(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌឬស្សីកែវ ដែលតែងតែបន្តយាមល្បាត ក្នុងភូមិសាស្ត្ររបស់ខ្លួននៅពេលរាត្រី ស្រាប់តែប្រទះឃើញមុខសញ្ញាចាស់ ចែកចាយគ្រឿងញៀន២នាក់ ក៏ដេញតាមរហូតធ្វើឲ្យពួកគេភ័យស្លន់ស្លោរ ផ្ដួលម៉ូតូរត់គេចខ្លួនបាត់ម្នាក់ ខណៈម្នាក់ទៀតត្រូវក្របួចជាប់ភ្លាមៗ រកឃើញថ្នាំញៀន ចំនួន៨កញ្ចប់ និងដកហូតម៉ូតូ១គ្រឿង ដើម្បីយកមកធ្វើការសាកសួរស្រាវជ្រាវបន្តរកបក្ខពួក។
តែទោះបីយ៉ាងណា លោកវរសេនីយ៍ត្រី កាន់ សុខ មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថខណ្ឌស្សីកែវ ក្រោយទទួលបានបទបញ្ជាពី លោកវរសេនីយ៍ឯក ទូច ម៉េង មេបញ្ជាការអាវុធហត្ថខណ្ឌ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យ បានឆ្លើយសារភាពថា នៅមានបក្ខពួកម្នាក់ទៀត ដែលកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន ទើបធ្វើឲ្យកម្លាំងអាវុធហត្ថបន្តប្រតិបត្តិការស៊ើបអង្កេត រហូតរកឃើញជញ្ជីងថ្លឹងថ្នាំញៀន ចំនួន១គ្រឿង ម៉ូតូ១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន បន្ថែមទៀតផងដែរ ខណៈបក្ខពួកជនសង្ស័យ បានដឹងខ្លួនមុន រត់គេចខ្លួនបាត់ស្រម៉ោល។
លោកវរសេនីយ៍ត្រី កាន់ សុខ បានបញ្ជាក់ទៀតថា ប្រតិបត្តិការបង្ក្រាបជាក់ស្ដែង និងឈានដល់បើកការស្រាវជ្រាវស្វែងរកចាប់ខ្លួន បក្ខពួកក្រុមជនសង្ស័យ ចែកចាយគ្រឿងញៀនខាងលើនេះ បានធ្វើឡើងតាំងពីម៉ោងជាង១០យប់ថ្ងៃទី២ រហូតមកដល់ល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ដែលមានទីតាំងតាមបណ្ដោយផ្លូវបេតុង ក្បែរអាងទឹករថយន្ដពន្លត់អគ្គិភ័យ ស្ថិតក្នុងក្រុម៥ ភូមិក១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ និងទីតាំងទី២ ស្ថិតនៅផ្ទះលេខ៥១២ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងក្រុម៧ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។
មេបញ្ជាការរងអាវុធហត្ថខណ្ឌឬស្សីកែវ បានបន្តថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុះ អារ៉ាហ្វាត ភេទប្រុស អាយុ១៨ឆ្នាំ ជាជនជាតិខ្មែរឥស្លាម ស្នាក់នៅផ្ទះលេខ៥១២ នាចំណុចកើតហេតុខាងលើ ជំហ៊ានដំបូងដោយសារតែកម្លាំងល្បាត នៅពេលរាត្រីរបស់អាវុធហត្ថខណ្ឌ បានប្រទះឃើញ ជនសង្ស័យ២នាក់ ជាមុខសញ្ញាចាស់ចែកចាយគ្រឿងញៀន ជិះម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ1GG-9635 ទើបធ្វើការដេញតាម ដើម្បីឃាត់សាកសួរ ស្រាប់តែជនសង្ស័យបានព្យាយាមបើករត់គេចតាមបណ្ដោយផ្លូវជាតិលេខ៥ ទាំងភ័យស្លន់ស្លោរ រហូតមកដល់ក្បែរអាងទឹករថយន្ដពន្លត់អគ្គិភ័យ ក៏ផ្ដួលម៉ូតូចោលហើយរត់គេចខ្លួនបាត់ម្នាក់ ខណៈម្នាក់ទៀតឈ្មោះ សុះ អារ៉ាហ្វាត ត្រូវឃាត់ខ្លួនបានតែម្ដង ដើម្បីបន្តសាកសួររយៈពេលត្រឹមប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ ក៏មានតម្រុយខ្លះៗទើបឈានដល់ការតាមដានច្បាមមុខសញ្ញា ជាលើកទី២ នារសៀលថ្ងៃទី៣ ខែមីនានេះ បានរកឃើញបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ លីម ហ្វាវីត អាយុ១៩ឆ្នាំ ជិះម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ឆ្នាំ២០១៤ ពាក់ស្លាកលេខ1CK-3710 ចូលទៅក្នុងផ្ទះរស់នៅរបស់ខ្លួន ទើបឈានទៅដល់ការឡោមព័ទ្ធចូលរុករកដើម្បីចាប់ខ្លួន ស្រាប់តែជនសង្ស័យដឹងខ្លួនមុន ហើយរត់គេចខ្លួនបាត់តែម្ដង។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយថ្នាំញៀន ចំនួន៨កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធផ្សេងទៀត ត្រូវកម្លាំងអាវុធហត្ថខណ្ឌឬស្សីកែវ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួក ដែលនៅសេសសល់ដើម្បីយកមកផ្ដន្ទាទោសទៅតាមច្បាប់៕