(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព និងសេចក្តីថ្លៃថ្នូរ និងសុភមបង្គល ទ្រង់បានចេញព្រះរាជសារ ក្នុងឱកាសអបអរសាទរខួបលើកទី១០៧ នៃទិវានារីអន្តរជាតិ៨ មីនា ឆ្នាំ២០១៨នេះ។
ទិវាអន្តរជាតិ៨មីនា ឆ្នាំ២០១៨នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទស្តីពី «ស្រ្តីរួមគ្នា រក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។
យោងតាមព្រះរាជសារ៣ទំព័ររបស់សម្តេចម៉ែ ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ព្រះអង្គ ទ្រង់មានព្រះរាជបន្ទូលដោយគាំទ្រនូវប្រធានបទ ដែលប្រារព្ធធ្វើឡើងនៅឆ្នាំនេះ។
ព្រះអង្គទ្រង់បានរំលេចថា «ប្រធានបទនេះ បានធ្វើឲ្យយើងនឹងឃើញឡើងវិញ ពីសម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជបូរាជនីយកិច្ច ដ៏ឧត្តុងឧត្តម និងប្រកបដោយព្រះបញ្ញាញាណដ៏ឈ្លាសវៃ នៃព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចឪ សម្តេចតា សម្តេចតាទូត នៃព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ឯករាជ្យ សំបូររុងរឿង ប្របកដោយកិត្តិយស កិត្តស័ព្ទល្បីល្បាញ ក្នុងពិភពលោក»។
ជាមួយគ្នានោះ សម្តេចតម៉ែ ទ្រង់បានសំដែងនូវការកោតសរសើរ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាអ្នកឈានមុខ ខិតខំប្រឹងប្រែង នាំមកនូវសន្តិភាព ពេញលេញដើម្បី ប្រជានុរាស្រ្ត និងមាតុភូមិកម្ពុជា។
ព្រះមហាសក្សត្រីនរោត្តម មុនិនាថ សីហនុ ក៏បានកោតសរសើរ និងគាំទ្រថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងកិច្ចការនារី និងគ្រប់គ្រួសារ ស្ថាប័ន ផ្នែកឯកជន ដៃគូអភិវឌ្ឍ ដែលបាននឹងកំពុងខិតខំប្រឹងប្រែង ជំរុញការលើកកម្ពស់ សមភាពយែនឌ័រ ដើម្បីស្រ្តីបានទទួលកិច្ចការពារសិទ្ធិ និងផលប្រយោជន៍តាមរយៈការជំរុញសមាជិក នៅក្នុងគ្រួសារឲ្យទទួលស្គាល់ និងចាត់ទុកស្រ្តីជាដៃគូដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ «ខ្ញុំសូមគាំទ្រការផ្តល់កាលានុវត្តភាពឲ្យស្រ្តីបានកសាង និងអភិវឌ្ឍន៍សមត្ថភាព ក៏ដូចជា បានចូលរួម និងគ្រប់ការងារ និងគ្រប់វិស័យ ប្រកបដោយសមធម៌»។
សូមអានខ្លឹមសារលម្អិត នៅក្នុងព្រះរាជសាររបស់សម្តេចម៉ែ ខាងក្រោមនេះ៖