(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ រថយន្តស៊េរីទំនើប​មួយគ្រឿង ម៉ាក Luxes RX​330 បុករ៉ឺម៉កកង់បីរបស់ក្រុមហ៊ុន Passapp ក្រឡាប់ផ្អៀងជើង បណ្តាលឲ្យឪពុករបួសស្រាល និងកូនប្រុសរបួសធ្ងន់ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ ​ស្ថិតតាមបណ្តោយមហាវិថីអង្គរ ចំណុចមុខបុរីអង្គរភ្នំពេញ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងផ្សេងគ្នា ដោយអ្នកខ្លះថា រថយន្ត និងរ៉ឺម៉កកង់បីខាងលើបើកស្របទិសគ្នា ពីត្បូងទៅជើងតាមមហាវិថីអង្គរ ដោយរថយន្តបើកខាងឆ្វេង ប្រដំប្រសងគ្នា តែរ៉ឺម៉កបើកមុខបន្តិច លុះមកមកដល់ចំណុចកើតហេតុ រ៉ឺម៉កបត់ឆ្វេងឆ្លងផ្លូវ ក៏ត្រូវរថយន្តបុកចំពីខាងឆ្វេង បណ្តាលឲ្យក្រឡាប់ផ្អៀងជើង​តែម្តង។

ចំណែកសមត្ថកិច្ច​ដែលទៅដល់កន្លែងកើតហេតុ ឲ្យដឹងថា រ៉ឺម៉កកង់បីបើកឆ្លងផ្លូវពីកើតទៅលិច ហើយត្រូវរថយន្តបើកក្នុងល្បឿនលឿន គួរសមដែលបើកពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានបុករ៉ឺម៉ក​ផ្នែកខាងក្រោយ ចំជ្រុងខាងឆ្វេង ខណៈដែលរ៉ឹម៉ក កំពុងបត់ឆ្លងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្អៀងតែម្តង។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តបង្ក ម៉ាក Luxes RX​330 ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AS-9120 បើកដោយបុរសជនជាតិចិន ឈ្មោះ CHANG CHUNCHE រីឯរ៉ឺម៉ករងគ្រោះ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GW-4724 បើកដោយឪពុក និងរួមដំណើរដោយកូនប្រុសម្នាក់ អាយុប្រហែល១០ឆ្នាំ ដែលក្មេងនោះ​របួសធ្ងន់ធ្ងរ ​បាក់ជើងឆ្វេងដៃឆ្វេង និងរបួសក្បាល តែភាគីរថយន្ត​​ក៏បានឈឺឆ្អាលក្នះខ្នែងយកចិត្តទុកដាក់ក្នុងរឿងនេះដែរ។

ក្រោយ​កើតហេតុបុរសជាឪពុក​បានយកកូនទៅពេទ្យ រីឯវត្ថុតាង ត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញ មកធ្វើការវាស់វែងយក​ទៅរក្សាទុក នៅកា​រិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំភាគីទាំង២​ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕