Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Facebook គ.ជ.ប ត្រូវបានយកមកគ្រប់គ្រងវិញហើយ ជាមួយនឹងប្រព័ន្ធការពារដ៏រឹងមាំជាងមុន ក្រោយ Hacker លួចយកកាលពីថ្ងៃមិញ

03-03-2018 21:59

(ភ្នំពេញ)៖ បន្ទាប់ពីក្រុម Hacker លួចយក Facebook ផ្លូវការរបស់គណៈកម្មាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅគ្រប់គ្រងកាលពីថ្ងៃមិញហើយនោះ នាវេលាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ ក្រុមជំនាញបច្ចេកទេសរបស់ គ.ជ.ប បានដណ្ដើមយក Facebook របស់ខ្លួននោះ មកគ្រប់គ្រង និងដំណើរជាធម្មតាវិញហើយ ជាមួយនឹងប្រព័ន្ធការពារយ៉ាងរឹងមាំជាងមុន។ នេះបើតាមលោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់យ៉ាងដូច្នេះថា «Facebook បានដំណើរឡើងវិញហើយ យើងបានទប់ស្កាត់ការ Hack ហ្នឹង ក្នុងរយៈពេលខ្លី នាំឲ្យ Facebook របស់យើងបានមកធម្មតាវិញ ហើយយើងមានវិធីការពារដ៏រឹងមាំ ដើម្បីទប់ស្កាត់ជាមួយនឹង Hacker»។

លោកបានបន្តថា ក្នុងពេលមានបញ្ហាយ៉ាងដូច្នេះ ក្រុមការងារបច្ចេកទេសរបស់ គ.ជ.ប បានស្វះស្វែងរកវិធីដោះស្រាយយ៉ាងហ្មត់ចត់ ក្នុងការដណ្ដើមយក Facebook របស់ខ្លួនមកគ្រប់គ្រងដោយភាពត្រឹមត្រូវវិញ ជាមួយនឹងការដាក់នូវប្រព័ន្ធការពារយ៉ាងរឹងមាំជាងមុន ដែលពិបាកក្នុងការលួចយកទៅគ្រប់គ្រងនៅលើកក្រោយទៀត។

សូមជម្រាបថា កាលពីវេលាថ្ងៃត្រង់ ក្នុងថ្ងៃទី០៣ ខែមីនានេះ Facebook ផ្លូវការរបស់ គ.ជ.ប ត្រូវបានក្រុម Hacker លួចយកទៅគ្រប់គ្រង ខណៈនោះ គ.ជ.ប បានប្រកាសមិនទទួលស្គាល់រាល់ព័ត៌មានទាំងឡាយ ដែលបង្ហោះនៅលើ Facebook នោះឡើយ។

ជាមួយគ្នានោះ អ្នកនាំពាក្យ គ.ជ.ប បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនក្រុមងងឹតដែលបានវាយប្រហារ និង Hack Facebook រប​ស់ គ.ជ.ប ទៅគ្រប់គ្រងយ៉ាងដូច្នេះ៕