(ភ្នំពេញ)៖ មួយខែក្រោយពីការបង្កើតឡើងដោយទណ្ឌិត សម រង្ស៊ី និងអ្នកនយោបាយបក្ស ប្រឆាំងអស់សិទ្ធិធ្វើនយោបាយមួយចំនួន រាប់ទាំងប្រធានអង្គការសិទ្ធិលំនៅដ្ឋាន សៀ ភិរម្យ ផង ចលនាឧទ្ទាមខុសច្បាប់ជ្រកក្រោមស្លាកសង្គ្រោះជាតិហាក់ដូចជាគ្មានការគាំទ្រ ពីបរទេស និងអតីតសមាជិកសមាជិកាអតីតបក្សសង្គ្រោះជាតិ ដូចដែលមេចលនានេះ បានអួតអាង នោះឡើយ។ សំឡេងចលនានេះកាន់តែខ្សោយទៅៗ គ្មានការគាំទ្រទាំងហិរញ្ញវត្ថុ និងកម្លាំង ដែលធ្វើឱ្យគោលបំណងធំរបស់ សម រង្ស៊ី ដែលបង្កើតចលនានេះឡើងដើម្បីប្រមូលកម្លាំង និងដណ្តើមការគ្រប់គ្រងបក្សពី កឹម សុខា មកវិញនឹងត្រូវបរាជ័យយ៉ាងអាម៉ាស់បំផុត។ នេះបានបញ្ជាក់កាន់តែច្បាស់ថា ទំព័រជីវិតនយោបាយរបស់សម រង្ស៊ី ដែលកំពុងតែស្រអាប់ខ្មៅងងឹតនឹងត្រូវបិទជាស្ថាពរនាអនាគតដ៏ខ្លីនេះហើយជាមួយនឹងឈ្មោះជាជនក្បត់ជាតិនិងក្បត់ប្រជាជនកម្ពុជា។
រីឯអ្នកដែលដើរតាមចលនាភេវរកម្មនេះនឹងត្រូវប្រឈមមុខនឹងច្បាប់ ខណៈរាជរដ្ឋាភិបាល កម្ពុជាប្រកាសត្រៀមខ្លួនជានិច្ចបង្ក្រាបចលនាខុសច្បាប់នេះ ដោយមិនឱ្យលេចចេញជារូបរាងនៅលើទឹកដីកម្ពុជា គំរាមកំហែងសុខសន្តិភាព និងការអភិវឌ្ឍជាតិឡើយ។
ការលោតចូលមកក្នុងឆាកនយោបាយវិញរបស់ សម រង្ស៊ី ក្រោយការលាលែងតំណែងពីប្រធានបក្សសង្គ្រោះជាតិទាំងទាន់ហន់ គ្មានការទទួលស្គាល់ណាមួយឡើយ។ ទាំងសម រង្ស៊ី និងទាំងចលនាឧទ្ទាមខុសច្បាប់ ដែលខ្លួនដឹកនាំត្រូវបានគេមើលឃើញថា មិនបានផ្តល់ផលចំណេញណាមួយសម្រាប់ កឹម សុខា និងសពបក្សសង្គ្រោះជាតិឡើយ។
ពួកគេប្រកាសក្តែងៗថាចលនាឧទ្ទាមសង្គ្រោះជាតិបង្កើតឡើង ដើម្បីប្រស់បក្សសង្គ្រោះ ជាតិឱ្យរស់ឡើងវិញ និងរកការដោះលែង កឹម សុខា ចេញពីមន្ទីរឃុំឃាំង ប៉ុន្តែនេះគឺគ្រាន់តែជាល្បិចកលតែប៉ុណ្ណោះ។ តាមពិតសម រង្ស៊ី ទាញ កឹម សុខា មកធ្វើជំនួញនយោបាយ និង ស្វែងរកទីតាំងឈរជើងនយោបាយសម្រាប់ខ្លួន ខណៈឈ្មោះ សម រង្ស៊ី ត្រូវបានបំភ្លេច។ សម រង្ស៊ី បានបំបែកសាកសពនិងព្រលឹងអតីតបក្សសង្គ្រោះជាតិបាត់អស់ ទៅ ហើយនៅតាមរយៈការបង្កើតចលនាភេវរកម្មខុសច្បាប់ និងកាន់តែធ្វើឱ្យ កឹម សុខា កាន់តែវណ្ឌក នឹងនីតិវិធីច្បាប់បន្ថែមទៀតព្រោះភស្តុតាងថ្មីៗត្រូវបានបញ្ចេញតាមរយៈ សម រង្ស៊ី នៅក្នុងសំណុំរឿងក្បត់ជាតិ និងក៏ដូចជាការជ្រៀតជ្រែកនិងតាមរំខាន់ការងារ ដែលកំពុងដឹកនាំដោយកូនស្រី កឹម សុខា។
នៅលើឆាកអន្តរជាតិ ចលនាឧទ្ទាមខុសច្បាប់ដែលទណ្ឌិត សម រង្ស៊ី អួតអាងថា នឹងមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ប៉ុន្តែផ្ទុយមកវិញ គឺមិនត្រូវបានទទួលស្វាគមន៍ឡើយមិនត្រឹមតែសហគមន៍អន្តរជាតិ ប៉ុន្តែផ្ទៃក្នុងអតីតបក្សសង្គ្រោះជាតិខ្លួន ឯង រាប់ទាំង កឹម សុខា ក៏បានប្រកាន់ជំហរមិនគាំទ្រចលនានេះ និងមិនចូលរួមជាមួយ ចលនានេះព្រោះពួកគេដឹងថាជាចលនាខុសច្បាប់។ នេះផ្ទុយស្រឡះពី កឹម មនោវិទ្យា កូនស្រីរបស់កឹម សុខា ដែលបានធ្វើសកម្មភាពដោយប្រើប្រាស់សពបក្សសង្គ្រោះជាតិ ប៉ុន្តែត្រូវបានគេមើលឃើញថា ត្រូវបានទទួលស្គាល់។ ការណ៍បានបង្ហាញកាន់តែច្បាស់ថា ចលនាសង្គ្រោះជាតិដែល សម រង្ស៊ី បានបង្កើតឡើង គឺពិតជាចលនាខុសច្បាប់ ហើយគ្មាននរណាហ៊ានមកជិតឡើយ ក្រៅតែពីអ្នកគាំទ្ររបស់ខ្លួនប៉ុន្មាននាក់នោះ។ មេដឹកនាំចលនាខុសច្បាប់នេះ បានប្រកាសដោយអំនួតថា មានបណ្តាញនៅគ្រប់ ២៥ ខេត្តរាជធានីនៃប្រទេសកម្ពុជា និងថែមទាំងបានប្រើប្រាស់លេខកូដសម្ងាត់ ដោយមិនបញ្ចេញឈ្មោះនោះឡើយ។ បើពិតជាមានដូចជាពួកគេថា មែន ទំនងប្រហែលមិនអាចសម្ងំលាក់មុខ នៅយូរបានទៀតឡើយ ព្រោះចលនាឧទ្ទាមខុសច្បាប់នេះ នឹងត្រូវគេវែកមុខហើយប្រឈមមុខនឹងការបង្ក្រាបយ៉ាងម៉ឺងមាត់បំផុតពីអាជ្ញាធរសមត្ថកិច្ច។
បច្ចុប្បន្ននេះដើម្បីកៀងគរការគាំទ្រ ចលនាសង្គ្រោះជាតិបានព្យាយាមប្រើឈ្មោះ កឹម សុខា និងធ្វើសកម្មភាពក្នុងបុព្វហេតុបក្សសង្គ្រោះជាតិ ហើយទាំង សម រង្ស៊ី អេង ឆៃ អ៊ាង មូរ សុខហួរ និងជូឡុង សូមួរ៉ា បានព្យាយាមការពារចលនានេះទោះបីជាដឹងថាជា ចលនាខុសច្បាប់ និងបង្កើតមកដើម្បីនាំទុក្ខបន្ថែមឱ្យ កឹម សុខា យ៉ាងណាក៏ដោយ។ នេះ ក៏ព្រោះតែសម រង្ស៊ី និងគូកនខ្លួនបានដឹងច្បាស់ថា នៅពេលដែល កឹម សុខា កំពុងតែ ជាប់ពន្ធនាគារ គឺជាឱកាសសម្រាប់ខ្លួនវិលត្រឡប់មកក្នុងឆាកនយោបាយវិញ និងឈាន ដល់ប្រមូលកម្លាំងប្រឆាំងមកគ្រប់គ្រង និងដឹកនាំបក្សប្រឆាំងជំនួស កឹម សុខា ប្រសិនបើ ចៃដន្យណាមួយរកឃើញដំណោះស្រាយ។ ប៉ុន្តែទោះបីជាយ៉ាងណាចលនាសង្គ្រោះជាតិ ដឹកនាំដោយ សម រង្ស៊ី គ្រាន់តែជាឧទ្ទាមខុសច្បាប់ ជាចលនាភេវរកម្មតែប៉ុណ្ណោះ ដែល រាជការរង់ចាំតែអនុវត្តច្បាប់តែប៉ុណ្ណោះ។
បើខុសច្បាប់ដូច្នេះ តើនរណាហ៊ានយកខ្លួនទៅបៀត? ទីតាំងឈរជើងរបស់ សម រង្ស៊ី កាន់តែរួញខ្លីៗទៅ ខណៈអាជ្ញាធរបានចេញ សេចក្តីសម្រេចរឹបអូសយកអគារ និងដីធ្លីអតីតទីស្នាក់ការបក្សសង្គ្រោះជាតិ ដើម្បីសងសំណងដល់ជនរងគ្រោះពីទង្វើខុសច្បាប់របស់ សម រង្ស៊ីអតីតមេបក្សនេះ។ នេះបានចំជា យីអ៊ុនដាក់អារក្ខជាន់ក្នុងរឿងនយោបាយរបស់សម រង្ស៊ី មែន!
ដោយ ចៅ ចាក់ស្មុក ស្រុកកំចាយមារ ខេត្តព្រៃវែង
ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៨