(ស្ទឹងត្រែង)៖ នៅថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យទីតាំងសាងសង់ស្ពានចំនួន០៣កន្លែង ស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
លោក ម៉ុម សារឿន បានចុះពិនិត្យទីតាំងនៅមូលដ្ឋានផ្ទាល់ ដើម្បីសាងសង់ស្ពាន (ស្ពានបាឡេ) នៅចំណុចអូររុន មានប្រវែង ៦៥ម៉ែត្រ តភ្ជាប់ពីឃុំអូររៃ ទៅឃុំកាំងចាម និងទីតាំងសាងសង់ស្ពាន នៅចំណុចអូរតាសូស មានប្រវែង ៤៥ម៉ែត្រ ជំនួសស្ពានចាស់ដែលមានសភាពទ្រុឌទ្រោម ស្ថិតនៅក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះ លោកអភិបាលខេត្ត បានពិនិត្យទីតាំងសាងសង់ស្ពានមួយកន្លែងទៀត នៅចំណុចអូរសៀមបូក មានប្រវែង ៥៥ម៉ែត្រ ស្ថិតនៅក្នុងឃុំសៀមបូក ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់ស្ពានទាំង០៣កន្លែងនេះ លោកអភិបាលខេត្ត បានជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពួកគាត់ផងដែរ។
ថ្លែងក្នុងឱកាសសំណេះសំណាលនេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរ ដោយខ្វះស្ពានដើម្បីតភ្ជាប់ពីតំបន់មួយទៅកាន់តំបន់មួយទៀត ជាពិសេសពិបាកក្នុងការធ្វើដំណើរនៅរដូវទឹកឡើង។ នៅពេលខាងមុខនេះ ស្ពានចំនួន០៣កន្លែងនឹងត្រូវបានសាងសង់ឡើង ហើយប្រជាពលរដ្ឋនឹងចំណេញពេលវេលា ងាយស្រួលក្នុងការធ្វើដំណើរ និងជួយលើកម្ពស់ជីវភាពផងដែរ។
ប្រជាពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមបូក បានសម្តែងនូវការអបអរសាទរ រីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងដោះស្រាយនូវរាល់ការលំបាកគ្រប់យ៉ាងជូនពួកគាត់៕