(ព្រះសីហនុ)៖ ជាមួយនឹងស្នាមញញឹមដ៏ពព្រាយ នៅលើឆ្នេរខ្សាច់អែបប៉ប្រះមាត់សមុទ្រខៀវស្រងាត់ដ៏ឆ្ងាយល្វឹងល្វើយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់កម្ពុជា បានទទួលការគោរពស្រលាញ់ពេញចិត្តយ៉ាងកុះករ ពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលបានទៅទស្សនាកម្សាន្តនៅខេត្តព្រះសីហនុ «តារារះនាទិសនិរតី» តាមរយៈការលើកដៃគោរពសុំថតរូបជាមួយសម្ដេចតេជោ ម្ដងម្នាក់ ឬម្ដងមួយក្រុមៗ បំណងទុកជាអនុស្សាវរីយ៍ដ៏សែនគាប់ចិត្ត។
រូបភាពម៉ឺនសែនអត្ថន័យទាំងនេះត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងប្រត្យក្ស ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅមុជទឹកលេងកំសាន្តនៅឆ្នេរសមុទ្រ នៃខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ ពោលបន្ទាប់ពីសម្ដេចតេជោ បញ្ចប់កិច្ចការជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជាង ២ម៉ឺន១ពាន់នាក់ មកពីរោងចក្រសហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីព្រឹកមិញ។
ភាពស្និទ្ធស្នាលដ៏សាមញ្ញជាមួយប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលប្រជាពលរដ្ឋទទួលបាននាពេលនេះ ពិតជាបានបញ្ជាក់យ៉ាងជាក់ប្រាកដថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនានានៅកម្ពុជា នៅតែត្រូវការការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលពួកគាត់ចាត់ទុកថា ជាស្ថាបនិកសន្តិភាពនៅកម្ពុជា ក្រោយឆ្នាំ១៩៧៩ ដើម្បីឲ្យប្រមុខដឹកនាំដ៏អង់អាចរូបនេះ បន្តថែរក្សាការពារនូវសន្តិភាព សន្ថិភាព និងកំចាត់ឲ្យអស់នូវពួកខ្លាំងយង់ឃ្នងទាំងឡាយ ដែលចង់បំផ្លាញប្រទេសដ៏កំសត់កម្រមួយនេះ។
រូបភាពជាច្រើនសន្ធឹក ត្រូវបានភ្នាក់ងារ Fresh News ផ្តិតយករូបភាពពីឆ្នេរសមុទ្រ នៃខេត្តព្រះសីហនុ ក៏យកមករំលេចឡើងជាព័ត៌មានខ្លីមួយ ដើម្បីបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ ក៏ដូចជាមិត្តអ្នកអានរីករាយជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងនោះ ដែលទទួលបានឱកាសបង្ហាញភាពស្និទ្ធស្នាលជាមួយនាយករដ្ឋមន្ត្រីរបស់ខ្លួន។
ខាងក្រោមនេះជារូបភាពដែលបញ្ជាក់ពីភាពស្និទ្ធស្នាលដ៏សាមញ្ញ និងទឹកចិត្តគោរពស្រឡាញ់គាំទ្រយ៉ាងជឿជាក់រវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នៅឆ្នេរខ្សាច់នៃខេត្តព្រះសីហនុ៖