(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងថា ចរន្តអគ្គិសនីនៅតាមផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានកាត់ផ្តាច់ដោយសារតែអេស្កាវ៉ាទ័រកាយប៉ះខ្លោងទ្វាររលំលើខ្សែបញ្ជូនចរន្តនោះ នឹងត្រូវជួសជុល និងតភ្ជាប់ចរន្តឡើងវិញនៅវេលាម៉ោង ៨៖៣០នាទីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ថា នៅម៉ោងប្រមាណ ៣៖៣០នាទីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ ចរន្តអគ្គិសនីតាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកាត់ផ្តាច់បណ្តាលមកពីអេស្កាវ៉ាទ័រមួយគ្រឿងពេលកំពុងកាយដីពង្រីកផ្លូវ ប៉ះខ្លោងទ្វារវត្តតាំងកសាងបាក់រលំមកប៉ះជាមួយខ្សែបញ្ជូនចរន្តអគ្គិសនី។
បន្ទាប់ពីការកាត់ផ្តាច់ចរន្តនេះ ក្រុមការងារអគ្គិសនីកម្ពុជា បានចុះធ្វើការជួសជុល និងតភ្ជាប់ភ្លាមៗ ហើយធ្វើទាំងយប់ ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ។ អគ្គិសនីកម្ពុជា បានសុំការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ដោយសារការដាច់ចរន្តអគ្គិសនីនេះផងដែរ៕