(ត្បូងឃ្មុំ)៖ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ការរីកចម្រើនវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវពឹងផ្អែកលើកត្តាសន្តិសុខ ស្ថេរភាពនយោបាយ និងសុវត្ថិភាពសង្គមជាចាំបាច់មិនអាចខ្វះបាន។

លោក លី ឡេង បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវ សម្រាប់បម្រើឲ្យវិស័យព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលសុទ្ធសឹងជាការចូលរួមចូលជាបច្ច័យរបស់ថ្នាក់ដឹកនាំ និងសប្បុរសជននានា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ វិស័យព្រះពុទ្ធសាសនា។ កុដិថ្មកម្ពស់២ជាន់ ដ៏ធំស្កឹមស្កៃ រួមទាំងសមិទ្ធផលនានាក្នុង វត្តសង្ឃសាមីជប់ ហៅវត្តជប់ក្រៅ ដែលចំណាយថវិការសរុបអស់ចំនួន ១០.៦៤០០ដុល្លារ។

លោក លី ឡេង បានបន្តថា «កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ជាច្រើនជំនាន់ ដែលបណ្តាលមកពីភ្លើងសង្គ្រាម ហើយសង្គ្រាមបានបង្ក វិនាសកម្ម សោកនាដកម្ម អន្តរាយហិនហោចប្រទេសជាតិគ្រប់បែបយ៉ាង ជាក់ស្តែងបានបន្សល់ទុក ស្ត្រីមេម៉ាយ ក្មេងកំព្រា ជនអនាថាគ្មានទីពឹង ជាដើម។ លោកបានបន្តថា កម្ពុជាបច្ចុប្បន្នបានវិវឌ្ឍន៍ខ្លួនជាប្រទេសដែលមានចំណូលគួរសម បើប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ និងបន្តការអភិវឌ្ឍលើគ្រប់វិស័យដោយឥតឈប់ឈរ ប៉ុន្តែដើម្បីរក្សាបាននូវការរីកចម្រើននេះ ត្រូវពឹងផ្អែកលើកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងសុវត្ថិភាពសង្គមជាចម្បង»។

លោក លី ឡេង បញ្ជាក់ថា ដើម្បីថែរក្សាការពារសុខសន្តិភាពនេះបានចាំបាច់ត្រូវពឹងផ្អែកឲ្យមានការចូលរួមពីប្រជាពលរដ្ឋទូទៅហើយការចូលរួមនេះ ពុំចាំបាច់ចំណាយអ្វីទាំងអស់ គឺគ្រាន់តែបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបានគ្រប់គ្រងប្រទេសបន្តទៀតព្រោះគណបក្សនេះ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស ទាំងធនធានមនុស្ស និងធនធានដទៃទៀត។ ជាពិសេសសូមប្រជាពលរដ្ឋ កុំជឿតាមការញុះញង់ លាបពណ៌ បំបែកបំបាក់ នាំឲ្យមានការប្រកាន់ពូជសាសន៍ ជាហេតុបណ្តាលឲ្យមានការបែកបាក់សាមគ្គី។

ជាចុងក្រោយ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានបរិច្ចាគថវិកា ដើម្បីឧបត្ថម្ភដល់ការសាងសង់សមិទ្ធផលនានាក្នុងទីអារាមនេះ និងកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីពេលនេះតទៅ៕