(ឧត្តរមានជ័យ)៖ តាមរយៈការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានព្រះរាជទានមេដាយការពារជាតិដល់អតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស។ អតីតយុទ្ធជនកម្ពុជា សុទ្ធតែជាអ្នកដែលបានធ្វើពលីកម្មដ៏ធំធេងសម្រាប់ជាតិមាតុភូមិកម្ពុជា ក្នុងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសទប់ស្កាត់មិនឲ្យរបបនេះវិលមកគ្រប់ដណ្តប់មាតុភូមិកម្ពុជាជាថ្មីនាអំឡុងទសវត្សរ៍ឆ្នាំ៨០ និង៩០។
នៅថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន ដែលជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បាននាំយកមេដាយការពារជាតិទៅបំពាក់ឲ្យបងប្អូនអតីតយុទ្ធជនកម្ពុជា ៩៨៥នាក់ រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងពិធីបំពាក់មេដាយការពារជាតិលើទឹកដីសមរភូមិប្រយុទ្ធដ៏ស្រួចស្រាវដែលទើបបិទបញ្ចប់ទៅនៅឆ្នាំ១៩៩៨ នាយឧត្តមសេនីយ៍ គន់ គីម បានលើកបង្ហាញពីការយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោក គន់ គីម បានបង្ហាញថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងដោះស្រាយរាល់ទុក្ខលំបាករបស់អតីតយុទ្ធជន ដូចជាផ្តល់ដីសម្រាប់បង្កបង្កើនផល និងផ្តល់ផ្ទះសម្រាប់ស្នាក់អាស្រ័យ ហើយរាល់ពេលបុណ្យទានតែងតែផ្តល់របបឧបត្ថម្ភជារៀងរាល់ឆ្នាំ។ បើតាមនាយឧត្តមសេនីយ៍ គន់ គីម តាមរយៈការយកចិត្តទុកដាក់របស់សម្តេចទាំងពីរបានធ្វើឲ្យអតីតយុទ្ធជនរស់នៅក្នុងជីវភាពមួយសមរម្យ មានភាពកក់ក្តៅក្នុងជីវិតមិនឯកោនោះឡើយ។
នៅចំពោះមុខអតីតយុទ្ធជនដែលមានទាំងអ្នកពិការដៃ ពិការជើង ពិការភ្នែកផងនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានលើកមកបង្ហាញពីវីរភាពរបស់បងប្អូនអតីតយុទ្ធជនផងដែរ។ លោកអគ្គលេខាធិការសមាគមអតីតយុទ្ធជន ដែលបានចុះជួបជាមួយអតីតយុទ្ធជាប់ជាប្រចាំរូបនេះ បានរំលឹកថា ដើម្បីបុព្វហេតុការពារការរស់រៀនមានជីវិតជាថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា បងប្អូនអតីតយុទ្ធជនបានលះបង់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ដោយលូនក្រាបលើសមរភូមិទាំងថ្ងៃទាំងយប់ ក្រោមភ្លៀងផ្គរដោយឥតរារែកនោះឡើយ។ ជាពិសេសបងប្អូនខ្លះស្លាប់ ខ្លះទៀតរួចផុតពីក្តីស្លាប់តែក៏ត្រូវធ្លាក់ខ្លួនពិការ។
លោក គន់ គីម បានគូសបញ្ជាក់ថា ការលះបង់ឥតអល់អែករបស់អតីតយុទ្ធជនរបស់កម្ពុជា គឺជាចំណែកមួយដ៏ធំធេងក្នុងការរក្សាពន្លឺសុខសន្តិភាពរបស់កម្ពុជា និងជួយរុញកម្ពុជាឲ្យឈានមកកាន់ដំណាក់កាលអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន។
បងប្អូនអតីតយុទ្ធជន ដែលបានអញ្ជើញទទួលមេដាយការពារជាតិ បានសម្តែងការសប្បាយរីករាយជាខ្លាំងក្រោយពេលពួកគាត់ទទួលបានការផ្តល់កិត្តិយសពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ជាពិសេសត្រូវបានព្រះមហាក្សត្រផ្តល់កិត្តិយសជាមេដាយការពារជាតិសម្រាប់ពួកគាត់បែបនេះ។
បងប្អូនអតីតយុទ្ធជនដែលអ្នកខ្លះបានសម្រក់ទឹកភ្នែកព្រោះក្តីរំភើបផងនោះ បានលើកឡើងថា ការលះបង់របស់គាត់សម្រាប់ជាតិមិនដែលគិតថា ទទួលបានការតបស្នងនោះឡើយ ហើយក៏មិនដែលតូចចិត្តដែរ ព្រោះអ្វីដែលគាត់ពលីពីអតីតកាល គឺដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ តែពេលបច្ចុប្បន្នការលះបង់របស់គាត់ គឺទទួលបានការផ្តល់តម្លៃពីព្រះមហាក្សត្រ និងយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត ធ្វើឲ្យពួកគាត់គ្មានការសោកស្តាយ ហើយបើទៅបីស្លាប់ ក៏បិទភ្នែកជិតផងដែរ។
បងប្អូនអតីតយុទ្ធជនបានបង្ហាញទឹកចិត្តមុតមាំមិនខុសពីទឹកចិត្តដែលពួកគាត់បានចេញទៅសមរភូមិប្រយុទ្ធដើម្បីការពារជាតិដូចអំឡុងពេលមានសង្គ្រាមនោះឡើយ គឺនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ឲ្យដឹកនាំ និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត៕