(ភ្នំពេញ)៖ នៅទីបំផុតច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌដែលបើកផ្លូវឲ្យដាក់ទោសចំពោះ ការប្រមាថព្រះមហាក្សត្រត្រូវ​បានប្រកាសឲ្យប្រើជាផ្លូវការហើយនៅថ្ងៃនេះ។ វត្តមាននៃច្បាប់នេះត្រូវបានប្រជារាស្ត្រខ្មែរដែលគោរពស្រឡាញបបរាជានិយម ជាពិសេសគោរពស្រឡាញ់អង្គព្រះមហាក្សត្រ បានអបអរសាទរយ៉ាងខ្លាំង។ ចម្លែកតែជនមួយក្តាប់តូចដែលមានឈាមជ័រជាខ្មែរដែរ តែបែរជាទោសមនស្សនឹងច្បាប់នេះទៅវិញ។ គ្មានអ្វីពិបាកយល់ទេ ពួកគេមិនចង់ឲ្យមានច្បាប់នេះ ពីព្រោះពួកគេគឺជាអ្នកប្រមាថព្រះមហាក្សត្រ និងប្រឆាំងរបបរាជានិយមតែរហូតមក។

តាមពិតទៅ ច្បាប់នេះមិនមែនមានតែប្រទេសកម្ពុជាឯណា។ មានប្រទេសច្រើនណាស់នៅក្នុងលោកយើងនេះរាប់ទាំងបណ្តាប្រទេសជឿនលឿននៅអឺរ៉ុបផងដែរក៏មានច្បាប់បែបនេះដែរ។ ចុះហេតុអ្វីបានជាពួកអ្នកតាំងខ្លួនជាបិតាប្រជាធិបតេយ្យខ្លះ និងជនបរទេសមួយក្តាប់ចូលចិត្តតាំងខ្លួនជាបិតាគោរពសិទ្ធិមនុស្ស មិនព្រមបើកភ្នែកមើល ហើយចាំតែមកស្តីបន្ទោស រិះគន់ប្រទេសកម្ពុជា ដែលទើបតែមានច្បាប់នេះក្រោយគេសោះទៅវិញ?

ដើម្បីឲ្យពួកអ្នករិះគន់ភ្លឺភ្នែក ខ្ញុំសូមលើកយកឧទាហរណ៍មកបង្ហាញដូចខាងក្រោម។

តាមនិយមន័យរបស់វចនានុក្រម Marriam Webster ពាក្យថា «lèse majesté» មានន័យថា ទី១៖ គឺជាឧក្រិដ្ឋកម្ម (ក្បត់ជាតិ) ដែលប្រព្រឹត្តប្រឆាំងនឹងអំណាចអធិបតេយ្យ។ ទី២៖ គឺជាអំពើល្មើសដែលរំលោភលើ មោទនភាពរបស់អ្នកគ្រប់គ្រងដែលតំណាងឲ្យអំណាចអធិបតេយ្យ ។

ប្រទេសដែលបានអនុវត្តច្បាប់នេះជាយូរមកហើយមាន៖
១៖ ប្រទេសថៃ៖ មាត្រា១១២ នៃច្បាប់ក្រមព្រហ្មទណ្ឌរបស់ប្រទេសថៃ ចែងថា «ជនណាដែលប្រមាថ ឬគំរាមកំហែងដល់អង្គព្រះមហាក្សត្រ ឬអង្គព្រះមហាក្សត្រយានី ឬអ្នកស្នងរាជ្យ ឬអ្នករាជានុសិទ្ធិ ត្រូវទទួលទោសជាប់គុករហូតដល់១៥ឆ្នាំ។ នៅប្រទេសថៃនេះដែរ ពុំមាននិយមន័យឱ្យបានច្បាស់លាស់ ទាក់ទងនឹងច្បាប់ស្ដីពីការប្រមាថរាជានិយមនោះទេ ហើយការដាក់ពាក្យប្ដឹងពីបទការប្រមាថអង្គព្រះមហាក្សត្រនោះ អាចធ្វើបានដោយជនរូបណាក៏ដោយ ហើយប៉ូលិសត្រូវធ្វើការស៊ើបអង្កេតជាផ្លូវការ។ ឧទាហរណ៍សូម្បីតែអ្នកចុច Like លើ
ទំព័រហ្វេសប៊ុកជនដែលប្រមាថដល់អង្គព្រះមហាក្សត្រក៏ធ្លាក់ចូលក្នុងមាត្រា ១១២នេះដែរ។

២៖ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជនដែលប្រមាថលើអង្គព្រះមហាក្សត្រ ត្រូវបានចាត់ទុកថាជាភេវរករ។ ច្បាប់ប្រឆាំងនឹងភេវរកម្មត្រូវបានចូលជាធរមាននៅឆ្នាំ២០០៩ ដែលត្រូវដាក់ទោសរាល់សកម្មភាពដូចជា «គំរាមកំហែងដល់ឯកភាពជាតិ រំខានដល់សណ្ដាប់ធ្នាប់សាធារណៈ បង្ខូចកេរិ៍ឈ្មោះដល់ប្រទេសជាតិ ឬដល់អង្គព្រះមហាក្សត្រ»។

៣៖ នៅចក្រភពអង់គ្លេស «ច្បាប់ស្ដីពីអំពើក្បត់ជាតិ» ដែលចូលជាធរមាននៅឆ្នាំ១៨៤៨ ត្រូវមានទោសអាចជាប់គុកអស់មួយជីវិតចំពោះជនណាដែលអំពាវនាវឱ្យលុបបំបាត់របបរាជានិយម។

៤៖ នៅប្រទេសហូឡង់ ការប្រមាថដល់រាជាធិបតេយ្យនិយម ឬអង្គព្រះមហាក្សត្រ អាចជាប់ទោសជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ផងដែរ។

៥៖. នៅប្រទេសន័រវែស ច្បាប់ក្រមព្រហ្មទណ្ឌ ដែលចូលធរមានឆ្នាំ១៩០២ មាត្រា១០១ ចែងថា ជនណាដែលប្រមាថអង្គព្រះមហាក្សត្រ ត្រូវពិន័យជាប្រាក់ និងដាក់ទោសជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។ មាត្រានេះចែងថា «ការប្រមាថព្រះកិត្តិនាម ឬចលនាប្រឆាំងនឹងព្រះមហាក្សត្រ ឬរាជានុសិទ្ធិ ត្រូវផ្ដន្ទាទោស ពិន័យប្រាក់ ឬជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ»។

៦៖ នៅប្រទេសប៉ូឡូញ មានច្បាប់ដាក់ទោសដល់ការប្រមាថលើមេដឹកនាំរបស់ខ្លួន និងការចោទប្រកាន់ទៅលើជនដែលប្រមាថលើអ្នកដឹកនាំបរទេស ដែលមកធ្វើទស្សនកិច្ចនៅប្រទេសនេះផងដែរ។ ក្រោមការអនុវត្តច្បាប់ក្រមព្រហ្មទណ្ឌមាត្រា ១៣៦ នៅឆ្នាំ២០០៥ ប៉ូលិសបានចាប់ខ្លួនបាតុករសកម្មជនសិទ្ធិមនុស្សចំនួន ២៨នាក់ ដែលបានធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ពូទីន។

៧៖ នៅប្រទេសស្វីស ដែលជាទូទៅគេស្គាល់ថាជាប្រទេសប្រកាន់អព្យាក្រឹត្យភាព ក៏មានច្បាប់ព្រហ្មទណ្ឌយ៉ាងតឹងរឹងចំពោះជន ដែលប្រមាថដល់អង្គប្រមុខរដ្ឋបរទេស ដែលមកទស្សនកិច្ចនៅប្រទេសស្វីស។ មាត្រា ២៩១ នៃច្បាប់ក្រមព្រហ្មទណ្ឌចែងថា «ជនដែលប្រព្រឹត្តបទល្មើសប៉ះពាល់ដល់អ្នកដឹកនាំប្រទេស សមាជិករដ្ឋាភិបាលតំណាងការទូត គណៈប្រតិភូផ្លូវការនៃប្រទេសនានា ដែលមកចូលរួមប្រជុំការទូតនៅប្រទេសស្វីស ឬអ្នកតំណាងផ្លូវការរបស់អង្គការអន្តរជាតិ ដែលមាននិវេសនដ្ឋាននៅក្នុងប្រទេសស្វីស អាចត្រូវឃាត់ខ្លួននិងប្រឈមមុខនឹងការផ្តន្ទាទោស ពិន័យ ឬជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ»។

៨៖ ដូចគ្នានេះដែរ នៅប្រទេសអេស៉្បាញ ការអនុវត្តច្បាប់ មាត្រា ៤៩០ និង៤៩១ មកលើទស្សនាវដ្ឋីឈ្មោះ El Jueves បានត្រូវផាកពិន័យ បន្ទាប់ពីបានចុះផ្សាយរូបគំនូរតុក្ដា របស់ព្រះអង្គ Asturias និងព្រះជាយាប្រព្រឹត្តផ្លូវភេទ។ សារព័ត៌មាននេះ ត្រូវគេប្រមូលចេញអស់ពីតូបលក់។ ការបង្ខូចកេរិ៍ឈ្មោះ ឬបង្ខូចកិត្តិយសបែបនេះ អាចទទួលទោសជាប់គុករហូតដល់ ២ឆ្នាំ។

ជារួមកម្ពុជាពុំមែនជាប្រទេសតែម្នាក់ឯងគត់ដែលបង្កើតច្បាប់ស្ដីពីការប្រមាថលើអង្គព្រះមហាក្សត្រនោះទេ។ កម្ពុជាគ្រាន់តែចង់លើកកម្ពស់ អធិបតេយ្យភាព សណ្ដាប់ធ្នាប់សាធារណៈ ការឯកភាពជាតិ និងមោទនភាពជាតិរបស់ខ្លួនតែប៉ុណ្ណោះ។ នៅពេលច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រចូលជាធរមាន ជនដែលហ៊ានចេញមុខប្រមាថព្រះមហាក្សត្រ នឹងមិនអាចរួចខ្លួនទៀតឡើយ។ ជនដែលប្រមាថព្រះមហាក្សត្រធ្ងន់ធ្ងរបំផុតចុងក្រោយនេះ គឺលោក លឺ ឡាយស្រេង និងបុគ្គល ប៊ុត ប៊ុនតិញ ដែលក្លែងខ្លួនជាព្រះសង្ឃ។
បុគ្គលទាំងពីរនាក់នេះ រួមទាំងអ្នកវិភាគខ្លះ និងក្រុមពួកបក្សប្រឆាំងនៅកម្ពុជាតែងតែបំពានព្រះមហាក្សត្រជាញឹកញាប់។ ដូច្នេះ ពួកនេះអះអាងថាស្រឡាញ់ព្រះមហាក្សត្រ និងស្រឡាញ់របបរាជានិយមតែមាត់ប៉ុណ្ណោះ តាមការពិត គឺសុទ្ធតែជាអ្នកប្រឆាំងរបបរាជានិយមដល់ឆ្អឹង។ ច្បាប់នេះមិនគួរអត់ឱនដល់ជំពូកមនុស្សអស់នេះឡើង។ ចំពោះពួកបរទេសខ្លះវិញ ការរិះគន់ច្បាប់នេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព និងទំនាមទម្លាប់ប្រពៃណីរបស់ប្រទេសកម្ពុជាដែលប្រជារាស្ត្រគោរពស្រឡាញ់ព្រះមហាក្សត្រស្មើអាទិទេព។ អ្នកទាំងនោះគួរបើកភ្នែកមើលប្រទេសជាច្រើនដូចបានរៀបរាប់ខាងលើ និងគួរតែគោរពអធិបតេយ្យភាព ទំនាមទម្លាប់ខ្មែរឲ្យបានល្អជាងនេះ៕

ដោយ៖ និស្សិតសាកល វិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច