(កំពង់ធំ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគេនបច្ច័យជាថវិកាចំនួន៥០លានរៀលជូនដល់ វត្តគីរីវង្សារាម ហៅវត្តទំពេជ ដោយក្នុងនោះ៤០លានរៀល សម្រាប់ស្ថាបនាសមិទ្ធផលនានាក្នុងវត្ត និង១០លានរៀលសម្រាប់កសាងផ្លូវចូលវត្ត។
អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនេះ ត្រូវបានលោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទោង រួមទាំងលោកស្រីខៀវ ស៊ីណា បានយកទៅប្រគេនព្រះសង្ឃក្នុងវត្តគីរីវង្សារាមរួចរាល់ហើយ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នាឱកាសដែលលោក អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីកាត់ឬសីមាវត្តនេះ។
ជាមួយគ្នានេះក៏មានចែកជូនគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈប្រគេនដល់រោងទិសទាំង៩ព្រមទាំងមានជាថវិកា, ក្រណាត់ស, សម្ភារៈសិក្សា សម្រាប់ជូនដល់លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។
ក្នុងនោះដែរឃើញថា ប្រជាពលរដ្ឋសំដែងការសប្បាយរីករាយអបអរសាទរយ៉ាងខ្លាំង ខណៈទទួលសមិទ្ធផលព្រះវិហារថ្មីមួយខ្នងសម្រាប់គោរពប្រតិបត្តិ។ ព្រះវិហារថ្មីវត្តគីរីវង្សារាម(ហៅវត្តទំពេជ) នេះត្រូវបានដាក់សម្ពោធ និងកាត់ឬសីមាជូនប្រជាពុទ្ធបរិស័ទ និងប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៨។
លោក ជា ចាន់តូ បានកោតសរសើរចិត្តប្រកប ដោយសុទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទ្ធ និងសប្បុរសជនជិតឆ្ងាយ ដែលបានរួបរួមសាមគ្គីគ្នារហូតសម្រេចបាននូវ សមិទ្ធផលថ្មីនេះឡើងទុកជាសម្បត្តិរួមក្នុងវិស័យព្រះពុទ្ធសាសនា ហើយតាមរយៈសមិទ្ធផលព្រះវិហារថ្មីនេះដែរ ក៏បានបញ្ជាក់ឲ្យឃើញពីការជឿជាក់ ចំពោះវិស័យព្រះពុទ្ធសាសនាក្រោមដំបូលសុខសន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់រារដ្ឋាភិបាលកម្ពុជា និងការរីកចម្រើនជាបន្តបន្ទាប់របស់ប្រទេសជាតិ ព្រមទាំងកម្រិតជីវភាពប្រជាពលរដ្ឋ កាន់តែប្រសើរនោះផងដែរ។
លោកបានបន្ដទៀតថា ដូចនេះពលរដ្ឋទាំងអស់គ្នាត្រូវថែរក្សាការពាររាល់សមិទ្ធផល ដែលបានប្រឹងប្រែងកសាងយ៉ាងលំបាកនោះ ឲ្យបានគង់វង្សពិសេសសន្តិភាព។ អ្វីដែលសំខាន់ទៀតនោះ ត្រូវបន្តគាំទ្រលើការរបស់ដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោហ៊ុន សែន ជាប្រមុខដែលតែងតែរស់នៅជានិច្ច ជាមួយប្រជាពលរដ្ឋគ្រប់ៗ រូបគ្រប់ពេលវេលារៀងរហូតមក។
សូមបញ្ជាក់ថា ព្រះវិហារថ្មីនេះ មានទទឹង១២ម៉ែតបណ្តោយ១៩ម៉ែត្រ និងកំពស់១៩ម៉ែត្រ មានរចនាបទ និងទម្រង់ជាមហិទ្ធិរិទ្ធ ដែលបុរាណថា ជាខ្នងត្រីរ៉ស់ ប្រកបដោយក្បូរក្បាច់រចនា ទាំងអស់តាម បែបស្ថាបត្យកម្មខ្មែរយ៉ាងស្រស់សង្ហា និងជាទីមនោរម្យពិតៗ។ ព្រះវិហារថ្មីនេះបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៨ នេះទើបរួចរាល់ដោយចំណាយទឹកប្រាក់សរុបចំនួន ២៦៩,៨០០ដុល្លារ៕