(ព្រៃវែង)៖ នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អមដំណើរជាមួយដោយប្រធាន អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយឃុំសំរោង ឃុំដំរីពួននិងឃុំពានរោង ស្រុកស្វាយអន្ទរ បានអញ្ជើញជាអធិបតីភាពពិធីបុណ្យឆ្លង និងសម្ពោធដាក់ឲ្យប្រើប្រាស់សាលាធម្មសទ្ធា នៅវត្តស្វាយសង្គម ឃុំសំរោង ស្រុកស្វាយអន្ទរ ក្រោមការទទួលស្វាគមន៍បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់ពុទ្ធបរិស័ទ្ធ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណជា១០៦០នាក់។
នៅក្នុងឱកាសនោះ បន្ទាប់ពីមតិស្វាគមន៍ពីលោកអភិបាលស្រុកស្វាយអន្ទរ រួចមក នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនប្រជាពលរដ្ឋពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការកសាងអភិវឌ្ឍន៍ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលបានកសាងប្រទេសតាំងពីដៃទទេរហូតបានរីកចម្រើនដល់សព្វថ្ងៃ ហើយនឹងបន្តខិតខំកសាងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីកាន់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
នាយឧត្កមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ក៏បានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋឃុំសំរោង ត្រូវនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅខែកក្កដា ខាងមុខនេះដើម្បីជ្រើសរើសអ្នកដឹកនាំ ដែលខ្លួនពេញចិត្តក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេស ជាពិសេស ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយបន្តការពារសមិទ្ធិផលរបស់យើងឲ្យបានគង់វង្សល្អប្រសើរ ហើយសង្ឃឹមជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលអាណត្តិទី៦ ខាងមុខនេះ នឹងបន្តធ្វើឲ្យរីកចំរើនបន្ថែមទៀតនៅក្នុងមូលដ្ឋានឃុំសំរោង ស្រុកស្វាយអន្ទរនេះ។
នៅក្នុងពិធីនេះដែរ នាយឧត្កមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបំពាក់មេដាយជូនសម្បុរសជន និងប្រជាពលរដ្ឋមានស្នាដៃ និងចែកជូនអំណោយដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធ លោកយាយ លោកតា សិស្សានុសិស្ស និងបានកាត់ខ្សែបូ សម្ពោធសាលាធម្មសទ្ធា និងដាំកូនឈើ នៅក្នុងបរិវេណវត្តស្វាយសង្គម ផងដែរ។
សូមជំរាបជូនថា សាលាធម្មសទ្ធា នៅវត្តស្វាយសង្គម ឃុំសំរោង បានលេចចេញជារូបរាងយ៉ាងត្រដែត និងបានដាក់សម្ពោធប្រើប្រាស់នៅថ្ងៃនេះ ចំណាយថវិកាសាងសង់ទាំងអស់ចំនួន១៣១.៤៣៤$ ដែលបានមកពីការជួយឧបត្ថម្ភថវិកាពីក្រុមការងារថ្នាក់ជាតិចុះឃុំសំរោង ចំនួន៤៦.០០០$, ថវិកាអតីតចៅអធិការវត្តស្វាយសង្គម យឹម សក ចំនួន២៦.០០០$ និងថវិកាពុទ្ធិបរិសុទ្ធ ក្នុងនិងក្រៅប្រទេស ចំនួន៥៨.៦៣៤$៕