(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ បាននាំយកថ្នាំពេទ្យជិត ៧តោន តម្លៃប្រមាណ ៣១៨លានរៀល យកទៅចែកជូនកងទ័ពនៅតាមបណ្តាអង្គភាពនានា ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមទល់ដែន។
ជាមួយនឹងការចែកថ្នាំនេះ នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំដល់បណ្តាអង្គភាពឲ្យរក្សាទុកដាក់ថ្នាំសង្កូវនេះឲ្យបានត្រឹមត្រូវកុំឲ្យប៉ះពាល់ដល់គុណភាពថ្នាំ។ លោកក៏បានណែនាំឲ្យពួកគេប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជាចៀសវាងនាំឲ្យប៉ះពាល់ដល់សុខភាព។
ថ្នាំពេទ្យដែលបានយកទៅចែកជូនកងទ័ពនាពេលនេះ គឺជាអំណោយរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលត្រូវបានកងទ័ពប្រសិទ្ធនាមជាអគ្គភ័ស្តុភាជាន់ខ្ពស់តែងតែផ្គត់ផ្គង់គ្រប់បែបយ៉ាងដែលជាតម្រូវការរបស់កងទ័ព។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានថ្លែងអំណរគុណលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានឧបត្ថម្ភថ្នាំពេទ្យដល់កងទ័ពតាមទល់ដែន សម្រាប់ព្យាបាលជំងឺកងទ័ព និងគ្រួសារ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ដល់សុខុមាលភាពរបស់កងទ័ព។ លោកមេទ័ពក៏រំពឹងថា លោករដ្ឋមន្ត្រីនឹងបន្តជួយផ្តល់ថ្នាំដល់កងទ័ពបន្ថែមទៀត ដើម្បីទ្រទ្រង់ដល់សុខភាពរបស់កងទ័ព៕