(ក្រចេះ)៖ លោក ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន គឺកើតឡើងដោយប្រជាពលរដ្ឋ ដើម្បីប្រជាជន ខុសពីរដ្ឋាភិបាលសម័យ ប៉ុល ពត ដែលកើតឡើងដោយកម្លាំងប្រដាប់អាវុធ ហើយយកប្រជាជនជាសត្រូវ កាប់សម្លាប់ប្រជាជន ការដឹកនាំប្រទេសបែបនោះ គឺមិនអាចស្ថិតស្ថេរគង់វង្សបានទេ។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ មហាកុដិ ខ្លោងទ្វារ ពុទ្ធាភិសេក ក្នុងវត្តរដ្ឋបាលារាម ហៅវត្តបច្ឆា ក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ដែលចំណាយថវិកាសរុប២៥១,១០០ដុល្លារ។
បើតាមលោក ហ៊ុន ម៉ាណែត សម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសកាន់យូរ កាន់តែចូលគៀកប្រជាជន កាន់តែដឹងពីសុខទុក្ខប្រជាជន និងបានជួយដោះស្រាយបញ្ហាជូនប្រជាជនបានកាន់តែច្រើន។
ជាក់ស្ដែង ការសម្ពោធសមិទ្ធផលនៅថ្ងៃនេះ គឺជាការរួមចំណែកមិនត្រឹមតែក្នុងវិស័យពុទ្ធសាសនាប៉ុណ្ណោះទេ គឺជាការរួមចំណែកនៅក្នុងប្រទេសទាំងមូល ហើយទីវត្តអារាម គឺជាកន្លែងដែលអភិរក្ស ថែរក្សា នូវវប្បធម៌ប្រពៃណី និងអប់រំប្រជាពលរដ្ឋឲ្យធ្វើតែអំពើល្អ ហើយទីវត្តអារាម គឺជាទីកន្លែងដែលផ្ដល់ឲ្យ ប្រជាពលរដ្ឋមានឱកាសបានជួបជុំ សប្បាយរីករាយក្នុងការធ្វើបុណ្យទាន ដែលសម័យនេះទីវត្តអារាម គឺខុសពីសម័យ ប៉ុល ពត ដែលត្រូវបានគេយកទៅធ្វើ ជាកន្លែងចិញ្ចឹមសត្វ ឬជាកន្លែងសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត។
លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកសាងសមិទ្ធផលនានាក្នុងទីវត្តអារាមនេះ គឺបានស្ដែងពីការយកចិត្តដាក់ និងការខិតខំប្រឹងប្រែង របស់ព្រះចៅអធិការ និងគណៈកម្មាធិការ ព្រមទាំងមានការចូលរួមពីពុទ្ធបរិស័ទ្ធចំណុះជើងវត្ត និងមកពីគ្រប់ទិសទី ទាំងនេះដែលបានស្ដែងពី ការលើកកម្ពស់ក្នុងវិស័យពុទ្ធសាសនា ជាងនេះទៅទៀតដោយសារតែប្រជាពលរដ្ឋមានលទ្ធភាព ជីវភាពរីកចម្រើនធូធារ សម្បូរសប្បាយ ព្រោះពួកគាត់បានកំពុងរស់នៅក្រោមដំបូលសន្ដិភាព និងការអភិវឌ្ឍន៍។
លោកបន្ថែមថា ទោះយើងបានកសាងរបងតែមួយផ្ទាំងក៏ប្រសើរជាង អ្នកដែលគ្រាន់តែនិយាយថា អាចកសាងរបងហើយទាំងមូល ទោះយើងបណ្ដុះបណ្ដាល សិស្សបានតែ១០នាក់ ក៏ប្រសើរជាងអ្នកដែលគ្រាន់តែនិយាយថា អាចបណ្ដុះបណ្ដាលសិស្សបានរាប់រយនាក់ ទោះយើងបានកសាងសមិទ្ធផល នៅមានចំនួនតិចតួច ក៏ប្រសើរជាងអ្នកដែលគ្រាន់តែដើរនិយាយ សន្យាខ្យល់ តែមិនដែលមានធ្វើអ្វីសោះ។
ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលតែងតែគាំទ្រ សម្ដេចតេជោ ហ៊ុន សែន និងបានបោះឆ្នោតជូនសម្ដេច ដើម្បីផ្ដល់ឱកាសជូនសម្ដេចដឹកនាំប្រទេសក្នុងសន្ដិភាព និងការអភិវឌ្ឍន៍បន្ដទៀត ហើយលោកតា លោកយាយ បានជ្រើសរើសមេដឹកនាំ ដែលគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ២៤ម៉ោង ដោយសម្ដេចតេជោបានធ្វើសមាជជាមួយប្រជាជនរយៈពេល៣៦៥ថ្ងៃ ក្នុងមួយឆ្នាំ តាមរយៈ Facebook Page ផ្ទាល់របស់សម្ដេច។
លោកក៏បានផ្ដាំផ្ញើ ប្រជាពលរដ្ឋលោកតា លោកយាយ បន្ដគាំទ្រសម្ដេចតេជោ ហ៊ុន សែន បោះឆ្នោតជូនសម្ដេចតេជោ ដើម្បីឲ្យសម្ដេចមានឱកាសដឹកនាំ កសាងអភិវឌ្ឍន៍ប្រទេសដែលលោកបានខិតខំតាំងពីបាត់ដៃទទេ អស់រយៈពេលជាង៤០ឆ្នាំមកនេះ៕