(សិង្ហបុរី)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ បានដឹកនាំគណៈប្រតិកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ លើកទី៤ (4th RCEP ISSL MM)។
កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយលោក Lim HngKiang រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី និងមានការចូលរួមពីសំណាក់រដ្ឋមន្រ្តី RCEP និងគណៈប្រតិភូរបស់ប្រទេសជាសមាជិកអាស៊ាន និងដៃគូពាណិជ្ជកម្មអាស៊ាន មានដូចជាប្រទេសអូស្ត្រាលី ប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសជប៉ុន ប្រទេសកូរ៉េ និងប្រទេសណូវែលហ្សេឡង់ ព្រមទាំង អគ្គលេខាធិការអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។
អង្គប្រជុំ បានកត់សម្គាល់លើវឌ្ឍនភាពនៃកិច្ចចរចាបន្ទាប់ពីកិច្ចប្រជុំរៀបចំកិច្ចប្រជុំកំពូល RCEP លើកទី១ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងលទ្ធផលនៃកិច្ចប្រជុំចរចា គណៈកម្មាធិការចរចាពាណិជ្ជកម្ម និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី២១ ពីថ្ងៃទី០២-០៩ ខែកុម្ភៈ នៅទីក្រុងយ៉ូកយ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី និងលទ្ធផលនៃអន្តរកិច្ចប្រជុំក្រុមការងារ និងអនុក្រុមការងារទាំងអស់។
អង្គប្រជុំ បានអះអាងឡើងវិញនូវការខិតខំប្រឹងប្រែងសម្រេចឲ្យបានតាមការណែនាំរបស់ថ្នាក់ដឹកនាំ RCEP ឲ្យពន្លឿន និងបញ្ចប់ការចរចាក្នុងឆ្នាំ២០១៨នេះ និងបានស្វាគមន៍នូវផែនការការងារដែលបានធ្វើបទបង្ហាញដោយប្រធាននៃគណៈកម្មាធិការចរចាពាណិជ្ជកម្ម RCEP ជូនទៅកាន់អង្គប្រជុំ។
អង្គប្រជុំ បានសង្កត់ធ្ងន់លើសក្តានុពលនៃកិច្ចព្រមព្រៀង RCEP ដែលមិនត្រឹមតែអាចបង្កើនកំណើនសេដ្ឋកិច្ច តែក៏ជួយបង្កើតការងារ និងធ្វើឲ្យជីវភាពរបស់ប្រជាជនកាន់តែប្រសើរឡើង និងចូលរួមចំណែកយ៉ាងច្រើន ដល់កំណើនពាណិជ្ជកម្មពិភពលោក។ អង្គប្រជុំ បានណែនាំឲ្យអ្នកចរចាទាំងអស់ប្តេជ្ញា និងធានាឲ្យបាននូវលទ្ធផលជាផ្លែផ្កានៅគ្រប់កិច្ចប្រជុំចរចា និងអន្តរកិច្ចប្រជុំទាំងអស់ដើម្បីជំរុញការចរចា ឈានទៅរកទីបញ្ចប់ និងលើកនូវបញ្ហាផ្សេងៗដែលត្រូវការការណែនាំ និងដំណោះស្រាយ ពីថ្នាក់រដ្ឋមន្ត្រី។
ជាមួយគ្នានោះ លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់ប្រទេសសិង្ហបុរី ដែលបានរៀបចំកិច្ចប្រជុំបានយ៉ាងល្អ និងបានទទួលគណៈប្រតិភូកម្ពុជាប្រកបដោយភាពកក់ក្តៅ និងថ្លែងអំណរគុណដល់រដ្ឋមន្ត្រី RCEP ទាំងអស់ដែលបានចូលរួមសហការដើម្បីឲ្យកិច្ចប្រជុំនេះទទួលបានជោគជ័យ៕