(ភ្នំពេញ)៖ លោកតា ម៉ម សុណង់ដូ ដែលបានអវត្តមានពីឆាកនយោបាយអស់មួយរយៈនោះ នៅពេលនេះលោក បានប្រកាសមកដឹកនាំគណបក្សរបស់លោកឡើងវិញហើយ គឺគណបក្ស «សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ» ដើ់ម្បីត្រៀមចូលរួមការប្រកួតប្រជែង បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ការវិលត្រឡប់មកដឹកនាំបក្សនយោបាយឡើងវិញ និងចង់បន្តកាន់ទង់តំណាងអ្នកប្រជាធិបតេយ្យ បន្តពីអតីតគណបក្សសង្គ្រោះជាតិនៅពេលនេះ ដោយសារតែលោក ម៉ម សូណង់ដូ មើលឃើញយ៉ាងច្បាស់ថា អតីតមេដឹកនាំបក្សប្រឆាំងមួយនេះ ដឹកនាំ និងធ្វើអ្វីមិនកើត ហើយប្រើនយោបាយនាំឲ្យជាតិបែកបាក់កាន់តែខ្លាំងឡើង។
ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨នេះ លោក ម៉ម សូណង់ដូ បានបញ្ជាក់ថា «ខ្ញុំអស់ក្តីសង្ឃឹមលើអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ... នៅពេលនេះ ខ្ញុំមកកាន់ទង់បន្តពីគណបក្សសង្គ្រោះជាតិឡើងវិញ ជាតំណាងអ្នកប្រជាធិបតេយ្យនៅកម្ពុជា...តែខ្ញុំធ្វើនយោបាយមិនដូចគណបក្សសង្គ្រោះជាតទេ មិនលាបពណ៌ មិនវាយប្រហារ មិនបង្កបង្កបញ្ហាដល់សន្តិសុខជាតិ...គណបក្សប្រជាជនធ្វើល្អ បង្អាប់ ខ្ញុំមិនធ្វើដូច្នោះទេ គឺរិះគន់ដើម្បីស្ថាបនា»។
បើតាមអ្នកនយោបាយវ័យចំណាស់រូបនេះ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ខាងមុខ លោកនឹងដឹកនាំសមាជវិសាមញ្ញនេះមួយ ស្ថិតនៅភូមិទួលត្នោត ឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្តាល ដើម្បីផ្តល់សេចក្តីទុកចិត្តជូនលោកដឹកនាំ គណបក្សមួយនេះបន្តទៀត ដោយគ្រោងមានអ្នកចូលរួមជាច្រើនផងដែរ។
សម្រាប់ជំហរនឹងទិសដៅសម្រាប់គណបក្សរបស់ខ្លួន លោក ម៉ម សូណង់ដូ ដែលជាអ្នកនយោបាយម្នាក់ពូកែវោហាសព្ទនោះ បានប្រកាសស្វាគមន៍ចំពោះអ្នកស្រឡាញ់ប្រជាធិបតេយ្យ អ្នកស្រឡាញ់យុត្តិធម៌ ស្រឡាញ់ទឹកដី ដែលជាកូនខ្មែរស្នេហាជាតិ នឹងធ្វើការបន្តទៀតជាមួយរូបលោក។
បើតាមលោកតា ម៉ម សូណង់ដូ មូលហេតុដែលលោកបានដើរចាកចេញពីនយោបាយមួយរយៈ ដោយសារតែលទ្ធផល នៃការបោះឆ្នោតជ្រើសរើសសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ បានទទួលលទ្ធផលអាក្រក់ពេក ដែលអត់មានប្រជាពលរដ្ឋច្រើនគាំទ្រ តែនៅពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយសារមានទោសកំហូសនោះ លោកបានបន្តមកដឹកនាំគណបក្សវិញ ដោយបន្តកាន់ទង់តំណាងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
អ្នកនយោបាយរូបនេះ បានធ្វើដំណើរមកពីប្រទេសបារាំងចូលទឹកដីកំណើតវិញនៅឆ្នាំ១៩៩៤ ដោយលោកបានប្តេជ្ញាចិត្តស្លាប់នៅក្នុងខ្មែរ និងស្មោះស្ម័គ្រជាមួយពលរដ្ឋខ្មែរ។
នៅឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៦ លោក ម៉ម សូណង់ដូ ជាស្ថាបនិក និងជាប្រធានស្ថានីយវិទ្យុមួយ ឈ្មោះថា វិទ្យុសំបុកឃ្មុំ សំឡេងប្រជាពលរដ្ឋ។ នៅឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០១ លោក ម៉ម សូណង់ដូ ជាប្រធាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ប៉ុន្តែគណបក្សនេះ ត្រូវរំលាយចោលវិញនៅពាក់កណ្ដាលឆ្នាំ២០០១។ ក្នុងឆ្នាំ២០១០ លោក ម៉ម សូណង់ដូ បានបង្កើតជាសមាគមមួយ ឈ្មោះថា សមាគមអ្នកប្រជាធិបតេយ្យ។ ដូច្នេះនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ លោក ម៉ម សូណង់ដូ នឹងត្រូវដឹកនាំក្នុងតួនាទីជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យឡើងវិញ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតសកលនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
បន្ទាប់ពីបញ្ចប់សមាជវិសាមញ្ញទៅ លោក ម៉ម សូណង់ដូ នឹងបើកយុទ្ធនាការក្តៅនៅតាមមូលដ្ឋានហើយ ដើម្បីគៀងគរសំឡេងអ្នកគាំទ្រឡើងវិញ។ នេះជាការបញ្ជាក់បន្ថែមពីអ្នកនយោបាយវ័យ ចំណាស់ម្នាក់នេះ៕