់ទៀត ឈ្មោះ ជីមី ក៏ត្រូវសមត្ថកិច្ចក្រុងព្រះសីហនុ ឃាត់ខ្លួនបានផងដែរ ពេលដែលគេទៅធ្វើសកម្មភាពឆក់ នៅទីនោះ។
សរុបមក ក្រុមចោរឆក់វ័យក្មេងមួយក្រុមនេះមានគ្នា១២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន១០នាក់ នៅសល់២នាក់ ឈ្មោះ នី និងឈ្មោះ វ័ន្ត សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕