(កណ្តាល)៖ ​លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំ ​គណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល ដើម្បីបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆ្នាំ២០១៧ និងដាក់ចេញនូវផែនការការងារសម្រាប់អនុវត្តបន្ត សម្រាប់ឆ្ពោះទៅកាន់ជ័យជំនះ នៅក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ខាងមុខ។

អង្គប្រជុំបានធ្វើការពិភាក្សាលើសភាពការណ៍ទូទៅ នៅក្នុងស្រុកមុខកំពូល និងបានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលសម្រេចបាន ក្នុងពេលកន្លងមក ជាពិសេសសកម្មភាពចូលរួមចំណែកនៅក្នុងកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ នៅក្នុងមូលដ្ឋានស្រុកមុខកំពូល ទាំងផ្នែកពុទ្ធចក្រ ទាំងផ្នែកអាណាចក្រ ជាពិសេសការចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ និងសង្គមផ្សេងៗ ព្រមទាំងការចូលរួមដោះស្រាយ សំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាបាតុភាពនានា ដែលកើតឡើងនៅមូលដ្ឋាន​នៅក្នុងឆ្នាំ២០១៧ កន្លងទៅនេះ។

លោក វង្សី វិស្សុត បានជម្រាបជូនដល់មន្រ្តីបក្ស​ទាំងមកពីថ្នាក់កណ្តាល និងទាំងមកពីថ្នាក់មូលដ្ឋានបានស្វែងយល់អំពីស្ថានភាពទូទៅរបស់ប្រទេស ជាពិសេសស្ថានភាពនយោបាយក្នុងពេលថ្មីៗនេះ ដោយគូសបញ្ជាក់ថា ការចាត់វិធានការរបស់ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការរបស់កម្ពុជា គឺស្របទាំងស្រុងតាមច្បាប់របស់កម្ពុជា។ ហើយចំណាការនេះ គឺមិនមែនជាការលុបបំបាត់ចោលនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដូចនឹងការចោទប្រកាន់ របស់មជ្ឈដ្ឋានមួយចំនួនឡើយ តែនេះធ្វើឡើងក្នុងគោលដៅថែរក្សាឲ្យបានដាច់ខាននូវសុខសន្តិភាព, ស្ថេរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសជីវភាពរស់នៅសុខសាន្តរបស់ប្រជាជន។

ដូចនេះ ការដាក់សម្ពាធរបស់ប្រទេសមួយចំនួន មកលើចំណាត់ការស្របច្បាប់របស់ប្រទេសកម្ពុជាដែលជារដ្ឋអធិបតេយ្យ គឺមិនមានភាពសមហេតុផលទេ ព្រោះធ្វើឡើងដោយសារមានមូលហេតុនយោបាយ ​ដោយមិនបានពិចារណាឲ្យច្បាស់លាស់ពីតថភាពនយោបាយនៅកម្ពុជា។ ទង្វើនេះ គឺមិនបានលើកស្ទួយ នូវដំណើរការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដូចការលើកឡើងរបស់គេទេ​។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការបម្រើប្រជាជន និងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ហើយកម្ពុជានៅតែមានស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ ​ទោះបីត្រូវប្រឈម នឹងការហានិភ័យ និងការគំរាមកំហែងពីខាងក្រៅក្តី។ ការប្រកាសកាត់ផ្តាច់ជំនួយក្នុងផ្នែកខ្លះរបស់ប្រទេសមួយចំនួនក្នុងពេលថ្មីៗនេះ ក៏ពុំមានផលប៉ះពាល់អ្វីដល់សេដ្ឋកិច្ចរបស់កម្ពុជាដែរ ដោយសារសេដ្ឋកិច្ចកម្ពុជា កាន់តែមានឯករាជ្យភាពជាងមុន និងកាន់តែមានភាពជាម្ចាស់ជាងមុន។

លោកបានបន្ត​ថា ក៏ប៉ុន្តែ​មិនត្រូវត្រេកត្រអាលពេក ហើយភ្លេចខ្លួននឹងសភាពការណ៍នេះដែរ ព្រោះពួកគេនៅតែចិញ្ចឹមមហិច្ឆតាអាក្រក់របស់ពួកគេ តាមគ្រប់រូបភាពនៅឡើយ។ ក្នុងន័យនេះ ​ត្រូវប្រែក្លាយបញ្ហាប្រឈម និងការគំរាមកំហែងទាំងឡាយ ឲ្យកា្លយទៅជាឱកាស​តាមរយៈការបន្តអនុវត្ត​នូវការកែទម្រង់ ទំាងឡាយឲ្យកាន់តែសកម្ម, ឲ្យកាន់តែស្រុះដៃគ្នា ហើយកាន់តែមានសន្ទះល្បឿនលឿនជាងមុន និងការខិតខំបន្តបម្រើប្រជាជនដោយស្មោះត្រង់ ដើម្បី​អាចមានសមត្ថភាពទប់ទល់ នឹងការហានិភ័យ និងការគំរាមកំហែងទាំងឡាយផង និងដើម្បី​អាចមាន​សត្ថភាពស្រូបយកនូវផលប៉ះពាល់បណ្តាលមកពីហានិភ័យ និងការគំរាមកំហែងទាំងផង ព្រមទាំងដើម្បីបន្តធ្វើការពង្រឹងខ្លួនឯងឲ្យកាន់តែរឹងមាំថែមទៀតផងដែរ។

លោក វង្សី វិស្សុត បានណែនាំដល់មន្រ្តីគណបក្សទាំងអស់ ត្រូវរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវបន្តធ្វើអំពើល្អ ហើយរួមដៃគ្នាបម្រើប្រជាជន ដោយភាពស្មោះត្រង់ និងត្រូវខិខំដោះស្រាយបញ្ហានានា ពិសេសបញ្ហាដីធ្លីនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយរួសរាន់ពេលវេលា តាមរបៀបភ្លៀងរលឹម ឲ្យកាន់តែសកម្មជាងមុន ព្រមគ្នាជាមួយនឹងការបន្តលុបបំបាត់ភាពអសកម្មផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋដើម្បីចិញ្ចឹមការគាំទ្រ និងចិញ្ចឹមការទាក់ទាញ។

ជាមួយគ្នានេះ មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវបន្តចូលរួមគាំទ្រដល់សកម្មភាពមនុស្សធម៌ និងសង្គមផ្សេងៗ ដូចជាការជួយដល់ចាស់ជរាគ្មានទីពឹង និងបងប្អូនប្រជាពលរដ្ឋទីទ័លក្រ ដែលមានលំបាកជីវភាពខ្លាំង, ការជួយសាងសង់ផ្ទះ និងជួយឧបត្ថម្ភដល់គ្រួសារបងប្អូនប្រជាពលរដ្ឋ ដែលជួបគ្រោះមន្តហរាយធម្មជាតិ និងការចូលរួមថវិកាបុណ្យសពជាដើម ដោយមិនប្រកាន់និន្នាការនយោបាយ។

លោកបានស្នើសុំឲ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ត្រូវមានភាពម៉ឹងម៉ាត់ ក្នុងការអនុវត្តច្បាប់ រួមទាំងការពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ជាពិសេសការលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញឿន៕