(ព្រះសីហនុ)៖ ថ្លែងចេញពីតំបន់សេដ្ឋកិច្ចពិសេស នៃខេត្តព្រះសីហនុ ដែលពោរពេញដោយសក្ដានុពលសេដ្ឋកិច្ចនោះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ជាថ្មីម្ដងទៀត បានរំលឹកដល់កម្មករ-កម្មការិនីថា មានតែរក្សាសន្ដិភាពទេ ទើបមានការបង្កើតរោងចក្រ ព្រោះកំណើតរោងចក្រមិនអាចចាប់ផ្ទៃនៃសង្គ្រាមនោះទេ។
ក្រៅពីរំលឹករឿងសន្ដិភាពសម្ដេចតេជោ ហ៊ុន សែន ក៏បន្ដណែនាំដល់ថ្នាក់ដឹកនាំនៅតាមបណ្ដារោងចក្រទាំងអស់ ត្រូវខិតខំរួបរួមគ្នាយោគយល់អធ្យាស្រ័យគ្នា រវាងថ្នាក់ដឹកនាំ និងកម្មករនិយោជិត ដើម្បីបង្កើនបាននូវស្ថានភាពល្អប្រសើរនៅតាមបណ្ដារោងចក្រ។
ការមានប្រសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតម្កល់ប្រយោជន៍ប្រជាជនក្នុងក្រអៅបេះដូង ធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេច បន្តជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតសរុបប្រមាណ ១៤,០២៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១៤ នៅក្នុងខេត្តព្រះសីហនុ។
បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានប្រាប់ថ្នាក់ដឹកនាំ នៅតាមបណ្ដារោងចក្រ ខិតខំធ្វើយ៉ាងមិច រក្សាសុវត្ថិភាពការងារ តាមរយៈកុំឲ្យរោងចក្រក្លាយទៅជា មានបងធំ បងតូច កាប់ចាក់គ្នា ឬក៏មានក្រុមគ្រឿងញៀននៅក្នុងរោងចក្រ ព្រោះកត្ដាទាំងនេះប្រាកដជាប៉ះពាល់ដល់ការងារខ្លាំងណាស់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំចង់បានគឺទាំងអស់គ្នា ត្រូវរួបរួមគ្នាដើម្បីរក្សាសន្ដិភាពរបស់ប្រទេសនេះ មានសន្ដិភាព ទើបមានឱកាសអភិវឌ្ឍន៍ អ្នកវិនិយោគគិនដែលគេមកវិនិយោគនៅកម្ពុជា គេមើលឃើញអំពីសក្ដានុពល ហើយសក្ដានុពលមុនគេគឺសន្ដិភាព និងស្ថេរភាពនយោបាយនេះឯង»។
នាយករដ្ឋមន្រ្តី ក៏បានសំណូមពរទាំងម្ចាស់រោងចក្រ ប្រធានរោងចក្រ ប្រធានរដ្ឋបាល ទាំងប្រធានផ្នែក ប្រធានក្រុម និងអ្នកទទួលខុសត្រូវ ជំនួយការដ៏ទៃទៀត ត្រូវរួបរួមសាមគ្គីគ្នាធ្វើឲ្យរោងចក្រ របស់យើងក្លាយ ទៅជារោងចក្រដែលមានសាមគ្គីភាព ហើយខិតខំធ្វើយ៉ាងមិច រក្សាសុវត្ថិភាពការងាររបស់យើង តាមរយៈកុំឲ្យរោងចក្រក្លាយទៅជាមានបងធំ បងតូច កាប់ចាក់គ្នា ឬក៏មានក្រុមគ្រឿងញៀននៅក្នុងរោងចក្រ៕