(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យទី៤ ខែមីនា ឆ្នាំ២០១៨ នៅផ្សារទំនើបអ៊ីអនម៉ល រាជធានីភ្នំពេញ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានរៀបចំ ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First STOCK» ២០១៨ ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោក ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា, លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា, ថ្នាក់ដឹកនាំក្រុមហ៊ុនពាក់ព័ន្ធ, ធនាគារ, សមាគមនានាជិត១០០អង្គភាព ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិមួយចំនួនទៀត។
កម្មវិធីពិព័រណ៍នេះ ជាលើកទី៣ហើយ ដែលត្រូវបានរៀបចំឡើង ហើយកម្មវិធីឆ្នាំនេះបានប្រព្រឹត្តទៅក្រោមគោលបំណងសំខាន់ៗ ចំនួន៣គឺ៖
ទី១៖ ចូលរួមផ្សព្វផ្សាយ និងបង្កើនជំនឿទុកចិត្តបន្ថែមទៀតដល់វិនិយោគិន ដែលមានស្រាប់ឱ្យបន្តជឿជាក់មកលើទីផ្សារហ៊ុននៅកម្ពុជា
ទី២៖ ផ្តល់ឱកាសឱ្យសាធារណជនស្វែងយល់កាន់តែទូលំទូលាយ អំពីវិស័យមូលបត្រ ជាពិសេសអំពីតួអង្គ និងយន្តការពាក់ព័ន្ធ, ទិន្នន័យទីផ្សារ, វិធីសាស្រ្តវិនិយោគលើផ្សារមូលបត្រកម្ពុជា ពិនិត្យមើលព្រឹត្តិការណ៍នានារបស់ទីផ្សារ, ព័ត៌មានអំពីក្រុមហ៊ុនចុះបញ្ជី ដែលរួមមានរបាយការណ៍ហិរញ្ញវត្ថុ, ព័ត៌មានសាជីវកម្ម, ការបែងចែកភាគលាភ ក៏ដូចជា ចូលរួមចែករំលែកក្នុងការពិភាក្សា លើប្រធានបទផ្សេងៗ អំពីការវិនិយោគ ដើម្បីទាក់ទាញសាធារណជន ដែលមិនទាន់មានបទពិសោធន៍ និង ចំណេះដឹងគ្រប់គ្រាន់ពាក់ព័ន្ធនឹងការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុន
ទី៣៖ ចែកពានរង្វាន់ និងវិញ្ញាបនបត្រដល់ជ័យលាភី ដែលបានឈ្នះក្នុងកម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុន និងមានការដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រ phsarhun.com និង កម្មវិធីព័ត៌មានផ្សារហ៊ុន (PhsarHun App) ដែលជាបណ្តុំព័ត៌មានលើបណ្តាញឌីជីថល អំពីការវិនិយោគលើវិស័យមូលបត្រ។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតរដ្ឋលេខាធិការ បានថ្លែងថា ទំនុកចិត្តរបស់សាធារណជនមកលើទីផ្សារ គឺជាកត្តាដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់ ព្រោះបើវិនិយោគិនមិនទុកចិត្ត ឬមិនសូវស្គាល់ និង យល់ច្បាស់អំពីទីផ្សារ នោះពួកគាត់នឹងមិនវិនិយោគឡើយ ទន្ទឹមនេះក៏ពុំសូវមានក្រុមហ៊ុនចាប់អារម្មណ៍បោះផ្សាយលក់ភាគហ៊ុនដែរ។
ក្នុងន័យនេះ ទីផ្សារមូលបត្រ មានសារសំខាន់យ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុនចុះបញ្ចី និងសម្រាប់សេដ្ឋកិច្ចជាតិទាំងមូល ដោយផ្សារមូលបត្រជាអង្គសំខាន់មួយជួយ៖
ទី១៖ លើកកម្ពស់អភិបាលកិច្ចសាជីវកម្ម
ទី២៖ បង្កើតការងារបន្ថែមជូនប្រជាជន
ទី៣៖ ផ្ដល់នូវជម្រើសថ្មីមួយទៀតដល់សាធារណជន ក្នុងការវិនិយោគ
ទី៤៖ បង្កើនផលិតផលក្នុងស្រុកសរុប
ទី៥៖ បង្កើនប្រសិទ្ធភាពការគ្រប់គ្រងក្រុមហ៊ុន ដោយមានយន្តការច្បាស់លាស់ក្នុងការគ្រប់គ្រងហានិភ័យ មានគណនេយ្យភាព និងតម្លាភាពក្នុងកិច្ចការអាជីវកម្ម និងការប្រកាន់ខ្ជាប់នូវក្រមវិជ្ជាជីវៈដែល ជាបុរេលក្ខខណ្ឌ ក្នុងការទាក់ទាញទុនវិនិយោគរយៈពេលវែងពីសាធារណជនទាំងក្នុង និងក្រៅប្រទេសសម្រាប់ពង្រីកអាជីវកម្ម និងពង្រឹងលទ្ធភាពប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ។
លោកបណ្ឌិតរដ្ឋលេខាធិការ បានបន្ថែមថា ទន្ទឹមនឹងភាពរីកចម្រើននៃទីផ្សារភាគហ៊ុន ផ្សារមូលបត្រកម្ពុជាក៏នឹងមានការបង្កើតឡើងនូវទីផ្សារសញ្ញាប័ណ្ឌសាជីវកម្ម (Corporate Bond) ទីផ្សារសញ្ញាប័ណ្ឌរដ្ឋ (Government Bond) ដែលអាចនឹងលេចរូបរាងឡើងក្នុងឆ្នាំ ២០១៩ ខាងមុខនេះ ហើយការបោះផ្សាយសញ្ញាប័ណ្ណរដ្ឋ នឹងជួយដល់ការរីកចម្រើនមួយកម្រិតទៀត របស់វិស័យមូលបត្រ ក៏ដូចជាវិស័យហិរញ្ញវត្ថុទាំងមូលផងដែរ។
ការបោះផ្សាយសញ្ញាប័ណ្ឌរដ្ឋនឹងជួយដល់ការរីកចម្រើនមួយកម្រិតទៀតរបស់វិស័យមូលបត្រ ក៏ដូចជា វិស័យហិរញ្ញវត្ថុទាំងមូលផងដែរ។ ក្រៅពីផ្សារសញ្ញាប័ណ្ណនេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាក៏ បានខិតខំអភិវឌ្ឍកម្មវិធីជាច្រើនទៀត ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម, បង្កើនសកម្មភាពជួញដូរតាមប្រព័ន្ធទូរសព្ទដៃ, ការជួញដូរឆ្លងផ្សារ (Cross border), ការរៀបចំផ្សារមូលបត្រ Equity ជាដើម ក្នុងកិច្ចខិតខំប្រឹងប្រែងសកម្មធ្វើឱ្យផ្សារមូលបត្រនឹងកាន់តែរីកធំធាត់, វិវឌ្ឍទៅមុខកាន់តែលឿន និងកាន់តែមានសក្តានុពលខ្ពស់ទាំងក្នុងឆ្នាំថ្មី២០១៨នេះ និងឆ្នាំខាងមុខទៀត។
លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បានបង្ហាញនូវការគាំទ្រចំពោះយុទ្ធនាការផ្សព្វផ្សាយដូចកម្មវិធីនេះ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងពីវិស័យមូលបត្រ ដល់វិនិយោគិនសក្តានុពលទាំងឡាយ ហើយលោកក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ព្រមទាំងក្រុមហ៊ុនមូលបត្រផ្សេងៗ ឱ្យបន្តចូលរួមសហការគ្នាក្នុងការផ្សព្វផ្សាយ ចំណេះដឹងដល់សាធារណជន វិនិយោគិន និងសហគ្រាសចុះបញ្ចីសក្ដានុពល តាមរយៈការរៀបចំនូវពិព័រណ៍, សិក្ខាសាលា និងព្រឹត្តិការណ៍ទំនាក់ទំនងសាធារណៈតាមរូបភាពផ្សេងទៀតឱ្យបានច្រើន។
លើសពីនេះ កម្រិតចំណេះដឹងទៅលើវិស័យមូលបត្រ,ភាពងាយស្រួលក្នុងការទទួលព័ត៌មាន និង ចំនួនវិនិយោគិន គឺជាកត្តាសំខាន់ដែលអាចកំណត់ល្បឿននៃការអភិវឌ្ឍវិស័យមួយនេះ ហើយគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងគុណភាពនៃការផ្តល់សេវាកម្ម, ជំនាញ និង វិជ្ជាជីវៈការងារ ដើម្បីភាពរីកចម្រើនឆាប់រហ័សនៃវិស័យមូលបត្រ ក៏ដូចជាវិស័យហិរញ្ញវត្ថុ និង សេដ្ឋកិច្ចជាតិទាំងមូល៕