(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សហការជាមួយសភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា (JCI) បានរៀបចំបើកសម្ពោធកម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាជាផ្លូវការ និងចាប់ផ្ដើមបើកការប្រកួតប្រជែងចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០១៨។
ការដាក់សម្ពោធការប្រកួតប្រជែងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងនេះ ក៏មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អតីតម្ចាស់ពានរង្វាន់សហគ្រិនវ័យក្មេងកាលពីរដូវកាលឆ្នាំមុនៗ ដោយបានចូលរួមចែករំលែកបទពិសោធន៍ និងការលើកទឹកចិត្តឲ្យមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សហគ្រិនវ័យក្មេងទូទៅផងដែរ។
លក្ខខណ្ឌ នៃការប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០១៨ បេក្ខជនទាំងអស់ត្រូវមាន៖
១៖ អាយុចាប់ពី ១៨-៤៥ឆ្នាំ
២៖ អាជីវកម្មត្រូវបានបង្កើតដំបូងនៅប្រទេសកម្ពុជា និងមានភាគហ៊ុនយ៉ាងតិច៥១ភាគរយ គ្រប់គ្រងដោយជនជាតិខ្មែរ
៣៖ អាជីវកម្មត្រូវចុះបញ្ជីការត្រឹមត្រូវតាមផ្លូវច្បាប់ និងមានដំណើរការយ៉ាងតិច២ឆ្នាំ
៤៖ អាជីវកម្មត្រូវមានបុគ្គលិកអចិន្ត្រៃយ៍យ៉ាងតិច៥នាក់
៥៖ សហគ្រិន/អាជីវកម្មមិនត្រូវបានពាក់ព័ន្ធជាមួយគណៈកម្មការជ្រើសរើស និងក្រុមអ្នករៀបចំកម្មវិធី
៦៖ មិនត្រូវជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ។
៧៖ ស្រ្តីត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការដាក់ពាក្យ។
សូមបញ្ជាក់ថា នេះគឺជាលើកទី៤ហើយ នៃការប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ហើយកម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងទទួលស្គាល់ និងលើកទឹកចិត្តដល់បណ្តាសហគ្រិនវ័យក្មេងកម្ពុជា ឱ្យមានឱកាសចូលរួមបង្ហាញសមត្ថភាព ព្រមទាំងចែករំលែកនូវជោគជ័យជាលក្ខណៈថ្នាក់ជាតិ។ អ្វីដែលពិសេសជាងនេះទៀតនោះកម្មវិធីនេះ ខុសប្លែកពីឆ្នាំមិញដោយកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា នឹងរៀបចំនូវការប្រកួត ការវិនិច្ឆ័យដាក់ពិន្ទុ និងការប្រកាសបេក្ខជនលទ្ធផលបេក្ខជនសហគ្រិនទាំងឡាយណា ដែលអាចមានសិទ្ធទៅប្រកួតបន្តនាវគ្គផ្តាច់ព្រ័ត នៅក្នុងថ្ងៃតែមួយ។
កម្មវិធីនេះ នឹងផ្តល់ឱកាសដល់សហគ្រិន ដែលបានចូលរួមប្រកួត ធ្វើបទបង្ហាញជុំអាជីវកម្មរបស់ខ្លូនទៅកាន់សារធារណៈជន ក៏ដូចជា
គណៈកម្មាការ នឹងអ្នកចូលរួមទាំងអស់ផងដែរ។ បន្ទាប់មកទៀតសហគ្រិន នឹងត្រូវជួបជាមួយនឹងគណៈកម្មាការនៅក្នុងបន្ទប់នីមួយៗទៅតាមមុខជំនាញ និងផ្នែកផ្សេងៗដែលក្រុមការងារបានរៀបចំ ដើម្បីធ្វើការវាយតម្លៃស៊ីជម្រៅ និងដាក់ពិន្ទុទៅលើអាជីវកម្មរបស់បេក្ខជន ដែលជាសហគ្រិនទាំងអស់ឲ្យកាន់តែមានភាពត្រឹមត្រូវ សុក្រឹត្យ និងយុត្តិធម៌។
កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងឆ្នាំ២០១៨នេះ ក៏នឹងធ្វើការផ្សព្វផ្សាយទៅដល់សហគ្រិនវ័យក្មេង នៅក្នុងខេត្តចំនួន៥បន្ថែមទៀត រួមមានខេត្តសៀមរាប, បាត់ដំបង, ព្រះសីហនុ, កំពង់ចាម និងកណ្តាល។ ការផ្សព្វផ្សាយនេះក៏នឹងចូលរួមចំណែកក្នុងការលើកទឹកចិត្ត ឲ្យសហគ្រិនវ័យក្មេងនៅតាមខេត្តមានឱកាសចូលរួមនៅក្នុងកម្មវិធីនេះផងដែរ។
សូមជម្រាបថា ការប្រកួតប្រជែងនេះក៏បានចូលរួមយ៉ាងខ្លាំង នៅក្នុងការលើកកម្ពស់ឱ្យសហគ្រិនកម្ពុជាមានភាពក្លាហាន និងទំនុកចិត្តក្នុងការបង្ហាញពីភាពច្នៃប្រឌិត ការតស៊ូប្រឹងប្រែងរហូតទទួលបានជោគជ័យ ក្នុងការប្រកបអាជីវកម្មរបស់ខ្លូន។ ក្រៅពីនេះ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាក៏ដើរតួយ៉ាងសំខាន់ក្នុងការជម្រុញអោយសហគ្រិនវ័យក្មេងកម្ពុជា ពាំនាំអាជីវកម្មរបស់ខ្លូនដើម្បីយកទៅប្រកួតប្រជែង និងដណ្តើមយកពានរង្វាន់ផ្សេងទៀតលើឆាកអន្តរជាតិផងដែរ។ លើសពីនេះទៅទៀត សហគ្រិនក៏នឹងទទួលបានឧត្តមភាព នៅក្នុងការស្វែងរកដៃគូរអាជីវកម្ម ឬអ្នកវិនិយោគ ទាំងក្នុងនិងក្រៅប្រទេស ដែលជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា៕