(ភ្នំពេញ)៖ ​បុរីកាំកូស៊ីតធី នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ បានចេញ​បកស្រាយជុំវិញ ការសាងសង់ទួលកាត់ទទឹងផ្លូវ នៅតាមបណ្ដោយផ្លូវច្រកចូលកាំកូស៊ីធី ដែលត្រូវបានអាជ្ញាធរខណ្ឌឬស្សីកែវ ​ចុះវាយកម្ទេចនៅល្ងាចម្សិលមិញនេះ ក្រោមហេតុផលថា ការសាងសង់ទួលនេះ តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកធ្វើដំណើរជារឿយៗ។

ប៉ុន្ដែជាយ៉ាងណា ក្រុមហ៊ុនបុរីកាំកូស៊ីតធី សុំបកស្រាយពីហេតុផលដែលខ្លួនសាងសង់​ថា ផ្លូវនេះគឺជាផ្លូវត្រង់ ហើយមានរថយន្ត និងម៉ូតូជាច្រើន បានបើកក្នុងល្បឿនលឿន ព្រមទាំងបង្កឲ្យមាននូវសម្លេងរំខាន​ មួយទៀតដើម្បីសុវត្ថិភាពរបស់ប្រជាជនស្នាក់នៅក្នុងទីក្រុងកាំកូស៊ីធី ព្រោះក្នុងបុរីនេះ​មានប្រជាជនរស់នៅប្រហែលជាង​១,៥០០នាក់។​

បន្ទាប់ពីតម្លើងទួលនេះ ក្រុមហ៊ុនក៏បាន​ដាក់នូវ សញ្ញាបន្ថយល្បឿននៅ​ជុំវិញផ្លូវផងដែរ ប៉ុន្តែអ្នកបើកបរជាច្រើនមិនបានអើពើពីសញ្ញាទាំងនេះនោះទេ ហើយនៅតែបើក្នុងល្បឿនលឿនដដែល ដូច្នេះជាហេតុដែលនាំឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

បើតាមតំណាងក្រុមហ៊ុនបុរីកាំកូស៊ីតធី ​មុនពេលតម្លើងទួលនេះ ក្រុមហ៊ុនបានធ្វើការសិក្សានៅតាមបុរីជាច្រើន ដែលបានតម្លើងទួលបន្ថយល្បឿនដែរ ដែលបុរីទាំងនោះបានតម្លើងក្នុងគោលបំណងធានា សុវត្ថិភាពដល់ការបើកបរ។ មួយវិញទៀត ក្រុមហ៊ុនធ្លាប់​បានចូលរួម​ប្រជុំជាមួយអភិបាលរងរាជធានីភ្នំពេញ ​កាលនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ហើយបានធ្វើការពន្យ​ល់អភិបាលរងភ្នំពេញ យ៉ាងលម្អិតអំពីមូលហេតុក្នុងការតម្លើងទួលបន្ថយល្បឿននេះ។

សូមជម្រាបថា ​កាលពីម្សិលមិញ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី បានបញ្ជាកម្លាំងសមត្ថកិច្ចអាជ្ញាធរ ចុះវាយកម្ទេចទួលកាត់ទទឹងផ្លូវភ្លោះ នៅខាងជើងបុរីកាំកូស៊ីធី ស្ថិតក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ដែលតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកធ្វើដំណើរជារឿយៗ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨​ លោក ប្រាជ្ញា សីហា អភិបាលរងខណ្ឌឬស្សីកែវ បានដឹកនាំចម្រុះ​មានទាំងនគរបាល អាវុធហត្ថ និងកម្លាំងប្រជាការពារ ចុះវាយកម្ទេចទួលដែលតែងតែបង្កគ្រោះថ្នាក់នេះតែម្ដង ប៉ុន្ដែក្នុងប្រតិបត្ដិការនោះ ក៏មានការរារាំងពីខាងក្រុមហ៊ុនផងដែរ តែការរារាំងមិនទទួលបានជោគជ័យនោះទេ៕